ព័ត៌មានជាតិ
ព្រះមហាក្សត្រ អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាល នៃជំងឺរាតត្បាត កូវីដ-១៩ ដ៏កាចសាហាវ នឹងត្រូវផុតរលត់ពីផែនដីនៅពេលណានោះទេ ជាមួយគ្នានោះព្រះអង្គបានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់។
ការបញ្ជាក់របស់ព្រះមហាក្សត្រ បានធ្វើឡើងនៅក្នុងព្រះរាជសារមួយច្បាប់ ក្នុងឱកាសការបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ។

បើតាមព្រះរាជសារ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា៖ “ជាបន្តទៅមុខទៀត យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវ នឹងត្រូវផុតរលត់ពីផែនដីនៅពេលណានោះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឱ្យបង ប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នា ដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលបាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា”។
ព្រះរាជសាររបស់ព្រះអង្គបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័នរដ្ឋសភា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន បានដឹកនាំពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ ជាឧត្តមប្រយោជន៍ជាតិ។ ជាមួយគ្នានោះ អង្គសភាបានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងឡាយបានហ្មត់ចត់ និងទាន់ពេលវេលា ជាពិសេសសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ ដើម្បីបានប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងក្នុងសហគមន៍។
ព្រះរាជសារ បានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរមូលនិធិ និងជំនួយវាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ។
ព្រះអង្គបានអរគុណចំពោះសហគមន៍អន្តរជាតិ ដែលមានអង្គការសុខភាពពិភពលោក បានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្តល់ជំនួយវាក់សាំងកូវីដ-១៩ ក្នុងដំណាក់ កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយវាក់សាំងកន្លងមក និងបន្តផ្តល់ថែមទៀត ដល់កម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ រដ្ឋសភាបានបើកសម័យប្រជុំ ពេញអង្គលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា ចំនួន៨២រូប រួមទាំងតំណាងរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធជាច្រើនផងដែរ។
របៀបវារៈ នៃកិច្ចប្រជុំពេញអង្គនេះ មានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ បេក្ខជនប្រធានគ.ជ.បថ្មី លោកប្រាជ្ញ ចន្ទ ការបោះឆ្នោតជ្រើសតាំងសមាជិកសភា២រូប រួមទាំងការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួនផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


