ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានី សរសើរអាជ្ញាធរ លើការគ្រប់គ្រងអនាម័យ ការចែកចាយគ្រឿងញៀន
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣ ៥៥៦ តោន ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀនក្នុងទីលានចាក់សំរាមបាន ១០០%។

ការកោតសរសើរនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីអនុវត្តការងារខាងលើបានល្អហើយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ០៩ លើក។ សមត្ថកិច្ច បង្ក្រាបបាន ២២០ ករណី ឃាត់ខ្លួនបាន ៣៥៦ នាក់ ដែលបានធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាននូវកិច្ចដំណើរការ នៃព្រឹត្តិការណ៍ធំក្នុងរាជធានីភ្នំពេញបានល្អប្រសើរ។

លោក ម៉ប់ សារិន មានប្រសាសន៍កោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់គ្រប់គណបក្សនយោបាយក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានល្អប្រសើរ ប្រព្រឹត្តក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមគំហែង។

លោក ម៉ប់ សារិន មានប្រសាសន៍បន្តថា៖ តាមលទ្ធផលផ្លែផ្កា គួរមោទនភាពដែលយើងសម្រេចបានលើគ្រប់វិស័យក្នុងរយៈពេល ៦ ដើម ឆ្នាំ២០២៣នេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការ ប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ។ តាមរយៈសមិទ្ធផលលើគ្រប់វិស័យដែលសម្រេចបាន ពិសេសការរីកចម្រើនវិស័យសេដ្ឋកិច្ច គឺបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រាជធានីភ្នំពេញកាន់តែប្រសើរឡើង និងធ្វើឱ្យប្រជាជនសាទរ និងគាំទ្រយ៉ាងទូលំទូលាយដោយមានជំនឿទុកចិត្ត ចំពោះការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជា ប្រមុខដ៏ឈ្លាសវៃ”។

លោក កើត ឆែ មានប្រសាសន៍ថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើ គឺជាការលើកទឹកចិត្ត ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញអនុវត្តការងារទាំងនេះកាន់តែល្អប្រសើរថែមទៀត ហើយចំពោះការណែនាំរបស់ក្រុមប្រឹក្សារាជធានី ឱ្យមានការកែម្រួលការងាររបស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញចំណុចខ្វះខាត៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


