Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី បន់ឲ្យមេដឹកនាំ​រុស្ស៊ី «ស្លាប់» នៅឱកាសបុណ្យណូអែល

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា ប្រជាជនអ៊ុយក្រែនជាច្រើនបានលួចប្រាថ្នាក្នុងចិត្តចង់​ឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន «ស្លាប់» ដែលនេះជាការវាយប្រហារដោយសម្តីយ៉ាងធ្ងន់ធ្ងរបំផុតមួយលើមេដឹកនាំវិមានក្រឹមឡាំង នៅក្នុងសារលិខិតបុណ្យណូអែល ខណៈរុស្ស៊ីនៅតែបន្តសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

លោក​ហ្សេលេនស្គី (រូបថត៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Dailymail នៅ​ថ្ងៃទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០២៥ ក្នុងសារជាវីដេអូដែលបានថតទុកមុន និងបានបង្ហោះនៅមុនថ្ងៃបុណ្យណូអែល លោកហ្សេលេនស្គី បាន​លើក​ឡើង​ថា ប្រជាជនអ៊ុយក្រែនមានក្តីសង្ឃឹមរួមគ្នាមួយសម្រាប់សន្តិភាព ប៉ុន្តែលោកក៏បានទទួលស្គាល់នូវកំហឹង និងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាម​អស់រយៈពេលជិត៤ឆ្នាំមកនេះ។

លោកហ្សេលេនស្គី បានថ្លែងថា «ថ្ងៃនេះ យើងទាំងអស់គ្នាមានក្តីសុបិនតែមួយ។ យើងម្នាក់ៗប្រហែលជាលួចគិតក្នុងចិត្តថា សូមឲ្យរូបគេ (ពូទីន) ស្លាប់ទៅ ប៉ុន្តែនៅពេលដែលយើងបន់ស្រន់ចំពោះព្រះ ជាការពិតណាស់ យើងទាមទារលើសពីនេះ។ យើងសុំសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន»។

ការលើកឡើងនេះបានធ្វើឡើង ខណៈដែលលោក​ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថាបានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនជាថ្មីក្នុងកំឡុងរដូវវិស្សមកាល ដោយនិយាយថា ទីក្រុងមូស្គូបានកំណត់គោលដៅលើទីក្រុងនានារបស់អ៊ុយក្រែនម្តងទៀត ជាមួយនឹងដ្រូន មីស៊ីលបាលិស្ទិក និងអាវុធផ្សេងៗទៀត។ លោកបានបន្តថា ការវាយប្រហារបែបនេះបានបង្ហាញថា រុស្ស៊ី «គ្មានអ្វីដែលពាក់ព័ន្ធនឹងគ្រិស្តសាសនា ឬអ្វីដែលជាលក្ខណៈមនុស្សជាតិឡើយ»។

លោកពូទីន (រូបថត៖ Reuters)

សាររបស់មេ​ដឹក​នាំ​អ៊ុយក្រែន ត្រូវបានផ្សព្វផ្សាយចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកផ្លូវដែលអាចទៅរួចក្នុងការបញ្ចប់សង្គ្រាម។ កាលពីព្រឹកមុនថ្ងៃបុណ្យណូអែល លោកបានមានប្រសាសន៍ថា ទីក្រុងកៀវកំពុងពិភាក្សាលើសំណើនានា ដែលអាចរួមបញ្ចូលទាំងការបង្កើតតំបន់គ្មានយោធានៅតាមផ្នែកខ្លះនៃខ្សែត្រៀមជួរមុខ ទោះបីជាលោកបានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងណាមួយនឹងត្រូវមានការធានាផ្នែកសន្តិសុខ និងការយល់ព្រមពីសាធារណជនក៏ដោយ។

រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោកហ្សេលេនស្គីនោះទេ។ ទីក្រុងមូស្គូតែងតែបដិសេធការកំណត់គោលដៅលើជនស៊ីវិល ហើយនិយាយថា សកម្មភាពយោធារបស់ខ្លួនគឺក្នុងគោលបំណងការពារផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី។

ទោះបីជាមានការទាក់ទងគ្នាជាថ្មីតាមផ្លូវការទូតក៏ដោយ ក៏ការប្រយុទ្ធគ្នានៅតែបន្តនៅតាមសមរភូមិជាច្រើន ដោយអ៊ុយក្រែនបានរាយការណ៍ពីការខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធថាមពល ចំពេលមានលក្ខខណ្ឌអាកាសធាតុចុះត្រជាក់​ខ្លាំងក្នុងរដូវរងា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម