Connect with us

ព័ត៌មានជាតិ

កម្ពុជា និងឥណ្ឌា ដាក់​ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកួត ដំណាក់ទី១

បានផុស

នៅ

ប្រទេសកម្ពុជា និងប្រទេសឥណ្ឌាបានដាក់ឱ្យដំណើរការជា ផ្លូវ​ការ​ការទូទាត់ឆ្លងដែនតាមឃ្យូអរកួតដោយដំណាក់កាលទី១ ឥណ្ឌា​ស្កេនខេអេចឃ្យូអរកួត​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ បានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងលោក Saswat Kumar Mahapatra ប្រធានគ្រប់គ្រងទូទៅ ធនាគារកណ្តាលឥណ្ឌាដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ ១៩០ រូប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជាបានឱ្យដឹងថា ស្របពេលដែលមានកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា ការដាក់ឱ្យដំណើរការ ជាផ្លូវការការទូទាត់ឆ្លងដែនតាម ឃ្យូអរកួតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការ សម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញនិងសេវា តាមខេអេចយ្យូអរកួតរបស់អាជីវករប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយ ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយ ភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

លើសពីនេះទៀតការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះនឹង ពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និង និងប្រទេសឥណ្ឌាឱ្យកាន់តែទូលំទូលាយសំដៅគាំទ្រការបង្កើតកាលានុវត្តភាព និងបង្កើនសកម្មភាពពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ។

បើតាមធនាគារជាតិគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះសម្រេចទៅបាន ដោយមានកិច្ចសហប្រតិបត្តិការ រវាងបណ្តាញទូទាត់ជាតិ NIPL នៃប្រទេសឥណ្ឌា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារ ទំនាក់ទំនងនៅកម្ពុជា។

គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ ឆ្លុះបញ្ចាំងពី ទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូនានា នៅលើពិភពលោក ស្របពេលដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ អាស៊ាន។

សមិទ្ធផលដែលសម្រេចបាននាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យ សាធារណៈនិងវិស័យឯកជន ក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ រួមចំណែកគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍៕
អត្ថបទ ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម