Connect with us

ព័ត៌មានជាតិ

អ្នកលក់ដូរតាមចិញ្ចើមផ្លូវអាចរកចំណូលបានពី ៧ម៉ឺនរៀលទៅជាង ១០ម៉ឺនរៀលមួយថ្ងៃ

បានផុស

នៅ

ការលក់តាមចិញ្ចើមផ្លួវ ទោះបីជាមិនសូវល្អមើល តែពួកគេអាចរកចំណូលបានគួរសម សម្រាប់ផ្គត់ផ្គង់ជី​​វភាពគ្រួសារ និងការសិក្សារបស់កូនៗផងដែរ។ ពលរដ្ឋខ្មែរ ដែលខ្វះខាតដើមទុននិយមបង្កើតមុខរបរលក់ដូរតាមចិញ្ចើមផ្លូវ ដែលមុខរបរនេះ ស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័​ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យូ ប៊ុនធឿន អ្នកលក់នំប៉័ងសាច់គោអាំងតាមរទេះលើចិញ្ចើមផ្លូវ បានប្រាប់“កម្ពុជាថ្មី” ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោក អាចរកចំណូលពីរបរនេះ បានប្រមាណជាង ១៥ម៉ឺនរៀល ក្នុងមួយថ្ងៃ​។ លោក ប៊ុនធឿន លក់នំប៉័ងសាច់គោអាំងចល័តនៅម្តុំស្ថានទូតចិន និងបឹងត្របែក។ លោក បានចាប់ផ្តើមអាជីពនេះ អស់រយៈពេល ១២ឆ្នាំមកហើយ។ បើតាមលោក ប៊ុនធឿន មុខរបរនេះ ថ្វីត្បិតមើលទៅស្លៀកពាក់មិនបានស្អាតបាតដូចគេ ប៉ុន្តែអាចរកចំណូល ដើម្បីចិញ្ចឹមគ្រួសារ និងឱ្យកូនសិក្សាបានសមរម្យ។ ទោះយ៉ាងណា អនាគតលោក យូ ប៊ុនធឿន មានបំណងចង់ពង្រីកមុខរបរ ដោយបើកហាងលក់នំប៉័ងសាច់គោអាំងមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដោយឈប់សណ្តោងរទេះលក់តាមចិញ្ចឹមផ្លូវទៀត។

ចំណែកលោក ឆៃ ថេត អ្នកលក់នំពុម្ព នៅជាប់វិទ្យាល័យទួលទំពូង បានប្រាប់ឱ្យដឹងដែរថា ក្នុងមួយថ្ងៃលោក អាចលក់បានជាង ១២ម៉ឺនរៀល ដោយទទួលបានប្រាក់ចំណេញខ្ទង់ ៧ម៉ឺនរៀលដែរ។ លោក ថេត បានប្រកបរបរនេះអស់រយៈពេល ៣ឆ្នាំហើយ ដែលរបរនេះ អាចជួយឱ្យគ្រួសារលោករស់នៅបានសមរម្យ ដោយមិនចាំបាច់ចំណាកស្រុកធ្វើការនៅក្រៅប្រទេស។

ទោះយ៉ាងណា អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏រងផលប៉ះពាល់អំពីវិបត្តិកូវីដ-១៩ផងដែរ។ ជាក់ស្តែងអ្នកស្រី នី អាយុ៦០ឆ្នាំ អ្នកលក់ចាប់ហួយនៅជាប់របងវត្តទួលទំពូង បានលើកឡើងថា វិបត្តិកូវីដ ធ្វើឱ្យអ្នកស្រីបាត់បង់ចំណូលជាងពាក់កណ្តាលបើធៀបនឹងកាលពីមិនទាន់មានកូវីដ។ អ្នកស្រី បញ្ជាក់ថា ក្នុងមួយថ្ងៃលក់បានតែជាង ១០ម៉ឺនរៀល កាត់កងជាមួយថ្លៃជួលតូប និងចំណាយផ្សេងៗ នៅសល់បន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ ទោះយ៉ាងណា អ្នកស្រី សង្ឃឹមថា ក្រោយចប់កូវីដ ការលក់ដូររបស់អ្នកស្រី នឹងត្រឡប់ទៅដូចដើមវិញ។

បច្ចុប្បន្ន មានអ្នកប្រកបរបរលក់ដូរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើន ដែលអាចរកចំណូលបានសមរម្យ ដើម្បីចិញ្ចឹមគ្រួសារ ជៀសឆ្ងាយពីអំពើខុសច្បាប់មួយចំនួន ដូចជា អំពើឆបោក គាស់ផ្ទះ ឆក់ ប្លន់ គេជាដើម។

រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ទៅលើពលរដ្ឋដែលកំពុងប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ដើម្បីទទួលបានកិច្ចគាំពារអំពីបញ្ហាប្រឈមមួយចំនួន។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា បានជួយផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល និងផ្តល់ជាសាច់ប្រាក់សម្រាប់អ្នករងផលប៉ះពាល់ពីកូវីដ-១៩។ ទន្ទឹមនឹងនេះ រដ្ឋបានចំណាយថវិកាជាតិប្រមាណជិត ៤០លានដុល្លារ ក្នុងមួយខែ ដើម្បីជួយជនក្រីក្រផងដែរ៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម