ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន និងជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជាពេលពេលអនាគត បានចាត់ទុកថា សារព័ត៌មាន គឺជាអំណាចទី៤នៅក្នុងប្រទេសប្រជាធិបតេយ្យដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ ចំនួន៥។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកបែបនេះនៅក្នុងពិធីអបអរសាទរ“ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត មុខងារសំខាន់ៗទាំង៥នេះ រួមមាន ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ និងទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោមឡើងលើ។ ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គម។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា កម្ពុជា ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលផ្តល់ការការពារ និងលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយផ្អែកលើមូលដ្ឋានច្បាប់ សំដៅធានាបាននូវការអនុវត្តសិទ្ធិសេរីភាពដោយស្មើគ្នាចំពោះមុខច្បាប់ និងភាពសុដុមរមនាក្នុងសង្គមដោយមិនបំពានគ្នា និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក៏ដូចជាឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។

បើតាមលោក ហ៊ុន ម៉ាណែត វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។
ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងផ្តល់តម្លៃសារៈសំខាន់ដល់គ្រប់តួអង្គក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី បែបឌីជីថល និងសារព័ត៌មានប្រជាជនតាមបណ្តាញសង្គមបច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រលើកទឹកចិត្ត និងបង្កលក្ខណៈគ្រប់បែបយ៉ាង។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលអ្នកសារព័ត៌មានទាំងអស់នៅក្នុងក្រុមអាទិភាពកម្លាំងជួរមុខ ដែលត្រូវបានការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ មុនគេ ដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូនអាចបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងដែរថា អ្នកសារព័ត៌មាន មានសិទ្ធិអំណាចចូលរួមតាមដានត្រួតពិនិត្យសកម្មភាពរបស់គ្រប់តួអង្គទាំងអស់ក្នុងសង្គម ទាំងរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជាសហភាតរៈផ្ទាល់ សំដៅធ្វើយ៉ាងណាលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដោយគ្រប់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ស្ថិតនៅក្រោមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបណ្ឌិត ហ៊ុន ម៉ាណែង មានប្រសាសន៍ថា ៖ «តម្លៃពិតប្រាកដនៃអំណាច គឺមិនមែនជាការដែលធ្វើឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើឱ្យគេគោរព។ ដើម្បីឱ្យគេគោរព យើងម្នាក់ៗអាចចាប់ផ្តើមពីសកម្មភាពផ្ទាល់របស់ខ្លួនយើង។ ចំពោះអ្នកសារព័ត៌មាន គឺអាចចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយមនសិការ និងការទទួលខុសត្រូវ»។ សម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងយុគសម័យឌីជីថលនេះ មានការប្រកួតប្រជែងដ៏ស្រួចស្រាល់នៅក្នុងវិស័យព័ត៌មាន ដែលបង្កើតបានជាបញ្ហាប្រឈមធំនៅក្នុងឧស្សហកម្មនេះ។ យ៉ាងណាក៏ដោយ ស្របពេលដែលរាជរដ្ឋាភិបាលមានការបើកទូលាយ និងលើកទឹកចិត្តការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងមជ្ឈដ្ឋានយុវជន បញ្ហានេះក៏អាចប្រែក្លាយទៅជាកាលានុវត្តភាពទៅវិញ ប្រសិនបើស្ថាប័ន-អង្គភាព នៅក្នុងវិស័យនេះ អាចកែលម្អ និងអភិវឌ្ឍបត់បែនខ្លួន ឱ្យស្របទៅនឹងការវិវត្តប្រែប្រួល នៃសភាពការណ៍៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ