Connect with us

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យឯកជន​គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល​ក្នុងការនាំយកសក្តានុពលកម្ពុជា​ទៅកាន់ពិភពលោក

បានផុស

នៅ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកោតសរសើរចំពោះសហគ្រិនវ័យក្មេង​កម្ពុជាទាំងអស់ ដែលបានដឹកនាំ និងរក្សាបាននូវវឌ្ឍនភាព​អាជីវកម្ម-ធុរកិច្ចល្អប្រសើរ និងថែមទាំងបានទាក់ទាញរំហូរ​វិនិយោគពីបរទេសនាពេលកន្លងមក ទោះបីជាត្រូវប្រឈម​នឹងផលវិបាកជាច្រើនក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម បណ្ឌិត បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា វិស័យឯកជនគឺជាដៃគូ​ដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការនាំយកសក្តានុពលរបស់កម្ពុជាឱ្យពិភពលោកបានស្គាល់ច្បាស់ និងចាប់អាម្មណ៍ រួមទាំងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង និងការបង្កើតការងារជូនប្រជាពលរដ្ឋ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនឹង​សហគ្រិនវ័យក្មេង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអបអរសាទរ ដែលអង្គការឃ្លាំមើលការលាងសម្អាតប្រាក់ និងឧក្រិដ្ឋ​កម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ​នៃក្រុមប្រទេស​ដែលមានហានិភ័យខាងលាងលុយកខ្វក់។ ទន្ទឹមនឹងនេះ ឯកឧត្តបណ្ឌិត បានសម្តែងការគោរពថ្លែងអំណរគុណ​ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រទ្បាហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមការ​ងារចំពោះកិច្ច ព្រមទាំងស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសស្រាក់​សស្រាំបំពេញ​ការ​ងារនេះដោយពុំគិតពីការនឿយហត់ រហូតសម្រេចបាននូវការនាំមកនូវភាពស្អាត​ស្អំរបស់ប្រទេសកម្ពុជា​នៅលើឆាក​អន្តរជាតិ។ ការណ៍នេះ ពិតជានឹងចូលរួមចំណែកក្នុងការផ្តល់នូវផលប្រយោជន៍​ផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់​កម្ពុជា ជាពិសេសសម្រាប់វិស័យឯកជនផ្ទាល់ក្នុងការរក្សាលំនឹងនៃរំហូរហិរញ្ញវត្ថុ និងការដោះដូរពាណិជ្ជកម្មនានា​ទៅកាន់ទូទាំងសាកលលោក។

ជាទស្សនវិស័យផ្ទាល់ខ្លួនអំពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់កត្តាអាទិភាពចំនួន ៣ ចំណុចរួមមាន៖

ទី១. ក្របខ័ណ្ឌគោលនយោបាយ៖ សំដៅទៅលើចក្ខុវិស័យជួយសម្រួលដល់ប្រតិបត្តិការ និងការរីកចម្រើនរបស់​វិស័យឯកជន ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​បានធ្វើការងារយ៉ាងច្រើន​សន្ធឹកសន្ធាប់​បម្រើដល់ការរីកលូតលាស់មកដល់សព្វថ្ងៃនេះ ហើយក៏នឹងបន្តវាយតម្លៃ និងកែសម្រួលដាក់ចេញនូវគោល​នយោបាយជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង ងាយស្រួល និងមានថ្លៃដើមទាប ។

ទី២. ក្របខ័ណ្ឌយន្តការអនុវត្ត៖ សំដៅទៅលើការលើកទឹកចិត្តឱ្យវិស័យឯកជនដើរតួនាទីក្នុងការអនុវត្តផ្ទាល់​ដោយមានការគាំ​ទ្រពីសំណាក់រាជដ្ឋាភិបាល។

ទី៣. ការអនុវត្តជាក់ស្តែង៖ សំដៅទៅលើការធានាឱ្យបាននូវការអនុវត្តជាក់ស្តែងដោយរលូន ជាការឆ្លុះបញ្ចាំង​ទៅនឹងផែនការដែលបានគូសវៀស ហើយការអនុវត្តនេះទាមទារនូវនីតិវិធីច្បាស់លាស់ ងាយស្រួល រស់រវើក និងតម្លាភាព រួមជាមួយនឹងកត្តាមនុស្សដែលមានការយល់ដឹង និងមានបទពិសោធន៍ជាក់ស្តែង ជាពិសេស​កត្តាតុល្យភាពរវាងមន្ត្រីរដ្ឋ និងផ្នែកឯកជន។

៣. សូមសហគ្រិនទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសំខាន់ៗ​​ដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបន្តបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់​យុវជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ក៏សូមលើកទឹកចិត្តឱ្យសហគ្រិន​ទាំងអស់ឱ្យបង្កើន​សមត្ថភាព, ពង្រឹងភាពប្រកួតប្រជែង និងសូមខិតខំទាញយកអត្ថប្រយោជន៍ឱ្យបាន​ជាអតិបរមា​ពីគោលនយោបាយ ក៏ដូចជាវិធានការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ជាពិសេសតាមរយៈ​ការវិនិយោគនៅក្នុង​វិស័យ​អាទិភាព ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការទទួលបានការ​បណ្តុះបណ្តាល​សហគ្រិនភាព, ការអភិវឌ្ឍជំនាញ, និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ​រីជាមួយបណ្តាប្រទេសនានា។

ក្រៅពីការបង្កើតទ្រព្យ និងរកប្រាក់ចំណេញ ឯកឧត្តមបណ្ឌិត បានលើកឡើងថា សហគ្រិនទាំងអស់ក៏ត្រូវ​បណ្តុះគំនិត​ចូល​រួមចំណែកក្នុងកិច្ចការសង្គម ព្រមជាមួយនឹងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុង​អាជីវកម្មប្រកបដោយភាព​ច្នៃប្រឌិត និងនវានុវត្តន៍ ដែលអាចនាំមកនូវផលិតភាពខ្ពស់ និងតម្លៃបន្ថែមកាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ក៏សូមសភាពាណិជ្ជកម្មកម្ពុជា បន្តផ្តល់ការគាំទ្រ និងកិច្ចសហការជិតស្និទ្ធជាមួយ​ភាគីពាក់​ព័ន្ធទាំងអស់ ជាពិសេសសហគ្រាសថ្មីៗ ដើម្បីពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនងការងារ, ចែករំលែកនូវ​ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូ​ស៊ីសហគ្រិន​ភាពឱ្យកាន់​តែមានភាពរឹងមាំ ទូលំទូលាយ រស់រវើក និងប្រកបដោយបរិយាបន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម