Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ តំណក់ប្រេងដំបូង ត្រូវយកទៅតម្កល់នៅវិមាននយោបាយឈ្នះ-ឈ្នះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្ត

បានផុស

នៅ

នៅព្រឹកថ្ងៃពុធ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានយកដំណក់ប្រេងលើកដំបូងទៅរក្សាទុកនៅនៅវិមាននយោបាយឈ្នះ-ឈ្នះ ដែលពិធីប្រគល់ និងទទួល ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធយ៉ាងច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីនោះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ “តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្រ្ត ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ”។

បើតាមលោក ស៊ុយ សែម តំណក់ប្រេងដំបូងរបស់កម្ពុជាក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែងដោយមេរោគរាតត្បាតជំងឺកូវីដ-១៩នេះ គឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាល និងវិនិយោគិនដ៏គួរឱ្យស្ញប់ស្ញែង។

លោក ស៊ុយ សែម បញ្ជាក់ដែរថា តំណក់ប្រេងដំបូងនេះ គឺជានិមិត្តរូបនៃធនធានប្រេងកាតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរ ហើយត្រូវបានប្រគល់ជូនសម្ដេចពិជ័យសេនាទាបាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយឈ្នះឈ្នះ ដើម្បីតំកល់ទុកជាប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា កម្ពុជាទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ ហើយការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ គឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា។

ដំណឹងពិសេស នៃការទទួលបានជោគជ័យរបស់កម្ពុជានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសភ្លាមៗតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម