ព័ត៌មានជាតិ
អ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ វិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីអាក់ខាន ២ឆ្នាំ
ទីភ្នាក់ងារ ភីសខ័រ (Peace Corps) នៅកម្ពុជា ស្វាគមន៍ការត្រឡប់មកវិញ នៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ចំនួន ៣៥ នាក់ជាជនជាតិអាមេរិក ដើម្បីបំពេញការងារនៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ឆ្នាំ ក្រោយការចាប់ផ្តើមនៃជំងឺកូវីដ-១៩ ជាសាកលមក។

ទីភ្នាក់ងារ ភីសខ័រ នៅថ្ងៃទី២៥ ខែតុលានេះ បានឱ្យដឹងថា តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់ទីភ្នាក់ងារ អ្នកស្ម័គ្រចិត្តនឹងបង្រៀនរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាម្នាក់ទៀត នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័នដែលផ្តល់ការបង្រៀនផ្សេងទៀត។

លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម ជាសាកលរបស់ទីភ្នាក់ងារ Peace Corps គឺ សន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំងនោះនឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ។

លោក W. Patrick Murphy មានប្រសាសន៍ថា៖ “ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ខ្ញុំយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំងនេះក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃសហរដ្ឋអាមេរិក និងកម្ពុជា និងក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា”។
លោក Mikel Herrington ប្រធាននៃទីភ្នាក់ងារ ភីសខ័រ (Peace Corps) ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា យើងមានក្តីរំភើបក្នុងការមានចំណែកជាប្រវត្តិសាស្រ្តមួយ នៃការវិលត្រឡប់មកកម្ពុជាវិញ នៃអ្នកស្ម័គ្រចិត្តរបស់យើង។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ បុគ្គលិកនៃទីភ្នាក់ងារ Peace Corps នៅទូទាំងពិភពលោក បានធ្វើការដើម្បីពង្រឹងគ្រឹះនៃទីភ្នាក់ងារនេះ។

លោក Mikel Herrington មានប្រសាសន៍ថា៖ “យើងមានការត្រៀមជាស្រេចក្នុងការដំណើរការឡើងវិញ នូវសកម្ម ភាពការងាររបស់អ្នកស្ម័គ្រចិត្តរបស់យើង ហើយធ្វើការងារក្នុងពេលជាប្រវត្តិសាស្រ្តនេះ ជាមួយដៃគូរបស់យើង តាមសហគមន៍នៅកម្ពុជា និងជាមួយបុគ្គលិកនៃស្ថានទូតរបស់យើង”។
គម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់ ភីសខ័រ ធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអាទិភាពផ្នែកអប់រំរបស់កម្ពុជា។ គម្រោងពង្រឹងជំនាញក្នុងការគិត និងផ្នែកភាសាអង់គ្លេសរបស់សិស្ស និស្សិត គ្រូ និងសមាជិកសហគមន៍នៅកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសទទួលបានឱកាសសម្រាប់ខ្លួនគេផ្ទាល់ ក្នុងអាជីពនិងក្នុងការសិក្សា។ នៅឆ្នាំ២០១៩ នៅក្នុងពេលបន្តឡើងវិញចុងក្រោយនៃគម្រោង ៤៨% នៃសហគ្រូបង្រៀនខាងកម្ពុជា បានលើកកម្ពស់វិធីសាស្រ្តក្នុងការបង្រៀនភាសាអង់គ្លេសរបស់គេ ហើយមានសិស្សចំនួន ៣ ៣១៧ នាក់រៀនចេះបានច្រើន តាមការវាយតម្លៃផ្លូវការ និងមិនផ្លូវការ។

ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុមអ្នកស្ម័គ្រចិត្តទីមួយរបស់ខ្លួន នៅកម្ពុជាក្នុងឆ្នាំ ២០០៧។ តាំងពីពេលនោះមក អ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ចំនួន ៧១៤ នាក់បានមកបំពេញការងារនៅកម្ពុជា ដោយធ្វើការនៅតាមគម្រោងសិក្សាអប់រំផ្នែកភាសាអង់គ្លេស។ កម្មវិធីអប់រំសុខភាព បានដំណើរការពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ទីភ្នាក់ងារ Peace Corps គឺជាបណ្តាញអន្តរជាតិនៃអ្នកបំពេញការងារ សមាជិកសហគមន៍ ដៃគូនៅតាមប្រទេសម្ចាស់ផ្ទះ និងបុគ្គលិក ដែលឆើ្លយតបនឹងបេសកកម្មដើម្បីសន្តិភាពពិភពលោក និងមិត្តភាព របស់ទីភ្នាក់ងារនេះ។ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៅទូទាំងសាកលលោក អ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ធ្វើការជាមួយសមាជិកសហគមន៍ នៅតាមគម្រោងដែលសហគមន៍មូលដ្ឋានកំណត់ជាអាទិភាព ក្នុងវិស័យអប់រំ សុខាភិបាល បរិស្ថាន កសិកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងការអភិវឌ្ឍន៍យុវជន។ តាមរយៈការបំពេញការងាររបស់គេ សមាជិកនៃបណ្តាញរបស់ទីភ្នាក់ងារ Peace Corps ពង្រឹងជំនាញដែលគេអាចផ្ទេរទៅអ្នកដទៃបាន ហើយពង្រឹងបន្ថែមនូវជំនាញក្នុងវប្បធម៌ចម្រុះ ដែលនាំពួកគេឱ្យក្លាយជាអ្នកដឹកនាំសាកលជំនាន់ក្រោយ។ ចាប់តាំងពីលោកប្រធានាធិបតី John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅក្នុងឆ្នាំ១៩៦១ មក មានជនជាតិអាមេរិកចំនួន ២៤០ ០០០ នាក់បានបំពេញការងារនៅតាមប្រទេសចំនួន ១៤២ នាក់ នៅទូទាំងសាកលលោក៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


