Connect with us

កីឡា

អេ យ៉ានុត​ ឆ្លងកាត់​ការ​លំបាក​ច្រើន​ណាស់​រយៈពេល​ជាង ​១០​ឆ្នាំ​ក្នុង​នាមជា​កីឡា​ការិនី​គុន​ខ្មែរ​

បានផុស

នៅ

កូន​ស្រី​លោក​ អេ ភូថង​ គឺ​ អេ យ៉ានុត​ ថា​ក្នុង​រយៈពេល​ជាង​ ១០​ឆ្នាំ​មក​នេះ​​ហែល​ឆ្លង​កាត់ការ​លំបាក​ច្រើន​ណាស់​ក្នុង​នាម​ជា​កីឡាការិនីគុន​ខ្មែរ​​មួយរូប​​មាន​ទាំង​លះបង់​ភាព​អៀនខ្មាស់​ ការ​នឿយហត់​ និង​ការ​លះបង់​ពេលវេលា ព្រោះ​តែ​ស្រឡាញ់​អាជីព​ប្រដាល់​មួយ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី អេ យ៉ានុត

កីឡា​ការិនី​ អេ យ៉ានុត​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ឆ្នាំ​២០២៥​ រូប​គេ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​មាន​រយៈពេល​ប្រហែល​ជាង​ ១០​ឆ្នាំ​មក​ហើយ។​ ដោយ​ចិត្ត​ស្រឡាញ់​តាំង​តែ​ពីវ័យ​ក្មេង​ទើប​ធ្វើ​ឲ្យ​រូប​គេ​ជម្នះ​ចិត្ត​ម្ដាយឪពុក​ និង​យាយ ​រហូត​អាច​ចាប់​អាជីព​ប្រដាល់​នេះ​បានមក​​ដល់សព្វ​ថ្ងៃ​។​ ដោយ​សារ​តែ​ខ្លួន​ជា​កូន​ស្រី​មាន​តែ​ម្នាក់​ក្នុង​គ្រួសារ​ផង​ និង​ដឹង​ពី​ការ​លំបាក​លើ​វិថី​ប្រដាល់​មួយ​នេះ​ហើយ​នោះ​ទើប​ក្រុម​គ្រួសារ​របស់​ខ្លួន​មិន​ចង់​ឲ្យ​ចាប់​អាជីព​មួយ​នេះ​ទាល់តែ​សោះ​អំឡុង​កាល​នៅ​ក្មេងៗ​នោះ។​

កីឡាការិនី អេ យ៉ានុត

កូន​ស្រី​លោក​ អេភូថង​​ រូប​នេះ​បន្ត​ថា​ បើ​និយាយ​ពី​ការ​លំបាក​ក្រៅ​ពីសុំ​ក្រុម​គ្រួសារហើយ​នោះ​គឺ​មានរឿង​​ច្រើន​ទៀត​ដូច​ជា​ត្រូវ​ហ្វឹកហាត់​យ៉ាង​លំបាក​ដូច​កីឡាករ​ដទៃ​ដែរ​ដោយ​មិន​គិត​ថា​ជា​មនុស្ស​ស្រី​ ឬ​មនុស្ស​ប្រុស​នោះ​ឡើយ។​ កីឡា​មួយ​នេះ​ត្រូវ​ការ​ហ្វឹកហាត់​ធ្ងន់​ និង​ចំណាយ​ពេល​ច្រើន​ទម្រាំ​អាច​ចេះ​តាម​ក្បួន​ ឬ​មាន​សមត្ថភាព​ឡើង​ប្រកួត។​

កីឡាការិនី អេ យ៉ានុត

អេ យ៉ានុត​ បាន​បន្ត​ទៀត​ថា​ ការ​ហ្វឹកហាត់​ត្រូវ​ការ​លះបង់​ច្រើន​ទៀត​ដូច​ជា​លះបង់​ការ​អៀនខ្មាស់​ទាំង​អស់​ដោយ​ត្រូវ​ហាត់​ជា​មួយ​មនុស្ស​ប្រុស និង​ត្រូវ​ចាប់​អោប​ឡាំជង្គង់​គ្នា​ជា​ដើម។​ លះបង់​រាងកាយ​ជា​នារី​ដោយ​ត្រូវ​លត់ដំ​ខ្លាំង​ទាំង​ការ​ហាត់​ទាត់​ ហាត់​វាយដៃ​​ ហាត់​ជង្គង់​ ឬ​កែង​ ដើម្បី​ឲ្យ​រឹងមាំ​ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​ឡើង​សាច់ដុំ​​ មាន​ស្នាម​ជាំ​ មាន​បែក​បាក់​ជា​ដើម​ ខណៈ​ដែរ​នារី​ៗ​ទូទៅ​ខំប្រឹង​ថែរក្សា​ចំណុច​ទាំង​អស់នេះ​ខ្លាំង​បំផុត។​

កីឡាការិនី អេ យ៉ានុត(ស្ដាំ)

កីឡា​ប្រដាល់​មួយ​នេះ​ត្រូវ​ការ​ការលះបង់​ពេលវេលា​ហ្វឹកហាត់​យូរ​ឆ្នាំ​ និង​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ប្រសិន​បើ​ចង់​ឲ្យ​មាន​សមត្ថភាព​ល្អ​ និង​អាច​ប្រកួត​​ជា​មួយអ្នក​ផ្សេងៗ​បាន​ដោយ​មិន​សូវ​ជួប​ការ​លំបាក។​ ការ​លំបាក​មួយ​ទៀត​នោះ​គឺ​បញ្ហា​ប្រចាំ​ខែ​របស់​ស្ត្រី​ទូទៅ​ដែល​ត្រូវ​មាន​គ្រប់​គ្នា ដូច្នេះ​ហើយ​គឺ​មាន​ការ​លំបាក​ខ្លាំង​ទាំង​ពេល​ហ្វឹកហាត់​ ឬ​ពេល​ប្រកួត​នៅ​ពេល​នោះ។​

កីឡាការិនី អេ យ៉ានុត

អតីត​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​នេះ​បញ្ជាក់​ទៀត​ថា​ ដូច្នេះ​ហើយ​ទម្រាំ​អាច​តស៊ូ​ជា​មួយ​វិស័យ​កីឡា​ប្រដាល់​គុនខ្មែរ​រហូត​រយៈពេល​ជាង​ ១០​ឆ្នាំ​មក​នេះ​គឺ​មិន​ងាយ​ស្រួល​នោះ​ឡើយ​ពិសេស​សម្រាប់​នារីៗ​។​

យ៉ានុត​ សុំ​ចិត្ត​មហាជន​ឲ្យ​យល់​ដល់​ការ​លំបាក​ទាំង​នេះ​ និង​គួរ​លើក​ទឹកចិត្ត​​កីឡាករ​ កីឡាការិនី​វិញ​ និង​រិះគន់​ដោយ​ស្ថាបនា​ជាជាង​ស្ដីបន្ទោស​ ឬ​និយាយ​បំបាក់​ទឹកចិត្ត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​រហូត​ដល់​ការ​បោះបង់​អាជីព​កីឡា​ចោល​ដែលនាំ​ឲ្យ​វិស័យកីឡា​មិន​សូវ​មានការ​រីកចម្រើន។​

កីឡាការិនី អេ យ៉ានុត និង​ប្អូន

បញ្ជាក់​ដែរ​ថា​ កីឡាការិនី​ អេ យ៉ានុត​ ជា​កូន​ស្រី​ច្បង​របស់​លោក​ អេ ភូថង។​ រូប​គេ​ចាប់​អាជីព​ប្រដាល់គុនខ្មែរ​​បន្ត​ពី​ឪពុក​រយៈពេល​ជាង​ ១០​ឆ្នាំ​មកហើយ​គិត​ដល់​ឆ្នាំ​២០២៥​ នេះ។​ បន្ទាប់​ពី​ធ្វើ​មិន​សូវ​បាន​ល្អ​អំឡុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​រូប​គេ​រង់​ការ​រិះគន់​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​ជា​ខ្លាំងរហូត​ប្រកួត​ចុងក្រោយ​កាល​ពី​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ មាន​របួស​ស្រាំ​ដៃ​ស្ដាំ​ និង​រង់​ការ​រិះគន់​មិន​បាន​ក៏​សម្រេច​ចិត្ត​ឈប់​ពី​វិស័យ​ប្រដាល់​គុនខ្មែរ​ចាប់​ពី​ពេល​នេះ​ហើយ៕​

កីឡាការិនី អេ យ៉ានុត

អត្ថបទដោយ៖ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម