Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យស្ដីទី៖កម្ពុជាកំពុងប្រឹងប្រែងផ្នែកការទូត ដើម្បីការពារទឹកដី និងអធិបតេយ្យ សិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរប្រឆាំងការរំលោភបំពានពីថៃ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសកំពុងបន្តកិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូត យ៉ាងសស្រាក់សស្រាំ  ឥតឈប់ឈរឡើយ ដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា ការពារសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ការពារសម្បត្តិបេតិកភណ្ឌ ប្រឆាំងការរំលោភបំពានពីសំណាក់យោធាថៃ។ នេះបើតាមអ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹងសំណួររបស់អ្នកសារពត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ ជុំវិញកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយមានបទឈប់បាញ់រវាងយោធាកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំព​ាក្យស្ដីទីក្រសួងការបរទេស ចាន់ រតនា ថ្លែងថា៖«ក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៅតែបន្តកិច្ចប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន  ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដោយសង្កត់ធ្ងន់លើសិទ្ធរស់នៅរបស់ប្រជាជនស៊ីវិល។ »។

លោក ចាន់ រតនា បានគូសបញ្ជាក់ថា ក្រសួងការបរទេសព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោក  បន្តខិតខំជំរុញសហគមន៍អន្តរជាតិឲ្យផ្តល់ការគាំទ្រ និងជួយអន្តរាគមន៍ ដើម្បីឲ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅដ្ឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។ 

អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសសង្កត់ធ្ងន់ថា៖«យើងក៏បន្តជំរុញឲ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនចូលលំនៅដ្ឋាន ក៏ដូចជាការអនុវត្តវិធានការនានាដើម្បីពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជា ដែលគេបានប្រើកម្លាំងដណ្តើមកាន់កាប់  ហើយបែរមកសហការពន្លឿនការងាររបស់គណកម្មការចំរុះខ័ណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។»។

លោក ចាន់ រតនា បានថ្លែងបន្ថែមថា ក្នុងគោលដៅនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន និងកំពុងបន្តធ្វើការងារតាមច្រកផ្លូវការជាទ្វេភាគីជាមួយប្រទេសថៃ និងប្រាស្រ័យទាក់ទងគ្រប់កំរិតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលយកចិត្តទុកដាក់ដល់ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជាពិភពលោកទាំងមូល។ នៅកំរិតតំបន់កម្ពុជានឹងបន្តធ្វើការជាមួយហ្វីលីពីន ដែលជាប្រធាន អាស៊ានថ្មីហើយនិងបន្តប្រើប្រាស់យន្តការអាស៊ានដើម្បីជំរុញដំណើរការទៅសន្តិភាព និងភាពសុខដុមចីរកាលក្នុងគ្រួសារអាស៊ាន ដើម្បីរក្សា និងលើកស្ទួយកិត្តិនាមអាស៊ាន។

បើតាមលោក ចាន់ រតនា នៅលើវេទិកាអន្តរជាតិវិញ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្រុងញូយ៉ក និងក្រុងហ្សឺណែវ និងប្រចាំអង្គការពាក់ព័ន្ធ បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ និងបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃអង្គការ    សំខាន់ៗដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធាន និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការយូណេស្តូ ប្រធានកាកបាទក្រហមអន្តរជាតិ តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធមនុស្ស និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធលំនៅដ្ឋានរបស់អង្គការសិទ្ធមនុស្សជាដើម។

យោធាថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំ រយៈពេល២១ថ្ងៃមកលើកម្ពុជា ដោយបានគិតទុកជាមុន និងជាប្រព័ន្ធលើទីតាំងជាច្រើន និងសំរុកចូលទន្រ្ទានកាន់កាប់ និងឈរជើងលើទីតាំងចំនួន១៤ នៅក្នុងខេត្តចំនួនបួនដូចជាខេត្តពោធិ៍សាត់, បន្ទាយមានជ័យ, ឧត្ដរមានជ័យ និងព្រះវិហារ។

ក្នុងពេលចូលមកកាន់កាប់ទឹកដីកម្ពុជា បំពានផែនទីអន្តរជាតិ  យោធាថៃ បានវាយកម្ទេចផ្ទះសម្បែងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងបន្តបំបិទសិទ្ធិជនភៀសសឹកកម្ពុជាជាច្រើនមិនឱ្យត្រឡប់ទៅរស់នៅក្នុងលំនៅដ្ឋានវិញ។ តាមទិន្នន័យររបស់ក្រសួងមហាផ្ទៃ ពលរដ្ឋចំនួន១៥៥៥០៦នាក់ មិនទាន់អាចត្រឡប់ទៅរស់នៅផ្ទះសម្បែងវិញបានឡើយ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម