Connect with us

សន្តិសុខសង្គម

ពលរដ្ឋសំណូមពរឲ្យការបង់ថ្លៃសេវាប្រមូលសំរាម ពីប្រាក់ដុល្លារ ទៅជាប្រាក់រៀលវិញ

បានផុស

នៅ

ប្រជាពលរដ្ឋនៅមូលដ្ឋានខណ្ឌមានជ័យ បានសំណូមពរឱ្យការបង់ថ្លៃសេវាប្រមូលសំរាម ពីការបង់ប្រាក់ដុល្លារ ទៅជាប្រាក់រៀលវិញ ដោយសារតែប្រទេសកម្ពុជាប្រើប្រាស់លុយរៀល ហើយប្រជាពលរដ្ឋងាយស្រួលបង់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងសំណូមពរនេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឱ្យសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញ ពិចារណា ថាតើអាចទទួលថ្លៃបង់សេវាសំរាមរបស់ប្រជាពលរដ្ឋពីការបង់ប្រាក់ដុល្លារទៅជាប្រាក់រៀលវិញបានដែរឬទេ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជាអធិបតី ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការបង់ថ្លៃសំរាមរបស់គាត់នៅក្នុងខែនេះ គឺគុណជា២ ដែលមានតម្លៃដល់ទៅ​៥ដុល្លារ ដែលខែមុនតែ១ម៉ឺនរៀលស្មើរ២ដុល្លារកន្លះ។ បញ្ហានេះ លោក ហួត ហៃ បានបញ្ជាក់ថា ការបង់ថ្លៃប្រមូលសំរាមគឺពុំបានឡើងថ្លៃឡើយ ប៉ុន្តែដោយសារការដោះដូរប្រព័ន្ធបានធ្វើឱ្យការបង់ប្រាក់ខែនេះត្រូវគុណជា២។ ជាឧទាហរណ៍ ការបង់ថ្លៃសំរាម គឺអនុវត្តតាមប្រព័ន្ធធនាគារ ដោយកាលពីមុន ប្រជាពលរដ្ឋត្រូវបង់ថ្លៃសំរាម ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ហើយផុតពីថ្ងៃនេះទៅ គឺពុំអាចបង់បានឡើយ។ ដោយឡែកប្រព័ន្ធថ្មី គឺប្រជាពលរដ្ឋអាចបង់បានពេញ១ខែ នៅថ្ងៃណាក៏បាន ដូច្នេះបានធ្វើឱ្យប្រព័ន្ធ ចេញតារាងបង់រហូត២ខែ។ តាមរយៈនេះ ប្រសិនបើប្រជាពលរដ្ឋបានបង់ខែនេះចំនួន២ខែហើយ គឺខែក្រោយពុំបាច់បង់ទៀតឡើយ។

ចំពោះសំណូមពរបង់ថ្លៃសំរាមជាប្រាក់រៀលវិញ លោកអភិបាលរងបានបញ្ជាក់ថា ក្រុមហ៊ុនដែលដេញថ្លៃប្រមូលសំរាមទាំងអស់នៅរាជធានីភ្នំពេញ គឺសុទ្ធតែជាក្រុមហ៊ុនបរទេស មានដូចជា ក្រុមហ៊ុនស៊ីនទ្រី (Cintri Cambodia)​សហការជាក្រុមហ៊ុនចិន អេវើប្រាយ (Everbrigth China) , ក្រុមហ៊ុន 800 ស៊ូបភើ (SUPER/GAEA) (បារាំង-សិង្ហបុរី) និងក្រុមហ៊ុនចិន ម៉ិស៊ូដាគ្រុប( Mizuda Group Co.,Ltd) ។ ក្រុមហ៊ុនទាំងអស់នេះ ត្រូវបានបែងចែកសិទ្ធិប្រមូលសំរាមតាមទីតាំងផ្សេងៗគ្នា ហើយដឹកទៅទីលានចាក់សំរាម ដោយគិតជាប្រាក់ដុល្លារពីសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ក្នុង១តោន តម្លៃ២៣ដុល្លារ។

លោកបានបញ្ជាក់បន្ថែមថា «ក្រុមហ៊ុនទាំងអស់នេះដេញថ្លៃជាអន្តរជាតិ ដោយបង់លុយជាប្រាក់ដុល្លារ ហេតុនេះហើយ បានជាប្រព័ន្ធចេញមកជាប្រាក់ដុល្លារ ប៉ុន្តែសំណូមពររបស់បងប្អូនសូមឱ្យអគ្គនាយកយកទៅពិចារណា ជាមួយក្រុមប្រឹក្សាភិបាលឡើងវិញ តើអាចដូរជាប្រាក់រៀលបានដែរឬទេ? ឧទាហរណ៍ គាត់ត្រូវបង់ ២.៥ ដុល្លារក្នុងមួយខែ តើអាចបង់ប្រហាក់ប្រហែល ១ម៉ឺនរៀលបានដែរឬទេ? តារាងបង់ប្រាក់កន្លងមកនេះ គឺសម្រេចចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយស្នើសុំការឯកភាពពីថ្នាក់ដឹកនាំខាងលើ»។

គួរបញ្ជាក់ថា នៅក្នុងវេទិការនេះ មានប្រជាពលរដ្ឋលើកឡើងជាសំនួរ និងសំណូមពរផ្ទាល់មាត់ចំនួន៧បញ្ហាដែលពាក់ព័ន្ធទៅនឹងវិស័យសាធារណការ ស្នើស្តារប្រឡាយបឹងត្របែក ស្នើដាក់លូ ធ្វើផ្លូវ និងដាក់ភ្លើងបំភ្លឺផ្លូវបន្ថែមនៅក្នុងភូមិសាស្រ្តខណ្ឌ រួមទាំងការស្នើសុំធ្វើអត្តសញ្ញាណបណ្ណ ផងដែរ។ ចំពោះសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងនេះ ត្រូវបានមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌ បានបកស្រាយភ្លាមៗ រួមទាំងងសន្យាចុះទៅពិនិត្យ ដោះស្រាយជូនពលរដ្ឋ។ចំណែកសំណូមពរជាលាយលក្ខណ៍អក្សរមានចំនួន៧១ច្បាប់ ដោយក្រុមការងារ និងពិភាក្សាដោះស្រាយ តាមក្រោយ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសសើរដល់រដ្ឋបាលរជធានីភ្នំពេញ ដែលបានបំពេញការងារក្នុងឆ្នាំ២០២៥នេះ ទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាព ដែលបានធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពស្រស់ស្អាត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម