ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ឆ្លើយតប៦ចំណុច ទៅកាន់អ្នករិះគន់ថា ព្រែកជីកហ្វូណន នឹងសម្រួលដល់ទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម
នៅថ្ងៃអង្គារ នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប ៦ចំណុច ទៅអ្នកដែលលើកឡើងទាំងល្ងិតល្ងង់ថា «ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម»។

ការចេញមកឆ្លើយតបនាពេលនេះ បន្ទាប់ពីសម្ដេច បានឃើញការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម និងជាពិសេសថ្មីៗនេះ មានការប្រឌិតរឿង ព្រែកជីកតេជោហ្វូណនដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។
ជុំវិញការចុះផ្សាយបែបប្រឌិតទាំងនេះ ត្រូវបានសម្ដេចតេជោ ឆ្លើយតបដោយការដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិរបស់សម្ដេចតេជោ លើចំណុចមួយចំនួន ក្នុងនោះសម្ដេចចោទសួរទៅកាន់អ្នកប្រឌិតព័ត៌មានទាំងនោះថា តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?

ក្រៅពីការចោទសួរ សម្ដេចតេជោ បានរម្លឹកថា កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយសម្ដេច ក៏បញ្ជាក់ពីទំនាក់ទំនង ចិន និងវៀតណាម ដែលមានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្ដេចតេជោ បានបន្ថែមការចោទសួរយ៉ាងដូច្នេះថា «តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?»។

ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។ នេះជាការបន្ថែមរបស់សម្ដេចតេជោ។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលព្រែកជីកនេះ នឹងជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្ដេចប្រធានព្រឹទ្ធសភា បានអះអាងថា ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ សម្ដេចបានបញ្ជាក់ថា កម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥។ សម្ដេចបានប្រាប់ក្រុមប្រឌិតព័ត៌មាន គួរនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះកម្ពុជាបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។
សម្ដេចតេជោ ក៏បានអំពាវនាវ កុំមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ។ សម្ដេចតេជោ អះអាងថា កម្ពុជាក៏ចេះគិតពីប្រយោជន៍ជាតិរបស់ខ្លួនដូចពួកអ្នកប្រឆាំង។ សម្ដេច បានចំអកទៅកាន់ក្រុមប្រឆាំងល្ងិតល្ងង់ថា «ខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


