ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ថា ថៃព្យាយាមបង្វែរបញ្ហាផ្ទៃក្នុងខ្លួនមកបង្កើតជម្លោះជាមួយកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាអំពីហេតុការណ៍ពិតនៃជម្លោះដែលបាននិងកំពុងកើតមានឡើងរវាងកម្ពុជា និងថៃ ដោយសម្ដេចតេជោ អះអាងថា ថៃ កំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។

ការលើកឡើងរបស់សម្ដេចតេជោ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចអនុញ្ញាតឱ្យលោក បាប៊ីត្រា ម៉ាហ្គឺរីតា អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងក្រោយជំនួបនេះ ថា សម្តេចតេជោ ហ៊ុន សែន គឺបានលើកឡើងជាមួយនឹងការសោកស្តាយអំពីសកម្មភាពដែលភាគីថៃបានធ្វើឱ្យស្ថានភាពនៃទំនាក់ទំនងប្រទេសទាំងពីរកើតឡើងនូវភាពតានតឹង។
បើតាមលោក ជា ធីរិទ្ធ, សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ប៉ុន្តែអ្វីដែលសម្តេចធ្វើ គឺដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងមិនចង់ឱ្យមានការប្រមាថចំពោះទឹកដី និងប្រជាជនកម្ពុជា។ ក្នុងន័យនេះ សម្ដេចតេជោ បញ្ជាក់ប្រាប់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ថា ការឆ្លើយតបរបស់កម្ពុជាទៅកាន់ប្រទេសថៃ គឺគ្រាន់តែបោះដុំភ្លើង ដែលគេបោះមកកម្ពុជា ត្រឡប់ទៅកាន់ក្រុងបាងកកវិញប៉ុណ្ណោះ។

បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ សម្តេចតេជោ បញ្ជាក់ថា គឺផ្តើមចេញពីភាគីថៃ ដែលបានគូរផែនទីជាឯកតោភាគី និងការបាញ់សម្លាប់ទាហាខ្មែរដោយទាហានថៃ កាលពីថ្ងៃទី២៨ ខែឧសភា ព្រមទាំងការបិទព្រំដែនដោយឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនមកលើកម្ពុជា។
ជាជំហររបស់កម្ពុជា គឺមិនចង់ឃើញសង្គ្រាមជាមួយប្រទេសជិតខាងនោះឡើយ ពោលគឺចង់ឱ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធី និងប្រើយន្តការច្បាប់អន្តរជាតិ ជាពិសេសនោះ គឺជ្រើសរើសយកយុត្តាធិការនៃតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីនាំយកជម្លោះព្រំដែនដ៏រសើបចំនួន៤ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការអន្តរជាតិនេះ។ សម្ដេចតេជោ អះអាងដូច្នេះ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានអរគុណសម្តេចតេជោ ដែលបានចែករំលែកព័ត៌មានជុំវិញវិវាទព្រំដែនរវាងកម្ពុជា និងថៃ ហើយលោក ក៏បានចាត់ទុកជម្រើសរបស់កម្ពុជាក្នុងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ជាចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១នោះឡើយដែលសម្ដេច ហ៊ុន សែន តែងប្រាប់ពីជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ជាពិសេសប្រាប់ឱ្យបរទេសជួយជំរុញថៃ ទៅដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


