ព័ត៌មានជាតិ
តើមានការធ្វើតេស្តកូវីដ-១៩ ចំពោះគ្រូបង្រៀនជាប្រចាំសប្ដាហ៍ ដែរ ឬទេ?
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ បានចាប់ផ្ដើមបើកដំណើរការឡើងវិញ កាលពីថ្ងៃពុធ ទី១៥ ខែកញ្ញា សប្ដាហ៍មុន។ មុននោះមួយថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបង្ហាញថា ក្នុងយុទ្ធនាការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ មុនពេលបើកដំណើរការសាលារៀនឡើងវិញ ចំពោះគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន ១០,៤៤៣ នាក់ ក្នុងនោះគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន ២៤ នាក់ ស្មើនឹង ០.២៣% ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩។

ទាក់ទងនឹងការធ្វើតេស្តសំណាក់រកមេរោគកូវីដ-១៩ចំពោះគ្រូបង្រៀន ក្នុងការបើកគ្រឹះស្ថានសិក្សាឡើងវិញនេះ តើនឹងមានធ្វើតេស្តសំណាកចំពោះគ្រូបង្រៀនជាប្រចាំសប្ដាហ៍ ឬយ៉ាងណា?
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២០ ខែកញ្ញានេះថា ពាក់ព័ន្ធករណីខាងលើនេះ មន្ទីរមិនទាន់ទទួលបានការណែនាំផ្សេងទៀតទេ។
លោក ហែម ស៊ីណារ៉េត មានប្រសាសន៍ថា៖ “ការធ្វើតេស្តប្រចាំសប្ដាហ៍សម្រាប់គ្រូបង្រៀន ពុំទាន់មានការណែនាំនៅឡើយ ហើយពួកគាត់ (គ្រូបង្រៀន) ដែលបានចូលមកសាលានេះ សុទ្ធតែបានយកសំណាករួចរាល់ហើយ និងបានទទួលការចាក់វ៉ាក់សាំងចំនួន៣ដូសរួចមកហើយ”។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញខាងលើ លើកឡើងបន្តថា ការដាក់ឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ សម្រាប់រាជធានីភ្នំពេញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ គឺជាការបើកជាដំណាក់ៗ ដោយមានការគិតគូរ ដោយប្រុងប្រយ័ត្ន ជាពិសេសតាមការណែនាំពីអភិបាលរាជធានីភ្នំពេញ។
លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បញ្ជាក់ថា៖ “ដោយឈរលើមូលដ្ឋានសំខាន់ៗរួមមាន៖ លោកគ្រូអ្នកគ្រូចំនួន៩៨% បានទទួលវ៉ាក់សាំងចំនួន៣ដូសរួចហើយ ចំណែកកុមារ និងយុវជនដែលមានអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានទទួលវ៉ាក់សាំងចំនួន២ដូសរួចហើយ។ ការចូលរៀនត្រូវបានកម្រិតសិស្សមិនលើសពី១៥នាក់ក្នុង១ថ្នាក់ ទន្ទឹមពេលវិធានការផ្សេងៗទៀតត្រូវបានដាក់ឱ្យអនុវត្តតាមគ្រឹះស្ថានសិក្សា”។
ប្រធានមន្ទីរអប់រំដដែលនេះ មានប្រសាសន៍ថា យើងត្រូវតែរៀនរស់នៅជាមួយកូវីដ-១៩ ដូច្នេះគ្រប់ៗគ្នាត្រូវមានកាតព្វកិច្ចចូលរួម អនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល គោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) របស់ក្រសួងអប់រំ លិខិតណែនាំស្តីពីវិធានការការពាររបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសវិធានការ ៣កុំ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “ការបើកគ្រឹះស្ថានសិក្សាជាដំណាក់ៗនេះ ដោយគោរពនូវវិធានការការពាររបស់ក្រសួងសុខាភិបាលជាមូលដ្ឋានសំខាន់ សម្រាប់់ជាគំរូដល់វិស័យដទៃទៀតអនុវត្ត ក្នុងការត្រៀមបើកឡើងវិញ ស្របពេលរាជរដ្ឋាភិបាលមានគម្រោងបន្តការសម្រេចដាក់ឱ្យដំណើរការសេវាផ្សេងៗទៀត ដើម្បីជួយស្ដារកំណើនសេដ្ឋកិច្ចជាតិឡើងវិញ”។
គួររំលឹកថា គ្រឹះស្ថានអប់រំសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ ចំនួន១៤២សាលាបានបើកដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈដែលដាក់ឱ្យដំណើរការនៅថ្ងៃនេះមានចំនួន៦២ លើ៦៨សាលា ចំណែកគ្រឹះស្ថានសិក្សាឯកជន មានចំនួន៨០ លើ១៥៩សាលា។

ចំណែកខេត្តផ្សេងៗទៀតកំពុងរៀបចំបើកដំណើរការជាបន្តបន្ទាប់ទៀតដោយសារត្រូវបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីសាលារៀនទាំងនោះត្រូវយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬធ្វើជាមណ្ឌលចត្តាឡីស័ក។ ក្នុងនោះសាលាបើកមុនគេមានខេត្តព្រះសីហនុ បន្ទាប់មកទៀតរាជធានីភ្នំពេញ កណ្តាល ប៉ៃលិន បន្ទាយមានជ័យ ពោធិសាត់ បើកនៅថ្ងៃទី១៥ ខែកញ្ញា និងខេត្តកំពង់ចាម បើកនៅថ្ងៃទី២០ ខែកញ្ញា និងខេត្តស្វាយរៀងបើកនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


