ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ មានយុទ្ធសាស្ត្រដោះស្រាយបញ្ហាដីធ្លីតាមរបៀបមួយ ដែលមានប្រសិទ្ធភាព
លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបានថ្លែងថា ក្រុមប្រឹក្សាខេត្តមានយុទ្ធសាស្ត្រដោះស្រាយបញ្ហាតាមរបៀបមួយ ដែលមានប្រសិទ្ធភាព និងទទួលបានការសាទរ គឺការរំលោះក្រុមអ្នកប្រឆាំង ហើយករណីនេះ បានដោះស្រាយទទួលបានជោគជ័យទៅលើជម្លោះដីរ៉ាំរ៉ៃមួយ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ។
ការបញ្ជាក់របស់លោក ស៊ាក ឡេង បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការគណៈរដ្ឋមន្ត្រី ស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅបន្តរបស់ខេត្តត្បូងឃ្មុំ នាព្រឹកនេះថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះ លោកប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបានលើកឡើងថា ការបើកវេទិកាសាធារណៈ គឺដើម្បីដាក់បាននូវបញ្ហាទាំងឡាយ ដែលបានកើតឡើងនៅតាមមូលដ្ឋាន ហើយនេះ គឺជាតួនាទីរបស់ក្រុមប្រឹក្សាខេត្តត្រូវធ្វើ។ លោកថា នៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាខេត្ត ទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន១០៤ករណី។ ក្នុងនោះបានស្រាយ និងបំភ្លឺជូនប្រជាពលរដ្ឋវិញចំនួន១០៣ករណី ហើយនៅសល់មួយករណីទៀត ដែលមិនទាន់បានដោះស្រាយ ទាក់ទងទៅនឹងបញ្ហាជម្លោះដីធ្លី ហើយករណីដែលនៅសល់នេះ ក្រុមប្រឹក្សាខេត្ត ក៏បានសន្យាឲ្យពួកគាត់ផងដែរ ដោយបានប្រគល់ការងារនេះទៅឱ្យសុរិយោដីខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។
បើតាមលោក ស៊ាក ឡេង សំណូមពរដែលបានលើកឡើងដោយប្រជាពលរដ្ឋរួមមាន ទាក់ទងទៅនឹងបញ្ហាទំនាស់ដីធ្លី, ការកែលម្អផ្លូវថ្នល់, សុវត្ថិភាពចរាចរណ៍ផ្លូវគោក, ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការងារអត្តសញ្ញាណកម្ម, ការងារអត្រានុកូលដ្ឋាន ជាពិសេសទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន ដែលករណីគ្រឿងញៀននេះ បានលើកឡើងស្ទើរតែគ្រប់វេទិកាសាធារណៈ។
ពាក់ព័ន្ធទៅនឹងបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃ មួយកន្លែងដែលស្ថិតនៅស្រុកតំបែរ ឃុំត្រពាំងព្រីង លោកប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា យើងមានមោទនភាពណាស់ ដែលដោះស្រាយបានសម្រេច។ លោកបញ្ជាក់ថា “បញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃមួយ ដែលបានកើតឡើងប្រមាណមួយទសវត្សរ៍ នៅស្រុកតំបែរ ឃុំត្រពាំងព្រីង ទាក់ទងទៅនឹងការបំផុសបំផុលពីជនប្រឆាំង និយាយឲ្យចំទៅ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន”។ លោកថា ករណីនេះដោះស្រាយតាំងពីខេត្តនេះ មិនទាន់កើតនៅឡើយ គឺនៅជាខេត្តកំពង់ចាម តែមកដល់ពេលនេះខេត្តដោះស្រាយបានហើយ ដោយសារតែការរួមគ្នាដោះស្រាយ ជាសមូហភាព ដើម្បីសម្រេចក្នុងការដោះស្រាយនេះ។

លោក ស៊ាក ឡេង អះអាងថា “បានប្រជុំពិភាក្សាគ្នាជាមួយគណៈអភិបាលខណ្ឌ ពិសេសជាមួយឯកឧត្តមអភិបាលខេត្ត ក្រុមប្រឹក្សា ដែលមានរូបខ្ញុំ ហើយបានផ្ដល់យោបល់ជូនគាត់ថា យើងគួរតែប្ដូរវិធីសាស្ត្រ ក្នុងការដោះស្រាយ ថាតើយើងត្រូវដោះស្រាយបែបម៉េច ? យើងដោះស្រាយថា ត្រូវតែរំលោះអ្នកប្រឆាំង ថ្ងៃហ្នឹងរំលោះបានមួយយកមួយ ស្អែកបានមួយទៀតយកមួយទៀត យូរៗទៅអស់ជាងពាក់កណ្ដាលទៅវាទៅហើយ។ យើងធ្វើតាមបែបនេះ ទទួលបានជោគជ័យ នេះគឺជាមោទនភាពដែលយើងអាចធ្វើបាន”។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តត្បូងឃ្មុំ ហើយសន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ហើយសន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខេត្ត ខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឃុំសង្កាត់។
តាមរបាយការណ៍សង្ខេប ដែលបង្ហាញដោយ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ លាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ និងជាខេត្តជាប់ព្រំដែន មានព្រំប្រទល់៖ ខាងលិចទល់នឹង ខេត្តកំពង់ចាម , ខាងកើតទល់នឹង ខេត្តតៃនិញ និងខេត្តប៉ិញភឿក ប្រទេសវៀតណាម, ខាងជើងទល់នឹង ខេត្តក្រចេះ, ខាងត្បូងទល់នឹង ខេត្តព្រៃវែង និងខេត្តតៃនិញ ប្រទេសវៀតណាម។ ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប មានទំហំ ៥ ២៥០,៥២គ.ម២។ មាន ក្រុង១ និងស្រុក៦ ឃុំ-សង្កាត់ ចំនួន៦៤ និងភូមិ ចំនួន ៨៧៣ភូមិ។ ប្រជាពលរដ្ឋសរុប ចំនួន ៨៦៤ ៣១៩នាក់ ស្រី ៤៣៩ ៥៤៤នាក់ គិតជាគ្រួសារ ស្មើនឹង ១៩៦ ០៦៥គ្រួសារ អ្នកដែលមានអាយុ ១៨ឆ្នាំឡើង ៤៤៨.៥៨៣នាក់។
សមាជិកក្រុមប្រឹក្សាខេត្ត មានចំនួន២៥ នាក់ ស្រី៤នាក់ (បោះឆ្នោតអសកល), សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មានចំនួន ១៣៧ នាក់ (បោះឆ្នោតអសកល), សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួន៥៣៦ នាក់ (បោះឆ្នោតសកល)។
ខេត្តត្បូងឃ្មុំមានផ្លូវជាតិធំៗចំនួន០៥ខ្សែ គឺផ្លូវជាតិលេខ៧ លេខ៨ លេខ១១ លេខ៧២ លេខ៧៣ និងផ្លូវសំខាន់ៗ ដែលតភ្ជាប់ពីទីរួមខេត្តទៅក្រុង-ស្រុក ឃុំសង្កាត់ និងភូមិ សរុបប្រវែងប្រមាណ ៧៥១គ.ម ក្នុងនោះផ្លូវចាក់កៅស៊ូ មានប្រវែងប្រមាណ ៥២៦គ.ម ផ្លូវបេតុងមានប្រវែង ៥០គ.ម ផ្លូវក្រាលគ្រួសក្រហម មានប្រវែងប្រមាណ ១៧៥គ.ម មានស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន០២ខ្សែ គឺស្ពានមិត្តភាពកម្ពុជាជប៉ុន (គីហ្សូណា) និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ (ដែលនឹងសង់រួចនៅឆ្នាំ២០២១)៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ