ព័ត៌មានជាតិ
កម្ពុជារកឃើញ «ជ្រូកពោន» ដែលជាប្រភេទសត្វកម្រ នៅលើពិភពលោក ស្ថិតក្នុងបញ្ជីក្រហម
ប្រទេសកម្ពុជា បានបន្តរកឃើញវត្តមាន នៃប្រភេទសត្វកម្រៗ នៅលើពិភពលោក ដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី២២ ខែកក្កដាថា កាលពីពេលថ្មីៗនេះ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញជ្រូកពោន ឬជ្រូកព្រុលដែលជាប្រភេទសត្វ ស្ថិតក្នុងក្រុមមានដោយកម្រ ស្ថិតក្នុងបញ្ជីក្រហម IUCN ដែលថា ជាប្រភេទងាយរងគ្រោះ បន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយប្រភេទសត្វកម្រៗផ្សេងទៀតដូចជា៖ សត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។


លោក នេត្រ ភក្ត្រា បានឲ្យដឹងបន្តថា ជ្រូកពោន ឬជ្រូកព្រុល ត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិ របស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលនេះជាមោទកភាពរបស់កម្ពុជា និងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយធនធានជីវៈចម្រុះ។ លោកថា ដោយសារតែកម្ពុជា មានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាន។ បច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថេភាព និងខ្លះមានការកើនឡើង និងខ្លះទៀត នៅតែបន្តថយចុះ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ ចេញពីត្រចៀកកាត់តាមភ្នែក្រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។

ចំណែកលក្ខណៈជីវសាស្ត្រ៖ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ៣ក្បាល។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា មិនមានការសិក្សាឲ្យបានលម្អិត អំពីចំនួនសត្វជ្រូកពោន នៅលើពិភពលោក និងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោន ក៏មានផងដែរនៅប្រទេសចិន កម្ពុជា ភូមា វៀតណាម និងកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី។

លោក នេត្រ ភក្ត្រា បានថ្លែងថា ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួនមានជឿថា ខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹង អាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយងាកមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជា ឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


