Connect with us

ព័ត៌មានជាតិ

ចាប់​ពី​ពេលនេះពលរដ្ឋ​ដែលត្រូវ​ធ្វើ ឬ​​បន្ត​​អត្តសញ្ញាណបណ្ណ​​មិន​ចាំ​បាច់​ត្រលប់​ទី​លំនៅឋាន​ដើម​ឡើយ

បានផុស

នៅ

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ​២០២៦​នេះ ពលរដ្ឋ​ទូទៅ និង​ចំណាក​ស្រុក​ទាំង​អស់​អាច​ទៅ​ធ្វើ ឬ​បន្ត​​អត្តសញ្ញាណបណ្ណ​បាន​នៅ​គ្រប់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រាជធានី ទាំង​អស់​ដោយ​មិន​ចាំ​បាច់​ត្រលប់​ទៅ​ធ្វើ​នៅ​ទីកន្លែង​កំណើត​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីជូនដំណឹង​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ «ប្រជាពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទាំង​ពីរ​ភេទ អាច​ទៅ​ស្នើ​សុំ​ធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ញាតិ​ខ្មែរ ឬ​បន្ត​សុពល​ភាព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ នៅ​តាម​បណ្ដា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ខេត្ត​ណាមួយ​ក៏​បាន​ដោយ​ពុំ​ចាំ​បាច់​ត្រឡប់​ទៅ​លំនៅឋាន​ដើម​ឡើយ​។ ឧទាហរណ៍​ ប្រជាពលរដ្ឋ​មាន​លំនៅឋាន​អចិន្ត្រៃយ៍​នៅ​ខេត្ត​រតនគិរី ហើយ​បាន​ទៅ​ប្រកប​ការងារ​នៅ​ខេត្ត​ព្រៃ​វែង អាច​ស្នើ​សុំ​ផ្ដល់​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែងបាន»។

​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​អត្តសញ្ញាណបណ្ណ​​ត្រូវ​ភ្ជាប់​មក​ជាមួយ​ សេចក្ដី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត, ឯកសារ​សម្គាល់​ការ​ស្នាក់នៅ (សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​បញ្ជាក់​ទី​លំនៅ)។ សម្រាប់​អ្នក​បន្ត​អត្តសញ្ញាណបណ្ណ​សូម​ភ្ជាប់​មក​ជាមួយ​ អត្តសញ្ញាណបណ្ណ​សញ្ញាតិ​ខ្មែរ​ដែល​អស់​សុពលភាព ឬ​សុពលភាព​នៅ​តិច​ជាង​១៨០​ថ្ងៃ ហើយ​បើ​ក្នុង​ករណី​ផ្លាស់ប្ដូរ​អាសយដ្ឋានថ្មី​ (អចិន្ត្រៃយ៍) សូមភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​សម្គាល់​ការ​ស្នាក់​នៅ​ (សៀវភៅ​ស្នាក់នៅ​ សៀវភៅ​គ្រួសារ ឬ​លិខិត​បញ្ជាក់​ទី​លំនៅ​ នៃ​លំនៅ​ឋាន​ថ្មី)។


សម្រាប់​ការ​ស្នើ​សុំ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ ដែលបាត់បង់ ឬ​ខូច ត្រូវ​ភ្ជាប់​មក​ជាមួយ​បណ្ដឹង​អំពី​ការ​បាត់បង់ ឬ​អត្តសញ្ញាណបណ្ណ​ដែល​ខូច​នោះ​មក​ជាមួយ​។

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ការ​រៀបចំ​ថ្មី​នេះ​គឺ​ជា​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​ឱ្យ​កាន់​តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម