ព័ត៌មានជាតិ
ឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបើកទទួលពាក្យ «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» ចំនួន ៦០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា ២០២៦-២០២៧ ដោយរ៉ាប់រងថ្លៃសិក្សា ១០០% រហូតដល់បញ្ចប់ការសិក្សា និងផ្តល់កុំព្យូទ័រយួរដៃ ១គ្រឿងដល់និស្សិតជ័យលាភី។

កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ កម្មវិធីអាហារូបករណ៍នេះ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង នេះ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៧ រួមមាន គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology) ចំនួន ២០០កន្លែង។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០កន្លែង។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) ចំនួន ៧៥កន្លែង។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(Institute Technology of Cambodia) ចំនួន ៦៥កន្លែង។ សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) ចំនួន ២០កន្លែង។ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០កន្លែង សាកលវិទ្យាល័យកម្ពុជា (University of Cambodia) ចំនួន ២០កន្លែង។

និស្សិតជ័យលាភីនៃកម្មវិធីអាហារូបករណ៍ នឹងទទួលបាន កុំព្យូទ័រយួរដៃ ១គ្រឿង ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ – ២៤,៧០០ ដុល្លារអាម៉េរិក។ ព្រមទាំងមានឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុង និងក្រៅប្រទេស និងមានការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារហូតដល់ចប់ដោយជោគជ័យ។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
-ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាននិទ្ទេសរួម A B ឬ C
-ឆ្លងកាត់ការប្រឡងប្រជែងតាមការកំណត់ខាងក្រោម
-សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី ត្រូវបានលើកទឹកចិត្ត
-ចំពោះបេក្ខជនដែលជ្រើសរើស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺត្រូវបំពេញលក្ខខណ្ឌចាំបាច់របស់វិទ្យាស្ថាន។

សម្រាប់ការចុះឈ្មោះ និងការប្រឡងត្រូវធ្វើដាច់ដោយឡែកពីគ្នា បេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យកម្ពុជា អាចចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ឬស្កេន QR Code ដែលមានភ្ជាប់ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ បេក្ខជន បេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែងចំនួន ២ដងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ផ្ទាល់មាត់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។
ដោយឡែក ចំពោះបេក្ខជន និងបេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ត្រូវទៅចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ បេក្ខជន បេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែង លើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស (ក្នុងករណីបេក្ខជន បេក្ខនារីពុំមានលទ្ធផលបញ្ជាក់សមត្ថភាពភាសាអង់គ្លេស) នៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣ / ០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល [email protected]៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


