ព័ត៌មានជាតិ
ក្រសួងសាធារណការចុះណែនាំដល់ម្ចាស់ដេប៉ូខ្សាច់រាជធានីភ្នំពេញ និងក្រុងតាខ្មៅឱ្យបញ្ឈប់ការដឹកលើសទម្ងន់ជាបន្តទៀត
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះអប់រំណែនាំ ច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដល់ម្ចាស់ដេប៉ូខ្សាច់នៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និជញ្ជូន បានបញ្ជាក់ថា ការចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងនោះ មានទិសដៅឲ្យម្ចាស់ដេប៉ូខ្សាច់ចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យខូចខាតផ្លូវថ្នល់ជាតិកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភណ័ភាពទីក្រុង ជាពិសេសដើម្បីអប់រំពីចំណេះដឹងជុំវិញច្បាប់ចរាចរណ៍ និងផ្តោតលើការផាកពិន័យ និងការឃាត់ទុកយានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា៦០។

លោក ក៏បានណែនាំ និងជំរុញឲ្យម្ចាស់ដេប៉ូទាំងឡាយ ជួយផ្សព្វផ្សាយបន្តដល់ម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ឲ្យយល់ច្បាស់ និងគោរពតាមច្បាប់ដែលបានចែងមករួច ជៀសវាងការយល់ច្រលុំ និងទាមទារសុំឲ្យដឹកលើសទម្ងន់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានបាតុភាពនៃការប្រមូលផ្តុំក្រុមយានយន្តដឹកជញ្ជូនមួយក្រុម ដោយបានស្នើសុំលក្ខខណ្ឌ ៣ចំណុចដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមមាន ស្នើសុំបន្ថែមទម្ងន់ផ្ទុកពី ៩ ដល់ ១៥តោនតាមប្រភេទយានយន្តនីមួយៗ ស្នើសុំកុំឱ្យមានឃាត់យានយន្តដឹកជញ្ជូនចំនួន១ឆ្នាំ ដោយត្រឹមតែពិន័យជាថវិកា និងស្នើសុំដោះលែងយានយន្តដឹកជញ្ជូនដែលកំពុងឃាត់ទុក។
យោងតាមប្រសាសន៍របស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួងមិនអាចធ្វើតាមសំណូមពរ និងការស្នើសុំខាងលើបានឡើយ ដោយហេតុថា សំណើសុំទាំង៣ចំណុចខាងលើ គឺផ្ទុយពីបទបញ្ញត្តិដូចមានចែងក្នុងមាត្រា២៦ និងមាត្រា៦០នៃច្បាប់ផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ហើយក្រសួងមិនមានសិទ្ធិក្នុងការកែប្រែច្បាប់នោះទេ ទាល់តែមានការធ្វើវិសោធនកម្មច្បាប់ជាថ្មី។
ក្រសួងនៅតែបន្តអនុវត្តតាមច្បាប់ដដែល ហើយក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ។

ក្រសួងក៏សូមអំពាវនាវចំពោះក្រុមហ៊ុននិងឯកជនដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនតាមរថយន្តធុនធ្ងន់ទាំងអស់ចូលរួមគោរពតាមនូវអនុសាសន៍ដ៌មានអត្តន័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារ តាមវិជ្ជាជីវៈ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺថាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន អរគុណសន្តិភាព” និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាប់គង់វង្សតាមអាយុកាលកំណត់ ៕
ដោយ ៖ សំអឿន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


