ព័ត៌មានជាតិ
អគ្គមេបញ្ជាការកម្ពុជា ប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីន ជុំវិញសកម្មភាពក្រុម AOT ថៃ ឆ្លងចូលដែនអធិបតេយ្យកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតប្តឹងទៅកាន់ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គសេនាធិការកងទ័ពហ្វីលីពីន ដើម្បីសម្តែងការតវ៉ា និងបង្ហាញក្តីបារម្ភជុំវិញសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ប្រាសាទខ្នារ ស្ថិតនៅសង្កាត់កូនគ្រៀល ក្រុងសំរោង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមលិខិតដែលអ្នកសារព័ត៌មានបានឃើញ, ឯកឧត្តម វង្ស ពិសេន បានលើកឡើងថា៖ «ខ្ញុំបាទមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពមួយដែលបានកើតឡើងនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារស្ថិតនៅភូមិខ្នារឃុំក្រសាំងស្រុកចុងកាល់ខេត្តឧត្តរមានជ័យព្រះរាជាណាចក្រកម្ពុជាដោយគ្មានការជូនដំណឹងជាមុន ឬការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។
ក្នុងលិខិតនោះ ឯកឧត្តម វង្ស ពិសេន បានលើកឡើងថា ក្រោយពីបានចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយគ្មានការអនុញ្ញាត ពួកគេបានបន្តធ្វើសកម្មភាពដាំកូនឈើ។ ផ្ទុយទៅវិញ ភាគីកម្ពុជាតែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។ កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា តំបន់ពាក់ព័ន្ធខាងលើស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដូចមានបង្ហាញក្នុងផែនទី ភ្ជាប់ជា ឧបសម្ព័ន្ធ “ខ”។ទោះបីជាកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីទីតាំងនៃតំបន់នោះក៏ដោយ ក្រុម AOT ប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតែចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយមិនបានជូនដំណឹង ឬស្នើសុំការយល់ព្រមពីភាគីកម្ពុជាទាល់តែសោះ។

«កងយោធពលខេមរភូមិន្ទចាត់ទុកថាសកម្មភាពទាំងនេះមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។ រាល់សកម្មភាពដែលធ្វើឡើងលើសពីដែនសមត្ថកិច្ចដែលបានឯកភាពគ្នា ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប អាចបង្កហានិភ័យដល់ការបំផ្លាញទំនុកចិត្តដែលភាគីទាំងពីរបានខិតខំកសាងយ៉ាងលំបាក និងអាចប៉ះពាល់ជាអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព និងចីរភាពចំពោះបញ្ហាពាក់ព័ន្ធនឹងព្រំដែន»។ នេះខ្លឹមសារលិខិតរបស់ឯកឧត្តម វង្ស ពិសេន ជម្រាបជូនឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីន។
ឯកឧត្តម វង្ស ពិសេន បានមានប្រសាសន៍ថា ក្នុងគោលបំណងរក្សាទំនុកចិត្ត និងសុចរិតភាពនៃយន្តការ AOT ខ្ញុំបាទសូមគោរពស្នើសុំការគាំទ្រពី ឯកឧត្តម ក្នុងការពិនិត្យឡើងវិញចំពោះសកម្មភាពខាងលើ និងធានាថានាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាង ម៉ឺងម៉ាត់តាមលក្ខខណ្ឌយោងដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាពដែលរំពឹងទុកក្នុងបេសកកម្មនេះ។ ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌទាំងនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាទំនុកចិត្តគ្នាទៅវិញទៅមក និងធានាថាក្រុមAOT នឹងបន្តបំពេញតួនាទីតាមគោលបំណងរបស់ខ្លួន ក្នុងនាមជាយន្តការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត។
ឯកឧត្តម វង្ស ពិសេន គូសបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទនៅតែប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា និងថៃ»។

ជាមួយគ្នា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវសេចក្តីគោរពរាប់អាន និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាអ្នកដឹកនាំដ៏មានតម្លៃ និងការប្តេជ្ញាចិត្តរបស់កងទ័ពហ្វីលីពីន ក្នុងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមយន្តការកសាងទំនុកចិត្តទ្វេភាគី ដែលបានឯកភាពគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយសង្កត់ធ្ងន់ថា «កងយោធពលខេមរភូមិន្ទតែងតែគាំទ្រយ៉ាងពេញលេញចំពោះការអនុវត្តលក្ខខណ្ឌយោង (Terms of Reference – TOR) សម្រាប់កំណត់រាល់សកម្មភាពនិងការប្រព្រឹត្តទៅនៃក្រុម AOT និងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកប្រកបទៅដោយតម្លាភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ»៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


