Connect with us

ព័ត៌មានជាតិ

កូន​ស្វា​កន្ទុយ​-​ស កម្រ​ជិត​ផុត​ពូជ ត្រូវបាន​ពលរដ្ឋ​ប្រគល់ជូន​ដល់​ក្រសួងបរិស្ថាន

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានទទួល​កូន​សត្វ​ស្វា​កន្ទុយ​ស​ពី​ពលរដ្ឋ​អំឡុង​បំពេញបេសកកម្ម​នៅ​លើ​ទឹកដី​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២១។ លោក​​ថ្លែង​ថា កូន​ស្វា​កន្ទុយ​ស ឈ្មោល​មួយ​ក្បាល ដែល​មាន​អាយុប្រមាណ​២ ខែ​នេះ នឹង​ត្រូវ​ថែរក្សា​ការពារ និង​ចិញ្ចឹម​ដោយ​ក្រុម​អភិរក្ស ដើម្បី​ឲ្យ​សត្វ​ស្វា​មួយ​ក្បាល​នេះ​មាន​សុខ​ភាពល្អ ចេះ​គ្រប់គ្រង​ខ្លួនឯង មុននឹង​យកទៅ​ប្រលែង​ចូលក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​នេត្រ ភក្ត្រា នៅ​ឆ្នាំ​២០២០ កូន​ស្វា​កន្ទុយ​ស​ចំនួន​២ ក្បាល​ត្រូវបាន​ពលរដ្ឋ​ប្រគល់ជូន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ខេត្តមណ្ឌលគិរី និង​បាន​កំពុង​ថែរក្សា​ដោយ​ក្រុម​អ្នក​អភិរក្ស​។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​តូច ដែល​នៅតែ​យាយី​សត្វព្រៃ ត្រូវ​បញ្ឈប់​សកម្មភាព​ចាប់​សត្វព្រៃ បរបាញ់​សត្វ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​បញ្ឈប់​ការយក​សត្វ​កម្រ​មក​ចិញ្ចឹម បើ​ពុំ​នោះទេ នឹងត្រូវ​ប្រឈមមុខ​ច្បាប់​។

លោក​ថ្លែង​ថា តាម​ការសិក្សា​របស់​ម​ន្ត្រី​ជំនាញ​ផ្នែក​សត្វព្រៃ សត្វ​ស្វា​កន្ទុយ​ស​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​។ គេ​មិន​មាន​របាយការណ៍​សត្វ​ស្វា​កន្ទុយ​ស​សរុប​នៅលើ​ពិភពលោក​ទេ ប៉ុន្តែ​មាន​មិន​នៅ​សេ​សល់​ច្រើន​នោះឡើយ​។

តាម​ទិន្នន័យ​ស្វា​កន្ទុយ​ស​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ជាង​២ ម៉ឺន​ក្បាល ហើយ​វត្តមាន​របស់​សត្វ​កន្ទុយ​ស​នេះ​ច្រើនជាង​គេ​គឺ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី ដែល​តាម​ការសិក្សា​មាន​ចំនួន​៦.៧៥៦​ក្រុម​។ លោក​បាន​ថ្លែង​ថា ដោយមាន​ការ​អភិរក្ស​បាន​ល្អ និង​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង ក្នុង​រយៈពេល​១០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​សត្វ​ស្វា​កន្ទុយ​ស​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​មាន ស្ថេរភាព​។ ក្រៅពី​ស្វា​កន្ទុយ​ស កម្ពុ​ជាមាន​ប្រភេទ​ពានរ ដែល​ជិត​ផុត​ពូជ​ផ្សេង​ទៀត​លើ​ពិភពលោក​ដូចជា ទោច​ថ្ពាល់​លឿង ស្វាអង្កត់ ស្វា​ព្រាម ស្វា​ក្តាម ជាដើម​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង អភិរក្ស​សត្វព្រៃ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​អប់រំ​ពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ និង​ចុះ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​សត្វព្រៃ និង​ការ​ដោះ​អន្ទាក់​ចេញពី​ក្នុង​តំបន់​ការ​ពរ​ធម្មជាតិ​។ លោក​ថ្លែងថា អន្ទាក់​គឺជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ ហើយ​នៅ​ឆ្នាំ​២០២០ កន្លងទៅ អន្ទាក់​គ្រប់​ប្រភេទ​ប្រមាណ​៥ ម៉ឺន​អន្ទាក់​ត្រូវ​ដោះ​ចេញពី​ក្នុង​តំបន់ការពារធម្មជាតិ និង​ជួយសង្គ្រោះ​ជីវិត​សត្វព្រៃ​ជាច្រើន​ក្បាល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម