Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រ​លេស្ដ ចូលជាសមាជិកអាស៊ាន នាពេលខាងមុខ

បានផុស

នៅ

នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរងចំនួន ៣រូបទៀត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីម័រលេស្ដ បានរង់ចាំចូលជាសមាជិកអាស៊ាន រយៈពេលយូរណាស់ហើយ។ ដូច្នេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអគ្គលេខាធិការអាស៊ាន ជួយជំរុញ និងគាំទ្រដល់ការងារនេះ ជាពិសេសធ្វើយ៉ាងណា ឲ្យទីម័រលេស្ដអាចចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ។

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អគ្គលេខាធិការអាស៊ាន ពិនិត្យទៅលើការកសាងសមត្ថភាព និងការវាយតម្លៃទៅលើប្រទេសទីម័រលេស្ដ ព្រោះកន្លងមានការសិក្សា និងស្វែងរកការពិត និងវាយតម្លៃទៅលើប្រទេសមួយនេះ ពីផ្នែកសហគមន៍នយោបាយសន្តិសុខអាស៊ាន។ ប៉ុន្តែផ្នែកសង្គមសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន មិនទាន់មានការសិក្សា និងវាយតម្លៃនៅឡើយទេ។

ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ស្នើឲ្យមានការខិតខំ ធ្វើយ៉ាងណាពន្លឿនឲ្យប្រទេស ទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ។ លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ទៀតថា​ «នេះជាចំណុចសំខាន់ ចំពោះទីម័រលេស្ដ ពីព្រោះទីម័រលេស្ដ បានរង់ចាំយូរហើយ អញ្ចឹងមិនគួរ បន្តរង់ចាំយូរទៀតទេ»។

លោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា អគ្គលេខាធិការអាស៊ាន នឹងបន្តផ្ដល់ការគាំទ្រជាពិសេស ផ្ដល់ការបណ្ដុះបណ្ដាលសមាសភាព ដល់មន្ត្រីនៃប្រទេសទីម័រលេស្ដនេះ។ ហើយអ្វីដែល លោកចង់ឃើញគឺ វឌ្ឍនភាពនៃការត្រៀមចូលជាសមាជិកថ្មី របស់ទីម័រលេស្ត ក្នុងសមាជិកអាស៊ាននេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម