Connect with us

នយោបាយ

កម្ពុជា-អាមេរិកប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការអនុវត្តច្បាប់

បានផុស

នៅ

ប្រទេសកម្ពុជា និងអាមេរិកបានប្តេជ្ញារួមគ្នា បន្តពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការងារសន្តិសុខ និងវិស័យអនុវត្តច្បាប់ ដើម្បីគាំទ្រដំណើរការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងអំពើភេរវកម្ម​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីរសៀលថ្ងៃទី ១២ កក្កដា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់សហរដ្ឋអាមេរិក មកលើដំណើរការអភិវឌ្ឍ ក៏ដូចជាដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅក្នុងរយៈពេលកន្លងមក ជាពិសេស គឺបេសកកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួមចំណែកជួយគាំទ្រពីសហរដ្ឋអាមេរិកផងដែរ។

ទន្ទឹមនិងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអបអរសាទរចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ​នឹងការងារ​សន្តិសុខ និងលើវិស័យអនុវត្តច្បាប់ និងមានក្ដីសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាព ក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។

ជាការឆ្លើយតប លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបង្ហាញការចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក ក៏ជាសហប្រធាននៃជំនួប​កំពូលនៅពេលនោះ រួមទាំងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត ក៏បានជជែកពិភាក្សាផ្លាស់​ប្ដូរយោបល់ប្រកបដោយផ្លែផ្កា។

សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ថាកម្ពុជាស្វាគមន៍ជានិច្ចចំពោះការគាំទ្រ​ពីបណ្ដាប្រទេសជាដៃគូ ប្រទេសជាមិត្ត រួមទាំងសហរដ្ឋអាមេរិក។

នៅក្នុងជំនួបពិភាក្សានេះភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ព្រមទាំងបានធ្វើការវាយ​តម្លៃទៅ​លើកិច្ចសហប្រតិបត្តិការវិស័យ​អនុវត្តច្បាប់ ក្នុងនោះរួមមាន៖ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយភាគីទាំងពីរបានចាត់ទុកកិច្ចសហប្រតិបត្តិការនេះ ថាមានសារៈសំខាន់ដែលត្រូវតែបន្តពង្រឹង និងពង្រីក ពិសេសលើអ្វីដែលបានអនុវត្តកន្លងមករវាងភាគីទាំងពីរ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម