ព័ត៌មានជាតិ
តបទៅអនុទីន! សម្ដេច ហ៊ុន សែន ថា«បើថៃមិនឈ្លានពានកម្ពុជាទេ»ថៃត្រូវហ៊ានវាស់វែង បោះបង្គោលព្រំដែនស្របតាមច្បាប់អន្តរជាតិ
ប្រសិនបើថៃពិតជាមិនបានឈ្លានពានកម្ពុជាមែន ថៃត្រូវហ៊ានចូលមកវាស់វែង និងបោះបង្គោលព្រំដែនឡើងវិញ ដោយផ្អែកតាមច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ នេះគឺសាររបស់ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ថ្លែងចេញពីខេត្តសៀមរាបផ្ញើរទៅកាន់ក្រុងបាងកក។ សាររបស់ថ្នាក់ដឹកនាំកម្ពុជាថ្លែងនាព្រឹកថ្ងៃទី១០ខែមិថុនា នេះ ធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ អនុទីន និយាយម្ដងហើយម្ដងទៀតថា ថៃមិនបានឈ្លានពានកម្ពុជាទេ និងកាលពីរសៀលថ្ងៃទី៩ ខែមិថុនា បានព្រមានថា បើចង់ប្រើកម្លាំងលើថៃ ត្រូវគិតឱ្យច្បាស់។

ប្រមុខរដ្ឋស្ដីទី សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះ៖« នាយករដ្ឋមន្ត្រីថៃ[អនុទីន] បាននិយាយថា ថៃអត់ដែលឈ្លានពានទេ ឥឡូវឈ្លានពានឬក៏អត់ឈ្លានពាន អនុវត្តន៍ចំណុចទី៣ទាក់ទិនទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលថា ដើរទៅវាស់វែងព្រំដែនទៅ។ អាហ្នឹងចំណុចទី៣ [ក្នុងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើទី៣ នៃគណៈកម្មការព្រំដែនទូទៅ(GBC)កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥] គឺបានចែងច្បាស់ណាស់។»។

គួររម្លឹកថា រដ្ឋមន្ត្រីការពារជាតិកម្ពុជា -ថៃ ឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ ហើយឯកភាពប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន(JBC)បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង តាមបណ្ដោយព្រំដែន និងបានឯកភាពធានាសុវត្ថិភាព សន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះ នៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ជូលទាំងសុវត្ថិភាពពីការជាន់មីន និងឯកភាពផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង នឹងខណ្ឌសីមានៅតំបន់រងផលប៉ះពាល់ដែលជនស៊ីវិលរស់នៅ។

គួរកត់សម្គាល់ថា ចាប់តាំងពីចុះហត្ថលេខានាចុងឆ្នាំ២០២៥ មកដល់ខែមិថុនា នេះ ភាគីថៃ មិនបានចូលប្រជុំ និងអនុញ្ញាតឱ្យមានការវាស់វែង និងបោះបង្គោលព្រំដែនពីសំណាក់គណៈកម្មការចម្រុះព្រំដែនឡើយ ផ្ទុយទៅវិញកងទ័ពថៃបានបន្តបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (Faits accomplis)ឥតឈប់ឈរ។ ថៃមិនបញ្ជូនគណៈកម្មការចម្រុះព្រំដែន(JBC) មកប្រជុំ និងវាស់វែង បោះបង្គោលព្រំដែន ក្រោមហេតុផលដូចជា រដ្ឋាភិបាលចាំផ្ទះមិនមានសិទ្ធិចាត់ចែងការងារ។ បន្ទាប់ពីបង្កើតរដ្ឋាភិបាលថ្មីជោគជ័យ ថៃយកលេស មិនទាន់តែងតាំងប្រធានគណៈកម្មការចម្រុះព្រំដែន(JBC)ថ្មីរបស់ថៃ និងថ្មីៗនេះ ថៃបានយកលេសថា ការណ៍ដែលកម្ពុជាបញ្ជូន វិវាទដែនសមុទ្រត្រួតស៊ីគ្នា ទៅកាន់យន្តការអន្តរជាតិ ទើបមិនបញ្ជូនអ្នកជំនាញមកប្រជុំ និងមិនវាស់វែង បោះបង្គោលព្រំដែន។
ត្រង់ហេតុផលមិនចេះចប់ មិនព្រមវាស់វែង និងបោះបង្គោលព្រំដែន សម្ដេច ហ៊ុន សែន បានលើកឡើងថា ថៃមិនគួរយកបញ្ហាព្រំដែនគោក និងវិវាទដែនសមុទ្រច្របល់ចូលគ្នា ធ្វើឱ្យរាំងស្ទះដល់ការងារវាស់វែងបោះបង្គោលព្រំដែនឡើយ ព្រោះបញ្ហាទាំងពីរនេះគឺជារឿងដាច់ស្រឡះពីគ្នា។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ជឿជាក់ថា មានតែចិនទេដែលដឹងថា ថៃឈ្លានពានកម្ពុជា ព្រោះការណ៍ពិតជាក់ស្ដែងលើដីនាពេលនេះ គឺថៃរាយបន្លាលួស ដាក់ទូរកុងតឺន័រលើចូលជ្រៅពីទីតាំងធ្លាប់ឈរជើងមកដល់ផ្លូវលេខ៥៨ដែលចិនជួយសាងសង់ឱ្យកម្ពុជា។ សម្ដេច ហ៊ុន សែន បន្ថែមថា ចិនមិនខ្វាក់ភ្នែកទេ ព្រោះកន្លងទៅចិនបានជួយសាងសង់ផ្លូវលេខ៥៨ឱ្យកម្ពុជាលើដីកម្ពុជា ចិនមិនអាចធ្វើផ្លូវឱ្យកម្ពុជាចូលដីថៃបានឡើយ។
សម្ដេច ហ៊ុន សែន ក៏បានថ្លែងថាសហគមន៍អន្តរជាតិដឹងយ៉ាងច្បាស់ថា កម្ពុជាមិនបានឈ្លានពានថៃឡើយ សហគមន៍អន្តរជាតិមិនជឿថា កម្ពុជាប្រទេសតូច កម្លាំងយោធាតូច ទៅហ៊ានវាយប្រទេសថៃដែលធំទេ។ ម្យ៉ាងវិញទៀត កងទ័ពជើងគោកថៃក៏ធ្លាប់បានប្រកាសច្បាស់ណាស់ថា ដោយសារតែកម្ពុជាទៅនៅលើដីថៃ៣០-៤០ឆ្នាំហើយ ដូច្នេះបានជាថៃត្រូវប្រើប្រាស់កម្លាំងដើម្បីយកត្រឡប់ទៅវិញ ត្រង់ចំណុចនេះហើយបានបញ្ហាថា ថៃគឺជាអ្នកឈ្លានពានកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


