Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ

បានផុស

នៅ

ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ផ្លូវដីមួយខ្សែ ស្ថិតនៅក្បែរវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានអំពាវនាវឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ពន្លឿនការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័ស ខណៈរដូវវស្សាបានធ្វើឱ្យផ្លូវមានសភាពរអិល ជង្ហុក និងទឹកដក់ បង្កការលំបាក និងហានិភ័យដល់ការធ្វើដំណើរប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរផ្លូវខាងលើ សុំមិនបញ្ចេញឈ្មោះ និងមានទីលំនៅក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារពឹងផ្អែកលើផ្លូវមួយខ្សែនេះ ដើម្បីធ្វើដំណើរចេញចូលក្រុងជារៀងរាល់ថ្ងៃ។

ប្រភពដដែលបានឱ្យដឹងថា នៅរដូវប្រាំង ផ្លូវនេះមានធូលីហុយខ្លាំង ប៉ុន្តែនៅរដូវវស្សាវិញ ស្ថានភាពកាន់តែអាក្រក់ ដោយមានជង្ហុក ទឹកហូរច្រោះ ទឹកដក់ និងរអិលខ្លាំង ដែលធ្វើឱ្យអ្នកធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស និងអ្នកប្រកបអាជីវកម្ម ប្រឈមនឹងការលំបាក និងហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

ដោយសារស្ថានភាពនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្នើឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយពន្លឿនការសាងសង់ផ្លូវមួយខ្សែនេះ ដែលពលរដ្ឋបានជួបការលំបាកក្នុងការធ្វើដំណើរអស់រយៈពេលជាយូរមកហើយ។

ប្រជាពលរដ្ឋរំពឹងថា ការពន្លឿនស្ថាបនាផ្លូវនេះ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ បង្កើនសុវត្ថិភាព និងលើកកម្ពស់សោភ័ណភាពក្រុងសែនមនោរម្យ ដែលកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់។ ពួកគេក៏ជឿជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានគុណភាព នឹងរួមចំណែកគាំទ្រដល់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើន។

ជុំវិញកង្វល់របស់ប្រជាពលរដ្ឋនេះ «កម្ពុជាថ្មី» បានព្យាយាមទាក់ទងលោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី ដើម្បីសុំការបកស្រាយ ប៉ុន្តែមិនទាន់មានការឆ្លើយតបទេគិតត្រឹមម៉ោងចេញផ្សាយនេះ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម