Connect with us

ព័ត៌មានជាតិ

​កំណត់ថ្ងៃប្រកាស​លទ្ធផល​សិស្ស​ប្រឡង​បាក់ឌុប

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី១៩សម្រាប់រាជធានីខេត្តនិងតាមបណ្តាញសង្គមរបស់ក្រសួង។

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រលប់ថ្ងៃទី២៨ធ្នូ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបាន​បញ្ជាក់ថា មុននឹងដល់ថ្ងៃ​ប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៩ធ្នូនេះគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទទូទាំងប្រទេស បានដឹកសន្លឹកកិច្ចការបេក្ខជន ​ព្រមទាំងសំណុំ​ឯកសារ​ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេរ​រយៈពេល​ពីរថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តទៀតថា នៅ​ពេលរសៀលនឹង​មានការប្រជុំវាយតម្លៃពីលទ្ធផលសំណេរនៅវិទ្យាស្ថានជាតិអប់រំនិងធ្វើការកំណែសន្លឹកកិច្ចការបេក្ខជនចាប់ពីថ្ងៃទី៣០ខែធ្នូ រហូតដល់ថ្ងៃទី០ខែមករាឆ្នាំ២០២២ នៅតាមមណ្ឌលកំណែចំនួន​១០​ នៅក្នុងរាជធានីភ្នំពេញ និងដំណើរការស្រង់​ពិន្ទុចាប់ពីថ្ងៃទី៦ខែមករារហូតដល់ថ្ងៃទី១៦ខែមករា។

ពាក់ព័ន្ធនឹងការប្រកាសលទ្ធផលប្រឡងនេះក្រសួងអប់រំបានណែនាំដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាវជធានី ខេត្ត ត្រូវចាត់តាំងតំណាងឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងនៅនាយកដ្ឋានកិច្ចការប្រឡង (អគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡាជាន់ទី៥) នៅថ្ងៃ ១៨ ខែមករា ឆ្នាំ២០២២ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ នារសៀលថ្ងៃទី១៨ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២សម្រាប់ខេត្តផ្សេងៗ ទៀតនៅទូទាំងប្រទេស។

ក្រសួងអប់រំបានបញ្ជាក់ថា ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើនៅតាមមណ្ឌលសំណេររៀងៗខ្លួន ដោយ មានការចូលរួមពីអាជ្ញាធរដែនដី និងត្រូវមានបាយការណ៍ប្រគល់មកនាយកដ្ឋានកិច្ចការប្រឡង។

លោក រដ្ឋមន្ត្រីក្រសួងអប់រំបានអះអាងថា បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក៏ដោយ ក៏ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះឃើញថាមានភាពល្អប្រសើរជាងមុនៗដែរ ពោលគឺបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណា​មួយ​គួរឲ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនប្រឡងបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាប្រឡងឆ្នាំនេះមានបេក្ខជនអវត្តនមានចំនួន៤៤៣០នាក់ក្នុងចំណោមបេក្ខជនសរុបចំនួន១១៤ ១៨៣នាក់នៅទូទាំងប្រទេសនិងមានបេក្ខជនមានបញ្ហាសុខភាពចំនួន៣៦នាក់ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់និងមានបេក្ខជនម្នាក់នៅខេត្តបាត់ដំបងមានឆ្លងជំងឺកូវីដ១៩ព្រមទាំង បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៤នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន២៩នាក់។ ដោយឡែកបេក្ខជន២នាក់ មានបញ្ហាសុខភាពត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានបញ្ជូនត្រឡប់មកចូលរួមដំណើរការសំណេរវិញ និងបេក្ខនារីម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលគាត់បញ្ចប់ដំណើរសំណេរព្រឹកថ្ងៃទី២នេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធនិងមានការថយចុះបើធៀបទៅនឹងឆ្នាំមុនដោយសារអាកាសធាតុមានអំណោយផល ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម