ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់បរិស្ថាន អំពាវនាវពលរដ្ឋ បញ្ឈប់ការទទួលទាន និងជាវសត្វព្រៃជាបន្ទាន់
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋសូមបញ្ឈប់ការទទួលទានសត្វព្រៃ និងជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត ដើម្បីចូលរួមការពារ និងថែរក្សាសត្វព្រៃ និងធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។

ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជានិយាយថា “ទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស”។

លោក នេត្រ ភក្ត្រា បានអំពាវនាវ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្ស និងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត។
ខេត្តព្រះវិហារជាខេត្តទិសដៅទី២ បន្ទាប់ពីខេត្តស្ទឹងត្រែងក្នុងការរៀបចំ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថាន និងមានការចូលរួមពីអង្គការដៃគូអភិរក្សនានាដែលយុទ្ធនាការនេះប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិត្មាត ប៉ើយធឿនក្រសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រាបានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ខែ ក្នុងខេត្ត ៦ ភាគខាងកើតទន្លេមេគង្គរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើម និងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការដៃគូ សហការក្នុងការងារអភិរក្ស។
លោករដ្ឋលេខាធិការបានបន្តថា ការកំណត់យកខេត្តទាំង៦ ជាគោលដៅនៃយុទ្ធនាការ ព្រោះខេត្តទាំងនោះមានផ្ទៃដីភាគច្រើនគ្របដណ្តប់ដោយតំបន់ការពារធម្មជាតិដែលមានវត្តមានព្រៃឈើ និងសត្វព្រៃ និងខេត្តទាំង ៦នេះមានសកម្មភាពលក់សាច់សត្វព្រៃដោយខុសច្បាប់នៅតាមទីផ្សារ និងនៅតាមតំបន់នានានាពេលកន្លងមកដែលចាំបាច់ត្រូវធ្វើការអប់រំផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបឱ្យបានមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាកែប្រែឥរិយាបថប្រជាពលរដ្ឋមួយ ចំនួនដែលនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ។

លោករដ្ឋលេខាធិការមានជំនឿថា យុទ្ធនាការនេះនឹងចូលរួមក្នុងការកែប្រែឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹមតែផ្តល់ជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វព្រៃរស់នៅនោះទេ ក៏ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះក្នុងរស់នៅ។
លោក នេត្រ ភក្ត្រា បានបន្តទៀតថា ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ លោកបានបន្ថែមថា ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានរួមគ្នាដើម្បីបើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។

លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS តំណាងឱ្យអង្គការដៃគូអភិរក្សជាមួយក្រសួងបរិស្ថាន បានអបអរសាទរគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ក្រសួងបរិស្ថានក្នុងការរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ ការពារធម្មជាតិ ដែលបានដើរតួនាទីសំខាន់នៅក្នុងការងារអភិរក្សធនធានជីវៈចម្រុះ និងធនធានធម្មជាតិ បញ្ឈប់តម្រូវការសាច់សត្វព្រៃក្នុងក្របខណ្ឌខេត្តក៏ដូចជាក្នុងក្របខណ្ឌប្រទេសទាំងមូល។ តាមរយៈយុទ្ធនាការនេះ យើងនឹងអាចឈានដល់ការរៀបចំលិខិតបទដ្ឋានបន្ថែមដើម្បីកំណត់លើការប្រើប្រាស់អន្ទាក់សម្រាប់ដាក់សត្វព្រៃ និងជំរុញទៅលើការអនុវត្តច្បាប់ និងការផ្សព្វផ្សាយពីផលប៉ះពាល់ពីការដាក់អន្ទាក់ក្នុងតំបន់ការពារធម្មជាតិ។

លោករដ្ឋលេខាធិការបានរំលឹកថា ក្នុងឆ្នាំ ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១ ៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?