ព័ត៌មានជាតិ
សម្ដេចតេជោ ថា វត្តមានជាថ្មីនាវាចម្បាំងអាមេរិកនៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិ
ខណៈនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក USS SAVANNAH កំពុងចូលសំចតនៅដែនសមុទ្រកម្ពុជា រយៈពេល៥ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន អះអាងថា វត្តមានជាថ្មីរបស់នាវាចម្បាំងសហរដ្ឋអាមេរិកនៅកម្ពុជា គឺបង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ការអះអាងរបស់សម្ដេចតេជោបែបនេះ ខណៈនាពេលថ្មីៗកន្លងទៅ មេបញ្ជាការកងទ័ពកម្ពុជា ក៏បានទៅប្រជុំនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដែលសម្ដេចតេជោ ចាត់ទុកថា គឺជាការបង្កើនទំនុកចិត្តឱ្យគ្នាទៅវិញទៅមកបន្ថែមទៀតទៅលើកិច្ចសហប្រតិបត្តិការផ្សេងៗរវាងកម្ពុជា និងអាមេរិក ដែលមានស្រាប់ ក៏ដូចជាតាមរយៈសកម្មភាពរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
សម្ដេចតេជោ លើកឡើងដូច្នេះ ក្នុងឱកាសទទួលភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ តបតាមសំណើរបស់ភាគីសហរដ្ឋអាមេរិកក្នុងការចូលសំចតនាវា និងដោយទទួលបានការឯកភាពពីក្រសួងការពារជាតិកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS28) ដែលមាននាវិកសរុបចំនួន ១០៣នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ បើតាមក្រសួងការពារជាតិកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក មានចំនួន២៧គ្រឿងហើយ ខណៈការចូលសំចតលើកនេះ ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ។

លោកស្រី ប្រៃហ្គេត អែលវ៉កឃឺរ ភារធារីស្ដីទីអាមេរិក គូសបញ្ជាក់ជូនសម្តេចតេជោ ថា ការចូលចតឡើងវិញនាវាចម្បាំងអាមេរិកនៅកម្ពុជានាពេលនេះ គឺក្រោយដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា កន្លងទៅ ដែលនេះសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗ រួមមាន សុខាភិបាល អប់រំ ការដោះមីន ជាដើម។
លោកស្រីភារធារីស្ដីទី ក៏បានបង្ហាញក្ដីសង្ឃឹម និងចង់ឃើញទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែមានភាពខ្ពង់ខ្ពស់ ដូចដែលបានលើកឡើងនៅក្នុងសារអបអរសាទររបស់សម្តេចតេជោ ផ្ញើជូនលោកប្រធានាធិបតីថ្មី ដូណាល់ ត្រាំ ផងដែរ។

តបនឹងការលើកឡើងរបស់ភាគីអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា ប្រទេសទាំងពីរមានទំនាក់ទំនងយូរអង្វែង ដោយសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា គឺមុនកម្ពុជាទទួលបានឯករាជ្យពេញលេញទៅទៀត។ ជាមួយនឹងការវិលត្រលប់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ រំពឹងថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
សម្តេចតេជោ ថា រឿងចាស់ គឺជាបទពិសោធ ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសយើងទាំងពីរ ជាពិសេសក្នុងការកសាងទំនុកចិត្តរវាងប្រទេសយើងទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ច និងការវិនិយោគផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


