ព័ត៌មានជាតិ
សម្ដេចតេជោគាំទ្រការលក់ទំនិញថៃស្តុកចាស់ឱ្យអស់ តែមិនត្រូវលួចនាំចូលថ្មីរួចបោកប្រាស់ថាជាទំនិញចាស់ឡើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រឱ្យអ្នកលក់ដូរនៅកម្ពុជា លក់ទំនិញថៃឱ្យអស់ ចំពោះទំនិញគ្រប់ប្រភេទដែលបាននាំចូលមកលក់លើទីផ្សារក្នុងស្រុកមុនពេលកម្ពុជា-ថៃ មានបញ្ហាជម្លោះព្រំដែនដ៏ចម្រូងចម្រាស់ជាមួយគ្នា ប៉ុន្តែឈ្មួញត្រូវមានភាពស្មោះត្រង់ មិនត្រូវលួចនាំចូលទំនិញគ្រប់ប្រភេទរបស់ថៃចូលមកលក់លើទីផ្សារក្នុងស្រុករួចបោកប្រាស់អ្នកទិញថាជាទំនិញចាស់ដែលសល់ក្នុងស្តុកនោះទេ។

សម្ដេច ហ៊ុន សែន បានលើកឡើង តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនារាត្រីថ្ងៃទី២០ ខែតុលា ដូច្នេះ៖« ខ្ញុំគាំទ្រការលក់ទំនិញចាស់ឲ្យអស់តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។ សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន។ »។

គួរកត់សម្គាល់ថា ចលនាពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់ទំនិញថៃបានកើតឡើង បន្ទាប់ពីថៃបានបាញ់ប្រហារមកលើកងទ័ពកម្ពុជាម្នាក់បណ្ដាលឱ្យបាត់បង់ជីវិតនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយថៃ ចេះតែប្រមាថមកលើ ប្រើអំពើហិង្សារលើពលករខ្មែរនៅលើដីថៃ។ ចលនាជាតិនិយម ពហិការឈប់ប្រើប្រាស់ទំនិញថៃ បានរីកធំឡើងៗ និងចាក់ចូលទៅជ្រៅក្នុងបេះដូងពលរដ្ឋខ្មែរ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារដោយអាវុធទ្រង់ទ្រាយធំមកលើកងទ័ពកម្ពុជា និងពលរដ្ឋស៊ីវិល នៅតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្ដរមានជ័យ កាលពីចុងខែកក្កដាកន្លងទៅ និងទង្វើថៃចាប់កងទ័ពកម្ពុជាយកប្រមាណ២០នាក់ក្រោយបទឈប់បាញ់ ដោយបញ្ជូនយោធិនកម្ពុជាមកវិញចំនួនត្រឹមតែ២នាក់ ក្នុងនោះម្នាក់មានសភាពរបួសធ្ងន់ធ្ងរដើរមិនរួច និងម្នាក់ទៀតរបួសស្មារតីធ្ងន់ធ្ងរ និងឃុំខ្លួនកងទ័ពកម្ពុជា មិនដោះលែង។

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃថា ប្រជាជនខ្មែរជាច្រើន ស្ទើរតែ៩៩ភាគរយនៃប្រជាជនសរុបទៅហើយ បានពហិការមិនប្រើប្រាស់ទំនិញថៃ ដើម្បីឆ្លើយតបទាំងការឈឺចាប់ទៅនឹងការប្រមាថ និងការឈ្លានពានមកលើកម្ពុជា ក្នុងនោះមិនថាតែប្រជាជននៅក្នុងប្រទេស ឬពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ។

ជុំវិញចលនាធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃនេះ សម្ដេច ហ៊ុន សែន មើលឃើញថា ចលនានេះបានក្លាយទៅជាបន្ទុកធ្ងន់ចំពោះអាជីវករខ្មែរលក់ដូរទំនិញថៃនៅសល់ ព្រោះមិនដឹងត្រូវយកទំនិញថៃទាំងនោះទៅណា មិនដឹងថាត្រូវដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ។

សម្ដេច ហ៊ុន សែន ក៏បានណែនាំទៅកាន់អ្នកទិញទំនិញ ក៏គួរពិនិត្យមើលលើទំនិញថៃដែលលក់លើទីផ្សារថាជាទំនិញចាស់ ឬទំនិញថ្មី ពីព្រោះទំនិញតែងមានកាលកំណត់របស់វា ហើយពលរដ្ឋខ្មែរត្រូវខិតខំផលិតទំនិញក្នុងស្រុកនិងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
គួរឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា ក្នុងមួយឆ្នាំៗពលរដ្ឋកម្ពុជាបានយកប្រាក់មិនតិចជាង ៥ ពាន់លានដុល្លារទៅទិញទំនិញពីប្រទេសថៃ។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ជាង ២.៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,២% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានតម្លៃជាង ៥៧៦លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាមានតម្លៃ ២.៣ពាន់លានដុល្លារ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


