ព័ត៌មានជាតិ
តើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានទម្លាប់ធ្វើការងារបែបណាខ្លះ ទើបក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា?
ក្នុងភាពជាអ្នកដឹកនាំ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចូលចិត្តធ្វើកិច្ចការអ្វីមួយដោយខ្លួនឯង ហើយចុះទៅដល់ទីតាំងផ្ទាល់ ជាមនុស្សស្ងៀមស្ងាត់ មិនចេះលេងសើច តែងតែអត់ឱនអធ្យាស្រ័យ ហើយតែងតែគោរពចាស់ទុំជានិច្ច ថែមទាំងប្រថុយជីវិតថែមទៀតផង។ នេះ គឺជាអត្តចរិត និងភាពជាអ្នកដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន សែន ដែលត្រូវបានលោក ពៅ សុខ បានសរសេរកត់ត្រាទុកនៅក្នុងសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល”។

នៅក្នុងសៀវភៅ“កូនប្រុសច្បងដ៏មានឥទ្ធិពល” កម្រាស់ ៣៩០ទំព័រនេះ លោក ពៅ សុខ ដែលជាអតីតអ្នកសារព័ត៌មានផងបានរំលេចឱ្យដឹងថា៖ «មិត្តភក្ដិរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានទម្លាយថា លោក ម៉ាណែត អាចមានចរិតខុសពីសម្ដេចតេជោច្រើន ពោល គឺចូលចិត្តស្ងៀមស្ងាត់ ស្រគត់ស្រគំ មិននិយាយលេងសើចច្រើនឡើយ បើនិយាយពីការងារ គឺនិយាយជុំវិញតែការងារ ខុសពីសម្ដេចតេជោ ដែលទោះជាមមាញឹកការងារ ស្ថានការណ៍នយោបាយក្ដៅគគុកយ៉ាងណាក៏សម្ដេចតេជោ ឆ្លៀតលេងសើចតិចតួចឱ្យពលរដ្ឋបានសើចសប្បាយ»។

ខ្លឹមសារនៅក្នុងសៀវភៅនេះបន្តថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាមនុស្សដាច់ស្រេចមិនញ៉ិមញ៉ុំច្រើន ហើយឯកឧត្តមប្រើមនុស្សដែលឯកឧត្តមរាប់អានតែប៉ុណ្ណោះ។ ចំណែក មនុស្សដែលឯកឧត្តម ហ៊ុន ម៉ាណែត មិនស្គាល់ មិនរាប់អាន គឺឯកឧត្តមមិនប្រើឱ្យបំពេញការងារឡើយ។ ចរិតបែបនេះ គេសន្មតថា ឯកឧត្តម ហ៊ុន ម៉ាណែត អាចឆ្លងពីសម្ដេចតេជោផង និងឆ្លងពីពួកបស្ចិមប្រទេសកំឡុងពេលឯកឧត្តមសិក្សានៅអាមេរិក។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាមនុស្សមានចរិតតឹងតែងចំពោះខ្លួនឯងផ្ទាល់ គឺឯកឧត្តមមិនសប្បាយចិត្តឡើយ នៅពេលដែលនរណាសម្រេចមិនបានជោគជ័យរាល់កិច្ចការដែលឯកឧត្តមដាក់ឱ្យគេធ្វើ ឬកិច្ចការដែលឯកឧត្តមធ្វើដោយខ្លួនឯង។ ទោះ មិនសប្បាយចិត្តរាល់ការងារដែលបរាជ័យ តែឯកឧត្តមមិនបន្ទោសអ្នកនៅក្រោមបង្គាប់ ដែលធ្វើការមិនបានល្អឡើយ តែឯកឧត្តម ហ៊ុន ម៉ាណែត តែងតែបន្ទោសខ្លួនឯងផ្ទាល់ដែលដឹកនាំការងារមិនបានល្អ។ សម្រាប់មនុស្សដែលបរាជ័យនឹងការងារដែលឯកឧត្តមដាក់ឱ្យ ឯកឧត្តមនឹងមិនប្រើនៅលើកក្រោយទៀតឡើយ។ ចំពោះមនុស្សវ័យចំណាស់ជាងវិញ ទោះមានកំហុសការងារធំយ៉ាងណា ក៏ឯកឧត្តមនៅតែអធ្យាស្រ័យ អត់ឱន និងគោរពជានិច្ច ដោយឯកឧត្តមសុខចិត្តខាំមាត់សង្កត់ចិត្ត សុខចិត្តពិបាកទ្រាំដោយខ្លួនឯង។

អ្វីដែលពិសេស គួរឱ្យស្ងើចសរសើរនោះ គឺឯកឧត្តមកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត ជាមនុស្សដែលហ្មត់ចត់នឹងការការងារមិនខុសពីសម្ដេចតេជោ ហ៊ុន សែនឡើយ។ រាល់ការងារដែលទាក់ទងនឹងសន្តិសុខជាតិ សង្គ្រាម ជម្លោះ ដែនអធិបតេយ្យជាតិរបស់កម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត តែងតែយកជីវិតប្រថុយទៅឱ្យដល់ទីតាំងដែលកំពុងប្រឈមមុខគ្នាយ៉ាងក្ដៅគគុក ជាក់ស្ដែងដូចជា ពេលថៃឈ្លានពានកម្ពុជាឆ្នាំ២០០៨ និងជម្លោះព្រំដែនឡាវ-កម្ពុជានា នៅក្នុងឆ្នាំ២០១៧។
កំឡុងពេលមានសង្រ្គាមព្រំដែនថៃឈ្លានពានមកកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនោះបានប្រថុយជីវិត ផ្សងគ្រោះថ្នាក់ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅសមរភូមិរវាងកងទ័ពកម្ពុជា-ថៃ។ មុនពេលលោកចេញដំណើរទៅសមរភូមិ ក្រុមចារកម្មសម្ងាត់ព្រមានថា បើហ៊ានឡើងភ្នំ ហ៊ានទៅប្រាសាទណាមួយដែលកំពុងមានជម្លោះ គឺទាហានថៃបាញ់ប្រហារលើឯកឧត្តម ហ៊ុន ម៉ាណែត ភ្លាម។ ប៉ុន្តែ ឯកឧត្តមមិនបានស្ដាប់ការព្រមានពីក្រុមចារកម្មសម្ងាត់ឡើយ នៅពេលក្ដោបក្ដាប់ស្ថានការណ៍បានច្បាស់ ជាការសម្រេចិត្តដ៏ត្រឹមត្រូវ ឯកឧត្តម បានធ្វើដំណើរទៅកាន់សមរភូមិផ្ទាល់ ដោយទាហានឈុតខ្មៅថៃមិនបានបាញ់ប្រហារលើឯកឧត្តមឡើយ។ ក្រោយឯកឧត្តមទៅដល់សមរភូមិកំពុងមានជម្លោះ ឯកឧត្តមចាប់ផ្ដើមចុះសួរសុខទុក្ខ ពង្រឹងវិន័យ និងយុទ្ធសាស្ត្រកងទ័ព ដែលវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត នេះហើយ គឺជាការជំរុញស្មារតីមួយដល់កងទ័ព យ៉ាងមានប្រសិទ្ធភាពខ្ពស់ធ្វើឱ្យកងទ័ពកម្ពុជាយកឈ្នះទាហានឈុតខ្មៅថៃ។

ជុំវិញរឿងរ៉ាវប្រថុយជីវិតដដែល គឺនៅក្នុងឆ្នាំ២០១៧ ស្របពេលដែលកងទ័ពឡាវឈ្លានពានមកកម្ពុជាចំរដូវវស្សារ រាល់ផ្លូវដែលធ្វើដំណើរទៅកាន់សមរភូមិក្ដៅ មិនអាចធ្វើដំណើរតាមរថយន្តបានឡើយ ដូច្នេះ ត្រូវធ្វើដំណើរដោយមធ្យោបាយកាណូត តាមផ្លូវទឹក ដើម្បីទៅដល់ទីតាំង។ ក្នុងភាពជាអ្នកដឹកនាំកងទ័ព ដើម្បីក្ដោបក្ដាប់សមរភូមិបាន នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ នាពេលនេះ បានធ្វើដំណើរតាមកាណូតប្រថុយគ្រោះថ្នាក់ដឹកស្បៀង អាវុធ កាត់ទឹកភ្លៀង ឆ្លងកាត់ទន្លេមេគង្គដែលមានទឹកហូរយ៉ាងខ្លាំង។ ពលទាហានដែលឈរជើងនៅនេះ បានរៀបរាប់ថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺប្រថុយនឹងគ្រោះថ្នាក់ ប្រថុយគ្រោះមហន្តរាយ យកជីវិតទៅប្ដូរ ធ្វើដំណើរឆ្លងកាត់ ទន្លេសេសាន ឬមេគង្គលើ ដែលមានទឹកហូរខ្លាំង សម្បូរដោយថ្ម ប្រឈមនឹងការបុកថ្ម ការកឿងលិច។
ទោះឧបសគ្គ បញ្ហាប្រឈមយ៉ាងណា ក៏មិនមានគ្រោះថ្នាក់ណាមួយកើតឡើងបានឡើយ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ទៅដល់សមរភូមិកំពុងក្ដៅ។ ក្នុងស្ថានភាពខ្លួនប្រាណសើមទទឹកជោគដោយសារទឹកភ្លៀងធ្លាក់ ក៏ឯកឧត្តម មិនបានចូលទៅក្នុងការិយាល័យ ឬទីបញ្ជាការទេ ភ្លាមៗ ឯកឧត្តម បានចុះទៅសួរសុខទុក្ខ ពង្រឹងពលទាហានផ្ទាល់តែម្ដង។ ឯកឧត្តម បានចំណាយថវិកាផ្ទាល់ខ្លួនជួសជុលទីបញ្ជាការ ដំឡើងអង់តែនទូរស័ព្ទ ដើម្បីងាយស្រួលទំនាក់ទំនង។ ជម្លោះកម្ពុជា-ឡាវ បានបញ្ចប់ទៅវិញក្រោមរូបភាពនៃការចរចារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ