សៀមរាប ៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅសាលធំនៃសណ្ឋាគារ សុខា សៀមរាប។ ក្រោមអធិបតីភាពលោកបណ្ឌិត ឃឹម ប៊ុនសុង អនុប្រធានក្រុមការងារគណបក្សមូលដ្ឋានខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប លោក ហ៊ន ឃុន អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប លោក. លោកស្រីជាសមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាបក្សប្រមាណជា២៥០០នាក់បានអញ្ជើញចូលរួមផងដែរ។
លោក ហ៊ន ឃុន អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប មានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២២) ឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលប្រទេសជាតិបានងើបឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩ ហើយកំពុងឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍ និងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពស្របតាមនីតិវិធីនៃច្បាប់បោះឆ្នោតយ៉ាងពិតប្រាកដ តាមរយៈនៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជាប្រវត្តិសាស្ត្រនេះ យើងទាំងអស់គ្នា សូមសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែប្រកាន់នៅឥរិយាបថឥតប្រែប្រួលនូវគោលបំណងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលីកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ជាការពិតជាក់ស្តែង ចាប់ពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជារក្សាខ្ជាប់នូវសារជាតិរបស់ខ្លួនជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
ជាមួយគ្នានោះលោកបណ្ឌិត ឃឹម ប៊ុនសុង អនុប្រធានក្រុមការងារគណបក្សមូលដ្ឋានខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានមានប្រសាសន៏ថ្លែងនៅសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុងថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លោក បន្តថា ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព សង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។
ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាននិងកំពុងចូលរួម ដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និងសកល។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយផងដែរ។ សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវ សច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគ្នាដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។ និយាយរួមមករាល់សមិទ្ធផលដែលគណបក្ស បានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំ កន្លងមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាង នយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយ គុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ។ ប៉ុន្ដែក្នុង ដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិយើងបានជួបប្រទះពីអតីតកាលនោះឡើយ៕
ដោយ ៖ គឿនវេត