Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ទទូច​សុំមីស៊ីល Patriot ពីអាមេរិកជាបន្ទាន់ ក្រោយរុស្ស៊ីសម្រុកផ្លោង​គ្រាប់​យ៉ាង​សន្ធាប់

បានផុស

នៅ

ប្រទេសអ៊ុយក្រែន បានផ្ញើលិខិតអំពាវនាវយ៉ាងទទូច និងបន្ទាន់បំផុត ទៅកាន់សហរដ្ឋអាមេរិក ដើម្បីសុំប្រព័ន្ធការពារអាកាសបន្ថែម យកទៅ​ទប់ទល់នឹងការវាយប្រហារ ដោយមីស៊ីលផ្លោងយ៉ាងសន្ធាប់ពីសំណាក់កងទ័ពរុស្ស៊ី។ នេះ​បើយោងតាម​សារព័ត៌មាន Asia Today ចុះផ្សាយ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៦។

ប្រព័ន្ធការពារ​ Patriot (រូបថត៖ U.S Army)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារនៅក្នុងលិខិត ដែលបានផ្ញើជូន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និងសភាអាមេរិក មេដឹកនាំ​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំឱ្យមានការប្រគល់អាវុធការពារដែន​អាកាសជាបន្ទាន់ ជាពិសេសគឺគ្រាប់មីស៊ីលប្រភេទ Patriot PAC-3។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ការការពារអ៊ុយក្រែនពីមីស៊ីលផ្លោងរបស់រុស្ស៊ី គឺជាកត្តាសំខាន់បំផុត សម្រាប់កិច្ចចរចាសន្តិភាព ហើយស្ថានភាពជាក់ស្តែងនាពេលនេះ គឺទាមទារឱ្យមានសកម្មភាពឆ្លើយតបដ៏រហ័ស និងម៉ឺងម៉ាត់បំផុតពីអាមេរិក។

ការទាមទារសុំជំនួយជាប្រញាប់នេះ បានធ្វើឡើង បន្ទាប់ពីកងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ថា រុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ដោយបានបាញ់មីស៊ីលផ្លោង រហូតដល់ទៅ ៣០គ្រាប់ ក្នុងការវាយប្រហារតែមួយលើកគត់។ អ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀតនោះ លោក ហ្សេលេនស្គី បានទម្លាយឱ្យដឹងថា កងទ័ពរុស្ស៊ី បានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទថ្មី ឈ្មោះថា Oreshnik ចំនួនពីរគ្រាប់ ដែលមីស៊ីលប្រភេទនេះ មានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានថែមទៀតផង។ នាពេលបច្ចុប្បន្ន មានតែប្រព័ន្ធការពារអាកាស Patriot របស់អាមេរិក និងគ្រាប់មីស៊ីលស្ទាក់ចាប់របស់វាប៉ុណ្ណោះ ដែលជាអាវុធតែមួយគត់ ដែលអាចជួយអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលផ្លោងដ៏គ្រោះថ្នាក់ទាំងនេះរបស់រុស្ស៊ីបាន។

លោក​ ហ្សេលេនស្គី និង​លោក ត្រាំ (រូបថត៖ REUTERS)

ដ្បិត​កន្លង​មក អ៊ុយក្រែន បានបញ្ជាទិញគ្រាប់មីស៊ីលស្ទាក់ចាប់ សម្រាប់ប្រព័ន្ធ Patriot នេះ តាមរយៈកម្មវិធីលទ្ធកម្មអាវុធពិសេសរបស់អង្គការណាតូ (NATO) ក៏ដោយ ប៉ុន្តែដោយសារតែសង្រ្គាមបានអូសបន្លាយពេលយូរពេក វាបានធ្វើឱ្យអ៊ុយក្រែនធ្លាក់ ក្នុងវិបត្តិខ្វះខាតគ្រាប់មីស៊ីលយ៉ាងធ្ងន់ធ្ងរ។ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទាំងក្តុកក្តួលថា ល្បឿននៃការផ្គត់ផ្គង់អាវុធ នាពេលបច្ចុប្បន្ន គឺមិនអាចទប់ទល់នឹងទំហំនៃការគំរាមកំហែង ដែលអ៊ុយក្រែនកំពុងប្រឈមមុខនោះទេ ហើយគ្មានអ្វីដែលឈឺចាប់ជាងការអង្គុយមើលម៉ាស៊ីនបាញ់មីស៊ីល Patriot ដ៏ទំនើប ត្រូវទុកចោលទទេ ដោយសារតែគ្មានគ្រាប់បាញ់នោះឡើយ។

ខណៈពេលដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទីបួនទៅហើយនោះ កិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ នៅតែជាប់គាំង ដោះស្រាយមិនចេញនៅឡើយ។ ដើម្បីឆ្លើយតបនឹងការជាប់គាំងនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហារដោយប្រើដ្រូន ដែលផលិតដោយខ្លួនឯង ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ចំណែកឯខាងភាគីរុស្ស៊ីវិញ ក៏បានសម្រុកបង្កើនការបាញ់មីស៊ីល និងប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយ បើកការវាយប្រហារលើអ៊ុយក្រែនវិញយ៉ាងចាស់ដៃដូចគ្នា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម