Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីរិះគន់សុន្ទរកថាបុណ្យណូអែលរបស់លោក​ហ្សេលេនស្គី ថាមានចរិត«ព្យាបាទ»

បានផុស

នៅ

វិមានក្រឹមឡាំង កាលពីថ្ងៃទី២៥ធ្នូ បានរិះគន់សុន្ទរកថាបុណ្យណូអែលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ថាជាសម្តី«ខ្វះសីលធម៍ និងព្យាបាទ» បន្ទាប់ពីលោកបានថ្លែងនូវពាក្យពេចន៍ដែលរុស្ស៊ីយល់ថា ជាការសំដៅ​ទៅលើអាយុជីវិតរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

លោក Dmitry Peskov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី២៤ធ្នូ លោកហ្សេលេនស្គី បានផ្ញើសារជូនពរបុណ្យណូអែល និងបានលើកឡើងថា ប្រជាជនអ៊ុយក្រែនបួងសួងសុំសន្តិភាព ប៉ុន្តែក៏បានរំលឹកពីការចង់ឲ្យបុគ្គលម្នាក់ដែលមិនបញ្ចេញឈ្មោះ «ស្លាប់» ផង​ដែរ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានចាត់ទុកថា សម្ដីនេះគឺសំដៅទៅលើលោកប្រធានាធិបតីពូទីន។

យោង​តាម Moscow Times អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ពាក្យសម្ដីទាំងនោះបង្ហាញពីការខ្វះការអត់ធ្មត់។ លោក Peskov បានលើកឡើងថា «ទាំងនោះគឺជាការថ្លែងដែលខ្វះសីលធម៍ ព្យាបាទ និងហាក់ដូចជាចេញពីបុគ្គលដែលមានសតិអារម្មណ៍មិននឹងនរ»។

លោកក៏បានចោទជាសំណួរថា តើប្រធានាធិបតីអ៊ុយក្រែនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើ «ការសម្រេចចិត្តដោយសមហេតុផល» ដើម្បីឈានទៅរកដំណោះស្រាយនយោបាយ និងការទូតសម្រាប់ជម្លោះនេះដែរឬទេ?

ប្រតិកម្មរបស់រុស្ស៊ីនេះ បានកើតឡើងក្នុងបរិបទដែលទីក្រុងមូស្គូ និងទីក្រុងកៀវ កំពុងដំណើរការការពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយ​អាមេរិក អំពីលទ្ធភាពនៃការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជិតបួនឆ្នាំមកនេះ ដែលបណ្តាល​ឲ្យ​មនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង។

នាពេលថ្មីៗនេះ លោកហ្សេលេនស្គី បានប្រកាសពីសេចក្តីព្រាងផែនការសន្តិភាព២០ចំណុច ដែលរៀបចំឡើងដោយអ៊ុយក្រែន និង​អាមេរិក រួមមានបញ្ហាទឹកដីក្រោយជម្លោះ ការធានាសន្តិសុខ និងការកសាងអ៊ុយក្រែនឡើងវិញ។ រុស្ស៊ីបាន​ឲ្យ​ដឹងថា ខ្លួនកំពុងពិនិត្យមើលសំណើនេះហើយ។

លោកប្រធានាធិបតីពូទីន បានបញ្ជាក់ដដែលៗថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការចរចា ប៉ុន្តែលោកសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវតែដោះស្រាយ «មូលហេតុឫសគល់» នៃជម្លោះ និងឆ្លុះបញ្ចាំងពីតថភាពទឹកដីជាក់ស្តែងនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម