ព័ត៌មានជាតិ
ក្រសួងការងារ នាំឱកាសការងារជាង ២ ពាន់កន្លែង ជូនអតីតពលករ និងយុវជន ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង ២ ពាន់កន្លែង ជូនដល់អតីតពលករ និងយុវជន ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

កាលពីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ ម្សិលមិញ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឲ្យខ្មែរ” ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីនាំយកឱកាសការងារដោយផ្ទាល់ជូនដល់អតីតពលករ និងយុវជនក្នុងមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនោះ លោក សាន គឹមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំមកនូវដំណឹងដ៏រីករាយ ដោយបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុន សហគ្រាស និងរោងចក្រ ចំនួន ៥ កំពុងផ្ដល់ឱកាសការងារសរុបចំនួន ២ ៦៥០ កន្លែង លើមុខជំនាញផ្សេងៗ គ្នា។ វេទិកានេះបានទាក់ទាញប្រជាពលរដ្ឋ និងយុវជន ចូលរួមប្រមាណ ៥០០ នាក់ ដើម្បីស្វែងរកការងារធ្វើភ្លាមៗ និងចុះឈ្មោះចូលរៀនជំនាញ TVET។

ទន្ទឹមនឹងការផ្ដល់ការងារ លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការធ្វើការងារក្នុងស្រុកដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនតាមរយៈរបបសន្តិសុខសង្គម (ប.ស.ស) រួមមាន ៖ ការថែទាំសុខភាពផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារជាដើម។ ការងារក្នុងស្រុក មិនត្រឹមតែជួយឲ្យពលរដ្ឋបានរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារពួកគាត់ចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៀតផង។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តយ៉ាងមុតមាំដល់យុវជន និងពលករ ឲ្យចាប់យកឱកាសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសតាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលខ្ពស់នាពេលអនាគត។ នេះគឺជាគោលនយោបាយចម្បងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលបំណងផ្តល់ជំនាញ TVET យ៉ាងតិចមួយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សម្រាប់ប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


