ព័ត៌មានជាតិ
«TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នេះជាប្រធានបទសម្រាប់ទិវាជាតិ TVET ឆ្នាំនេះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) ជាលើកទី៩ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នាសាលមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងឆ្នាំនេះ TVET Day នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ ថា ក្នុងទិវាជាតិនាឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពបើករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងការដាក់បង្ហាញអំពីស្នាដៃរបស់សិស្សនិស្សិត ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព ព្រមទាំងការបង្ហាញអំពីមុខជំនាញបច្ចេកទេសនានា មានជំនាញរថយន្ត អេឡិចត្រូនិក អគ្គិសនី បរិក្ខាត្រជាក់ កែច្នៃចំណីអាហារ ភេសជ្ជៈ កសិកម្ម ជាដើម។ បន្ថែមពីនេះ ក៏មានការរៀបចំនូវវេទិកាពិភាក្សាចែករំលែកបទពិសោធពាក់ព័ន្ធនឹងជំនាញ TVET។

បើតាមអ្នកនាំពាក្យ មិនត្រឹមតែរៀបចំនៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រសួងការងារ ក៏នឹងរៀបចំទិវាជាតិនេះ នៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជាផងដែរ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សា អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និងផ្នែកឯកជន។
គោលបំណងនៃការរៀបចំទិវាជាតិនេះ ត្រូវបានលោក ស៊ុន មេសា គូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាការជំរុញដល់ការផ្សព្វផ្សាយដល់សិស្សានុសិស្ស យុវជន មាតាបិតាអាណាព្យាបាល និងវិស័យឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។

គួរជម្រាបថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


