Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយ​ប្រាប់​ថា «មានតែព្រះទេទើប​ដឹង»

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការគេច​មិនព្រមឆ្លើយចំៗទៅនឹងសំណួរដែលសួរថា តើលោកនឹងបន្តក្រាញនៅក្នុងអំណាចរហូតដល់ឆ្នាំ ២០៣៦ ដែរឬទេ ដោយលោកបានលើកឡើងថា វានៅលឿនពេកហើយ ក្នុងការជជែកពីរឿងនេះ ហើយមានតែព្រះទេទើបដឹងច្បាស់រឿង​នេះ។

លោក ពូទីន (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង St. Petersburg កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៦ ជាមួយបណ្តានិពន្ធនាយកជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានចោទសួរលោក ពូទីន ចំៗថាតើលោកនឹងបន្តដឹកនាំប្រទេសរហូតដល់ឆ្នាំ ២០៣៦ ដែរឬទេ ហើយតើលោកមានកម្លាំងកំហែង និងសុខភាពមាំទាំគ្រប់គ្រាន់ ដើម្បីធ្វើការងារធ្ងន់ធ្ងរនេះ ក្នុងរយៈពេលវែងបែបនេះដែរទេ។ ភ្លាមៗនោះ លោក ពូទីន បានឆ្លើយតបវិញថា មានតែព្រះទេដែលដឹងថា ពួកយើងមានសុខភាពល្អគ្រប់គ្រាន់ដែរឬទេ ទាំងសម្រាប់រូបលោកផ្ទាល់ សម្រាប់អ្នកសួរ និងសម្រាប់អ្នកទាំងអស់គ្នាដែលអង្គុយនៅទីនេះ សូម្បីតែរឿងរស់រានមានជីវិតដល់ថ្ងៃស្អែក ឬថ្ងៃខាងមុខ ក៏មិនទាន់ដឹងផង ទម្រាំតែរឿងទៅដោះស្រាយភារកិច្ចធំៗ ឬសម្រេចគោលដៅវែងឆ្ងាយទៅ​ទៀត។

បុរសខ្លាំងរុស្ស៊ី ដែលបានក្តោបក្តាប់អំណាចកំពូលជាប្រធានាធិបតីផង និងជានាយករដ្ឋមន្ត្រីផងចាប់តាំងពីឆ្នាំ១៩៩៩ មក បានពន្យល់ថា បើផ្អែកតាមរដ្ឋធម្មនុញ្ញ រូបលោកពិតជាមានសិទ្ធិអាចឈរឈ្មោះបោះឆ្នោតម្តងទៀតនៅឆ្នាំ២០៣០ ហើយបើឈ្នះ គឺលោកអាចបន្តអាណត្តិដឹកនាំប្រទេសរហូតដល់ឆ្នាំ២០៣៦ ពិតប្រាកដមែន។

យ៉ាង​ណាមិញ លោក ពូទីន បានសង្កត់ធ្ងន់ទាំងទឹកមុខស្មើថា វាពិតជាលឿនពេកហើយ ក្នុងការនិយាយពីរឿងរ៉ាវ ដែលនឹងកើតឡើងនៅឆ្នាំ២០៣០។ លោកបានបញ្ជាក់​បែបស្មោះត្រង់ថា នៅពេលនេះ លោកមិនទាំងបានគិតដល់រឿងហ្នឹងបន្តិចណាឡើយ ព្រោះអ្វីដែលសំខាន់បំផុត សម្រាប់លោកនាពេលបច្ចុប្បន្ន គឺប្រទេសរុស្ស៊ីកំពុងតែប្រឈមមុខនឹងបញ្ហាធំៗ និងបន្ទាន់ជាច្រើន ដែលត្រូវដោះស្រាយជាដាច់ខាត ដោយមិនត្រូវចំណាយពេលមកអង្គុយគិតពីរឿងអំណាចផ្ទាល់ខ្លួននោះទេ ប៉ុន្តែត្រូវគិតពីអនាគតរបស់ប្រទេសជាតិទាំងមូលវិញទើបជាការត្រឹមត្រូវ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម