ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិករោងចក្រ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិក និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកនេះរោងចក្រ COMO APPAREL CO.,LTD ដឹកនាំដោយលោក ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងរោងចក្រ C.F.C GARMENT PTY CO.,LTD. ដឹកនាំដោយ ឯកឧត្តម សាន គឹមហុង អនុរដ្ឋលេខាធិការ និងរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD ដឹកនាំដោយ លោក វិត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ។

នៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតជាង ១ ៨០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ COMO APPAREL CO.,LTD. ស្ថិតក្នុង ខណ្ឌកំបូល លោក ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ បានជួបពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រ និងបានសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតតាមផ្នែកនីមួយៗនៅក្នុងរោងចក្រ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងដំណើរការនៃការប្រព្រឹត្តទៅនៃខ្សែចង្វាក់ផលិតកម្មនៅក្នុងអគាររោងចក្រ។

ក្រោយការទទួលទានអាហារថ្ងៃត្រង់ និងជួបសំណេះសំណាលសាកសួរផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតរួច លោក ងុយ រិទ្ធ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ COMO APPAREL CO.,LTD.. ដែលមិនត្រឹមតែគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតផងដែរ។

ដោយឡែក ក្នុងការចុះសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកជាង ៨០០នាក់ នៅរោងចក្រ C.F.C GARMENT PTY CO.,LTD. ក្នុងខណ្ឌកំបូល លោក សាន គឹមហុង អនុរដ្ឋលេខាធិការ បានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC(ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ ផងដែរ។

លោក សាន គឹមហុង និងក្រុមការងារ ក៏បានទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល។

នៅក្នុងឱកាសនោះដែរ លោកក៏បានជួបពិភាក្សាការងារជាមួយតំណាងរោងចក្រ ដោយបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិកដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច។

ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកជាង ៨០០នាក់ នៃរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD. ស្ថិតក្នុងខណ្ឌកំបូល លោក វិត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាល និងនាយកសហគ្រាស ដើម្បីសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងដែលរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD. ផ្តល់ជូនបងប្អូនកម្មករនិយោជិក។
នាឱកាសនោះដែរ លោកក៏បានចុះពិនិត្យមើលផ្ទាល់តាមខ្សែចង្វាក់ផលិតកម្មនៅក្នុងអគាររោងចក្រ និងបានជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិក និងបានទទួលទានបាយថ្ងៃត្រង់នៅអាហារដ្ឋានក្នុងរោងចក្ររួមគ្នាផងដែរ។

លោកអនុរដ្ឋលេខាធិការ បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិកបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់ផងដែរ។ ក្នុងឱកាសនោះ លោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកប្រកបដោយភាពស្និទ្ធស្នាល។

ទន្ទឹមនេះ លោកបានស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិកទាំងអស់ផងដែរ៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


