Connect with us

កីឡា

ក្រុម U17 កម្ពុជា ត្រូវបើកឆាកជួប U17 សិង្ហបុរី ក្នុងពានយុវជនអាស៊ានល្ងាចនេះ

បានផុស

នៅ

ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ១៧ ឆ្នាំ នឹងត្រូវបើកឆាកយុទ្ធនាការប្រកួតពានរង្វាន់យុវជនអាស៊ាន ASEAN Boys’ Championship អាយុក្រោម ១៧ ឆ្នាំ ទល់នឹងក្រុមជម្រើសជាតិ សិង្ហបុរី អាយុក្រោម ១៧ ឆ្នាំ នៅកីឡដ្ឋាន Gelora Delta ក្នុងប្រទេស ឥណ្ឌូណេស៊ី ថ្ងៃ សៅរិ៍ ទី ១១ ខែ មេសា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការប្រកួតនេះមកដល់ គ្រូបង្គោលលោកខែក ខេមរិន្ទ បានបង្ហាញការតាំងចិត្តជាខ្លាំង ដើម្បីនាំក្រុមឡើងទៅវគ្គបន្ត។ លោកបានមានប្រសាសន៍ ថា៖ «ការប្រកួតពានរង្វាន់នេះពិតជាមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍបាល់ទាត់ កម្ពុជា និងកីឡាករក្មេងៗរបស់យើង ឱ្យមានការប្រកួតកម្រិតអន្តរជាតិ។ ក្រុមទាំងអស់នៅក្នុងពូលជាមួយយើង សុទ្ធតែជាក្រុមខ្លាំង ដែលមិនអាចមើលស្រាលបាន ប៉ុន្តែពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងកៅអីវគ្គបន្ត»

ជំនួបរវាងក្រុម U17 កម្ពុជា ទល់នឹង U17 សិង្ហបុរី ថ្ងៃស្អែកវេលាម៉ោង ៧:៣០ យប់ គឺជាការប្រកួតនៅក្នុងពូល D។ ក្នុងថ្ងៃជាមួយគ្នានេះ ពូល D ក៏មានមួយគូទៀតដែរត្រូវប្រកួត គឺក្រុម U17 អូស្ត្រាលី ត្រូវជួបគ្នាជាមួយក្រុម U17 ប្រ៊ុយណេ នៅវេលាម៉ោង ៣:៣០ រសៀល។

ក្រុមយុវជន U17 គោព្រៃ កម្ពុជា និងក្រុម U17 សិង្ហបុរី ត្រូវបានគេមើលឃើញ ថា ជាក្រុមមានសមត្ថភាពប្រហាក់ប្រហែលគ្នានៅក្នុងការប្រកួតប្រជែងពានមួយនេះ។ ចាប់តាំងពីពាន ASEAN U17 Boys’ Championship បង្កើតឡើងពីឆ្នាំ ២០០២ មក ក្រុមទាំង ២ មិនដែលបានឈ្នះពាននេះឡើយ ដោយមានលទ្ធផលល្អបំផុតទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៤។

ពានយុវជនអាស៊ានអាយុក្រោម ១៧ ឆ្នាំនេះ បានរៀបចំឡើង ១៦ លើកហើយ ប៉ុន្តែ កម្ពុជា បានចូលរួមចំនួន ១២ លើក។ ក្នុងចំណោមការចូលរួមទាំង ១២ លើក គឺ U17 កម្ពុជា ភាគច្រើនបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល លើកលែងតែនៅឆ្នាំ ២០១៦ មួយប៉ុណ្ណោះ ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ វៀតណាម ០-១។ ដោយឡែកឈានចូលវគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ បានចាញ់ ថៃ ០-៣។

ចំណែកយុវជន សិង្ហបុរី វិញ ក៏មិនខុសពីយុវជន កម្ពុជា ច្រើនដែរ ដោយពួកគេធ្លាប់បានចូលរួមសរុបចំនួន ១២ លើក។ តាមរយៈប្រវត្តិកន្លងមក U17 សិង្ហបុរី ភាគច្រើនធ្លាក់នៅវគ្គចែកពូល លើកឡើងតែនៅឆ្នាំ ២០០៨ និង ២០១១ ដែលពួកគេធ្វើបានល្អបំផុត ទទួលបានចំណាត់ថ្នាក់លេខ ៤ ពីរលើក។

គួរបញ្ជាក់ ថា ការប្រកួតពាន ASEAN U17 Boys’ Championship 2026 នឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែ មេសា ដល់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម​ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម