ព័ត៌មានជាតិ
ក្រុមនិស្សិតប្លាស្ទិកប្តេជ្ញាដើរប្រមូលសំរាមដោយមិនខ្លាចហត់នឿយ
មកដល់ពេលនេះ គឺរយៈពេលជាង២ឆ្នាំហើយដែលក្រុមនិស្សិតប្លាស្ទិកដើរប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ជួនកាលដើរប្រមូលតាមបណ្តាខេត្តមួយចំនួនទៀត។ ពួកគេយល់ឃើញថា ពលរដ្ឋនៅតាមតំបន់មួយចំនួននៅតែបន្តបោះសំរាមចោលផ្តេសផ្តាសដដែល។ ទោះបីជាយ៉ាងនេះក្តី ក៏និស្សិតប្លាស្ទិក នៅតែប្តេជ្ញាតស៊ូប្រមូលសំរាមតាមលទ្ធភាពដែលអាចធ្វើបាន មិនខ្លាចនឿយហត់ឡើយ។

យុវជន ហែម សុភេម អ្នកដឹកនាំបង្កើតក្រុមនិស្សិតប្លាស្ទិក បានឱ្យកម្ពុជាថ្មីដឹងថា គិតមកដល់ពេលនេះ ក្រុមរបស់លោកធ្វើសកម្មភាពដើរប្រមូលសំរាមតាមប្រឡាយលូទឹកស្អុយ និងតាមទីសាធារណៈបានជាង២ឆ្នាំមកហើយ។ រយៈពេលជាង២ឆ្នាំនេះ យុវជនរូបនេះយល់ឃើញថា នៅតែមានការចោលសំរាមដដែលតាមកន្លែងមួយចំនួនដូចជា តាមប្រឡាយលូទឹកស្អុយជាដើម។ ប៉ុន្តែ បើក្រឡេកមកមើលតាមទីកន្លែងសាធារណៈធំៗមួយចំនួនវិញ គឺឃើញថាមិនសូវមានការចោលសំរាមផ្តេសផ្តាសដូចពីមុនឡើយ។

លោក ហែម សុភេម បាននិយាយថា៖ “យើងក៏ធ្លាប់បាននិយាយថា យើងហត់នឿយដែរ ដោយសារតែយើងព្យាយាមផ្លាស់ប្តូរឥរិយាបថនៃការចោលសំរាមហ្នឹងក៏យូរដែរហើយ ប៉ុន្តែ នៅតែមានមនុស្សចោលដដែល។ បើនិយាយពីការបន្ត ឬអត់? យើងនៅតែបន្តសកម្មភាពទៅមុខទៀត ហើយក៏មិនដឹងថាបានប្រវែងណាដែរ តែយើងនឹងធ្វើឱ្យអស់ពីលទ្ធភាព”។

ចំពោះសំរាមដែលប្រមូលបានវិញ ស្ថាបនិកក្រុមនិស្សិតប្លាស្ទិករូបនេះបានឱ្យដឹងថា ទំហំសំរាម គឺអាស្រ័យលើទីតាំងសំរាម ប្រសិនជាប្រឡាយលូទឹកស្អុយនោះសំរាមច្រើន គឺប្រមូលបានសំរាម ៨០ ទៅ១០០បេ និងត្រូវការចំណាយពេលវេលាយូរដែរ។ ដោយឡែក ចំពោះប្រឡាយលូណាដែលមិនសូវមានសំរាម អាចប្រមូលបានចន្លោះ ៣០ ទៅ៤០បេ។

លោក ហែម សុភេម បានសំណូមពរដល់សាធារណជនគ្រប់រូបទាំងអស់ គួរទុកដាក់សំរាមនៅទីកន្លែងមួយដែលត្រឹមត្រូវ ហើយត្រូវគិតថា ទីណាក៏ដោយ ក៏ជាមាតុភូមិ និងជាទឹកដីរបស់ខ្លួនដែរ។ ដូច្នេះហើយ ដើម្បីជាការស្រឡាញ់ និងថែរក្សាសោភណភាពឱ្យបានស្អាត គឺចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាដោយការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
សូមជម្រាបថា ក្រុមនិស្សិតប្លាស្ទិក ត្រូវបានបង្កើតឡើងដោយយុវជន ហែម សុភេម ដោយពួកគេបានប្រមូលនិស្សិតដទៃទៀតដែលស្រឡាញ់បរិស្ថាន និងចង់ឱ្យទីក្រុងស្អាត បង្កើតជាក្រុមមួយដើរប្រមូលសំរាមតាមទីសាធារណៈ ប្រឡាយលូទឹកស្អុយ តំបន់ទេសចរណ៍ ផ្សេងៗជាដើម។ ដំបូងឡើយ ក្រុមពួកគេ គឺត្រូវចំណាយថវិការផ្ទាល់ខ្លួនទាំងអស់ក្នុងការទិញសម្ភារៈផ្សេងៗដូចជាស្រោមដៃ បេជាដើម។ បន្ទាប់មក ក៏មានសប្បុរសជនមួយចំនួនបានបរិច្ចាគថវិកាសម្រាប់ទិញសម្ភារៈផ្សេងៗតាមរយៈបណ្តាញសង្គម។

គិតមកដល់ពេលនេះ ក្រុមនិស្សិតប្លាស្ទិក ប្រមូលសំរាមបានច្រើនដែរតាមកន្លែងផ្សេងៗ ហើយក៏អាចផ្លាស់ប្តូរផ្នត់គំនិតនៃការចោលសំរាមផ្តេសផ្តាសដល់ប្រជាពលរដ្ឋមួយចំនួនដូចគ្នា ទោះបីមិនបានទាំងអស់ក៏ដោយ។ ក្រុមនិស្សិតប្លាស្ទិកមានការប្តេជ្ញាខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដោយពួកគេថា នៅតែខិតខំដើរប្រមូលសំរាមតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


