Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរចាប់អារម្មណ៍ជិះរទេះក្របីលំហែលេងក្រៅពីតំបន់ប្រាសាទនានានៅសៀមរាប

បានផុស

នៅ

បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយខ្លាំង ភ្ញៀវទេសចរក៏ចាប់ផ្តើមកកម្ពុជាវិញ​ ជាពិសេស គឺខេត្តសៀមរាបតែម្តង ដែលជាខេត្តមួយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានច្រើន។ នៅខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទនានា ភ្ញៀវទេសចរក៏ចាប់អារម្មណ៍ជិះរទេះក្របីលំហែលេងច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នារសៀលថ្ងៃចុងសប្តាហ៏កន្លងទៅនេះ នៅក្នុងសហគមន៍រទេះក្របី ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានភ្ញៀវទេសចរបរទេសចំនួនប្រមាណជា ១០០នាក់ បន្ទាប់ពីបានទស្សនានៅតំបន់ប្រាសាទផ្សេងៗរួចហើយ ក៏បានមកចាប់អារម្មណ៍រទេះក្របីលំហែកាយនៅតាមភូមិជនបទ និងវាលស្រែយ៉ាងគួរឱ្យទាក់ទាញ ដែលមិនធ្លាប់មាននៅស្រុកពួកគេឡើយ។

អ្នកគ្រប់គ្រងទូទៅនៅក្នុងសហគមន៍រទេះក្របី លោក ឆេង ឆោម បានលើកឡើងថា សហគមន៍រទេះក្របីនេះ បានបើកឲ្យដំណើរការអស់រយ:ពេលជិត១០ឆ្នាំមកហើយ តែក្រោយមកត្រូវបានបិទរយ:ពេល៣ឆ្នាំ ក្នុងអំឡុងវិបត្តិកូវីដ-១៩ រហូតមកដល់ឆ្នាំ២០២៣ ក្នុងខែមេសា ទើបចាប់ផ្តើមឲ្យដំណើរការឡើងវិញ ស្របពេលដែលមានភ្ញៀវបណ្តើរៗហើយនោះ ។ លោក បានបន្តទៀតថា នៅសហគមន៍នេះ គឺមានរទេះក្របីចំនួន ១៦គ្រឿង និងបុគ្គលិកចំនួនប្រមាណជា ២០នាក់សម្រាប់សេវាកម្មដឹកជូនភ្ញៀវកម្សាន្តតាមភូមិ តាមវាលស្រែ ដើម្បីមើលទេសភាពដ៏ស្រស់បំព្រងនារដូវប្រាំង រដូវវស្សា និងការរស់នៅរបស់ប្រជាកសិករនៅទីនោះ។

លោកបន្តថា ឥលូវនេះឃើញថា ភ្ញៀវទេសចរនៅខេត្តសៀមរាប មានការកើនឡើងល្អប្រសើរ ជាពិសេស នៅដើមឆ្នាំ២០២៤នេះតែម្តង នៅក្នុងសហគមន៍ ថ្ងៃខ្លះក៏មានភ្ញៀវបរទេសចាប់ពី ៥០នាក់ ទៅ ១០០នាក់ ក្នុងមួយថ្ងៃៗ។ ចំពោះតម្លៃសេវាកម្មសម្រាប់ភ្ញៀវទេសចរបរទេសវិញ គឺក្នុងម្នាក់ៗ ២០ដុល្លារ ដោយឡែកសម្រាប់ភ្ញៀវខ្មែរ ក្នុងម្នាក់ៗ ៣ ដុល្លារ ហើយរទេះក្របីមួយជិះបានគ្នា ៣នាក់ សម្រាប់ដំណើរកម្សាន្តនៅតាមភូមិ តាមវាលស្រែ ប្រើរយ:ពេលប្រមាណជា ២៥នាទី ទៅ ៣០នាទី ទើបវិលមកកន្លែងដើមវិញ។

ពលរដ្ឋដែលជាម្ចាស់ក្របី អាយុ ៧០ឆ្នាំ បានឲ្យដឹងថា ពួកគាត់បានធ្វើការនៅក្នុងសហគមន៍នោះ ជាច្រើនឆ្នាំមកហើយ ពួកគាត់អាចរកមក្រៃបានពីការងារដឹកភ្ញៀវក្នុងមួយខែៗ ទទួលបានប្រាក់ចំណូលចំនួន ២០០ដុល្លារ សម្រាប់ផ្គត់ផ្កងក្រុមគ្រួសារ ហើយការងារដឹកភ្ញៀវនេះ វាមិនលំបាកទេ វាអាស្រ័យទៅលើភ្ញៀវប៉ុណ្ណោះ ថ្ងៃណាភ្ញៀវច្រើន គឺដឹកបាន២ជុំ ទៅ៣ជុំដែរ ថ្ងៃខ្លះភ្ញៀវតិចតាមតិច ភ្ញៀវច្រើនតាមច្រើន មិនទៀងនោះទេ។

ពលរដ្ឋថា គាត់មានក្របីចំនួន២ក្បាល សម្រាប់អូសរទេះដឹកភ្ញៀវដើរកម្សាន្តស្ទើរជារៀងរាល់ថ្ងៃឲ្យតែមានភ្ញៀវ គឺគាត់ជូនបានជានិច្ច វាដូចជាការហាត់ប្រាណទៅហើយ ដែលធ្វើឱ្យពួកគាត់សប្បាយចិត្ត និងរីករាយចំពោះការងារបែបនេះ ដែលខាងសហគមន៍មិនរើសអើងថា លោកចាស់ៗហើយធ្វើការមិនកើតនោះទេ នៅទីនេះ មនុស្សចាស់ក៏ដោយ ឲ្យតែមានកម្លាំងអាចធ្វើបាននោះ គឺគេមិនប្រកាន់ឡើយ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម