ព័ត៌មានជាតិ
លោក អាន សុខខឿន ៖ មុនវាយតម្លៃត្រូវផ្ទៀងផ្ទាត់ និងផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិត
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានការខកចិត្តយ៉ាងខ្លាំង ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងស្ថានភាពសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។
តំណាងកម្ពុជានៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានបញ្ជាក់ថា ការវាយតម្លៃលើប្រទេសមួយ អាចជឿជាក់បាន លុះត្រាតែផ្អែកលើបរិបទច្បាប់ និងហេតុការណ៍ពិត នៅនឹងកន្លែង ជាមួយនឹងប្រភពព័ត៌មាន ដែលមានការផ្ទៀងផ្ទាត់ និងទស្សនៈវិស័យរួម។ វិធីសាស្ត្រនេះមានលក្ខណៈស្របទៅនឹងក្រមសីលធម៌សម្រាប់ អ្នកទទួលអាណត្តិនីតិវិធីពិសេស (ជាពិសេស មាត្រា ៣, ៤, ៥ និង៦) និងសៀវភៅណែនាំប្រតិបត្តិការ នីតិវិធីពិសេស ជាពិសេស កថាខណ្ឌ២៤ និង៥០) ដែលរៀបរាប់លម្អិត អំពីគោលការណ៍ទូទៅ នៃការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងមិនលំអៀង សារៈសំខាន់នៃការប្រមូលព័ត៌មាន ដោយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងការគោរពឲ្យបានពេញលេញនូវច្បាប់និងបទប្បញ្ញត្តិរបស់ប្រទេស។

ជាការគួរឲ្យសោកស្តាយយ៉ាងខ្លាំង ដែលលោកស្រី សាស្ត្រាចារ្យ Lawlor ពុំបានគោរពឲ្យបានម៉ត់ចត់ នៅក្នុងផ្នែកជាច្រើននៃនីតិវិធី ដែលបានរៀបរាប់ខាងលើ ដែលជាហេតុធ្វើឲ្យយើងត្រូវចោទសួរលើភាពគួរឲ្យទុកចិត្តបាន ចំពោះទស្សនៈរបស់លោកស្រីមកលើកម្ពុជា ហើយដែលស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមលើកយកចំណុចមួយចំនួនខ្លះប៉ុណ្ណោះ មកបង្ហាញ៖
ទី១. លោកស្រីមិនបានផ្ទៀងផ្ទាត់ព័ត៌មាន ដែលទទួលបានជាមួយប្រភពរដ្ឋាភិបាលទេ។ បើពិនិត្យមើលឲ្យកាន់តែច្បាស់ សេចក្តីថ្លែងការណ៍របស់លោកស្រីមានភាពលំអៀង ជ្រើសរើស តែមួយជ្រុង និងធ្វើឲ្យមានការខូចខាត។ ស្ថានបេសកកម្មកម្ពុជា បានបំភ្លឺនូវហេតុការណ៍ពិតនៃ សភាពការណ៍អស់ទាំងនោះ ជូនដល់នីតិវិធីពិសេសជាច្រើនលើកច្រើនសារ និងបានឆ្លើយតបយ៉ាងលម្អិតទៅនឹងការសាកសួរ ជាលាយលក្ខណ៍អក្សរ ផងដែរ។ ក៏ប៉ុន្តែ ព័ត៌មានផ្លូវការបែប នេះ ត្រូវបានបដិសេធ និងមិនបានឆ្លុះបញ្ចាំង នៅក្នុងការវាយតម្លៃរបស់លោកស្រីនោះទេ។
ទី២. លោកស្រី សាស្ត្រាចារ្យ Lawlor ពុំដែលបាននិយាយទាល់តែសោះថា ការអនុវត្តសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំ ដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណី កិច្ច ការទទួលខុសត្រូវ និងការរឹតត្បិតពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុង មាត្រា២៩ (២) នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា១៩ (៣) មាត្រា២១ និង មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ។ វាជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា រួមទាំងអ្នកដែលគេហៅថា “អ្នកការពារសិទ្ធិមនុស្ស ” ផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ នៅក្នុងព្រំដែននៃច្បាប់។
ទីបំផុត មើលទៅហាក់ដូចជា លោកស្រី សាស្ត្រាចារ្យ ពុំត្រូវបានគេផ្តល់ព័ត៌មានឲ្យបានពេញ លេញអំពីការអនុវត្តសិទ្ធ និងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលត្រូវឲ្យស្របទៅតាមច្បាប់ ដូចមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ការប្រមូលផ្ដុំ ដោយសន្តិវិធី ដែលសហការជាមួយអាជ្ញាធរ និងប្រកាន់ខ្ជាប់ នូវវិធានការសន្តិសុខនិងសុវត្ថិភាព គឺជាការអនុវត្ត សេរីភាព ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំ ក្នុង គោលបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការ គឺជាបទល្មើស ដែលមានចែងក្នុងមាត្រា៥២២ នៃ ក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានរំលឹកថា ការចូលរួមជាមួយគណបក្ស នយោបាយ ឬ អង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឲ្យបុគ្គលម្នាក់ បំពានច្បាប់ ដោយនិទ្ទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើ ប្រាស់សកម្មភាពខុសច្បាប់នោះ ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយនោះទេ។ លោក អាន សុខខឿន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្ត បន្តធានាការអនុវត្តសិទ្ធិ និងសេរីភាពទាំងអស់ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍របស់ពលរដ្ឋទាំងអស់ ដែលគោរពច្បាប់ មិនមែនសម្រាប់តែក្រុមជាក់លាក់ណាមួយនោះឡើយ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ លោក សួស យ៉ារ៉ា បានជាសះស្បើយពីកូវីដ ១៩ ចាកចេញពីមន្ទីរពេទ្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


