Connect with us

ព័ត៌មានជាតិ

កម្មវិធី «សប្តាហ៍កម្ពុជា ២០២៦» វិលត្រឡប់មកវិញក្រោយអវត្តមាន ៨ឆ្នាំ បានបង្ហាញវប្បធម៌ខ្មែរយ៉ាងភ្លឺចែងចាំងលើឆាកអន្តរជាតិក្នុងប្រទេសជប៉ុន

បានផុស

នៅ

វប្បធម៌ខ្មែរបានក្លាយជាចំណុចសំខាន់នៅសាកលវិទ្យាល័យ Ritsumeikan Asia Pacific University (APU) ខណៈដែលកម្មវិធី «សប្តាហ៍កម្ពុជា ២០២៦» (Cambodian Week 2026) បានរៀបចំឡើងយ៉ាងអស្ចារ្យ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈការសម្តែងសិល្បៈប្រពៃណី ម្ហូបអាហារខ្មែរ ល្បែងប្រជាប្រិយ និងកម្មវិធី Grand Show ព្រឹត្តិការណ៍នេះបានធ្វើឱ្យអ្នកចូលរួម បានស្វែងយល់ និងទទួលស្គាល់ពីសម្រស់នៃវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីឆ្នាំនេះមានអត្ថន័យយ៉ាងខ្លាំង បន្ទាប់ពីអវត្តមានអស់រយៈពេល ៨ ឆ្នាំ។ អ្វីដែលគួរឱ្យកោតសរសើរ សហគមន៍និស្សិតខ្មែរ មានចំនួនត្រឹម ២០នាក់ប៉ុណ្ណោះ បានប្តេជ្ញាចិត្ត និងដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការប្រមូលផ្តុំសមាជិកគណៈកម្មការ និងអ្នកស្ម័គ្រចិត្តជាង ១២០ នាក់ មកពីជាង ១៣ ប្រទេស ដើម្បីរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យក្លាយជាការពិត។ ក្រុមការងារបានត្រៀមអស់រយៈពេលជាងមួយឆ្នាំកន្លះ ដោយការយកចិត្តទុកដាក់គ្រប់ផ្នែកទាំងអស់ ដើម្បីធានាថាវប្បធម៌ខ្មែរត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវ និងស្រស់ស្អាតបំផុត។

កម្មវិធីបានចាប់ផ្តើមជាផ្លូវការនៅ រសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ជាមួយនឹងក្បួនដង្ហែវប្បធម៌ដ៏រស់រវើក។ ការសម្តែងរបាំត្រុដិ និងរបាំគោះត្រឡោក ព្រមទាំងរបាំកម្សាន្តផ្សេងៗទៀត បានធ្វើឱ្យបរិវេណសាកលវិទ្យាល័យពោរពេញដោយភាពរីករាយ។

នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ អ្នកចូលរួមមានឱកាសស្វែងយល់ពីរសជាតិម្ហូបខ្មែរ នៃសម្លការីនំបញ្ចុក ដែលម្ហូបនេះមានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំង។ ព្រមទាំងមានការលែងល្បែងប្រជាប្រិយខ្មែរដូចជា ទាញព្រ័ត្រ កូនកំលោះកូនក្រមុំ ចាប់ស្លឹកឈើ និងលាក់កន្សែង ដែលបានទាក់ទាញអ្នកចូលរួមជាច្រើនផងដែរ។ សកម្មភាពទាំងនេះបានបង្កើតបរិយាកាសនៃភាពសប្បាយរីករាយ មិត្តភាព និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ខ្មែរ។

ចំណុចសំខាន់នៃកម្មវិធី «សប្តាហ៍កម្ពុជា ២០២៦» គឺកម្មវិធី Grand Show ដែលបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា។ កម្មវិធីនេះត្រូវបានរៀបចំនៅក្នុងសាល ដែលមានចំណុះ ២០០កៅអី និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលមកទស្សនាដោយផ្ទាល់។

ការសម្តែងដ៏លេចធ្លោនៃរឿងព្រេង «ព្រះថោងនាងនាគ» ដែលជានិមិត្តរូបនៃប្រភពកំណើតជាតិខ្មែរ បាននាំអារម្មណ៍ទស្សនិកជនធ្វើដំណើរឆ្លងកាត់រឿងរ៉ាវដ៏សំខាន់មួយនៃប្រវត្តិសាស្ត្រខ្មែរ។ ក្រៅពីនេះ កម្មវិធីក៏មានការសម្តែងរបាំជូនពរ របាំនេសាទ ការបង្ហាញសម្លៀកបំពាក់តំណាងឱ្យយុគសម័យសំខាន់ៗចំនួន ៧ នៃប្រវត្តិសាស្ត្រកម្ពុជា ដែលបានបង្ហាញពីជីវភាពរស់នៅ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនខ្មែរ។

លោកស្រី សួន អេរីសា និស្សិតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Ritsumeikan Asia Pacific University (APU) ប្រធានគណៈកម្មការរៀបចំកម្មវិធីនេះ មានប្រសាសន៍ថា៖ «ការនាំយកកម្មវិធី «សប្តាហ៍កម្ពុជា ២០២៦» ត្រឡប់មកវិញក្រោយអវត្តមាន ៨ ឆ្នាំ មិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែយើងជឿជាក់ថា កម្ពុជាសមនឹងទទួលបានឱកាសក្នុងការបង្ហាញអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួននៅលើឆាកអន្តរជាតិម្តងទៀត។»

ភាពជោគជ័យនេះ មិនត្រឹមតែជាជោគជ័យរបស់និស្សិតខ្មែរនៅ APU ប៉ុណ្ណោះទេ ប៉ុន្តែជាជោគជ័យរួមរបស់និស្សិតអន្តរជាតិជាង ១២០នាក់ ដែលបានរួមគ្នាបង្កើតស្ពាននៃការយល់ដឹង និងមិត្តភាពតាមរយៈវប្បធម៌។

ក្រោយការបាត់វត្តមានរយៈពេល ៨ឆ្នាំ កម្មវិធី «សប្តាហ៍កម្ពុជា ២០២៦» បានវិលត្រឡប់មកវិញយ៉ាងអស្ចារ្យ ដែលបង្ហាញឱ្យពិភពលោកឃើញថា ទោះបីជាសហគមន៍ខ្មែរមានទំហំតូចក៏ដោយ ក៏អាចបង្កើតសមិទ្ធផលដ៏ធំធេង និងបន្សល់ទុកនូវមោទនភាពជាតិដ៏អស្ចារ្យបានដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម