Connect with us

ព័ត៌មានអន្ដរជាតិ

លោកគីម ប្រកាសផែនការសម្រុក​សាងសង់តំបន់ដ៏ធំមហិមា មុនពេលមហាសន្និបាតបក្ស

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសផែនការសម្រាប់​ការសាងសង់ដ៏ធំសម្បើមក្នុងឆ្នាំ​២០២៦ ដោយផ្តោតលើការអភិវឌ្ឍរោងចក្រឧស្សាហកម្ម មធ្យមណ្ឌលសុខភាពសាធារណៈ និងតំបន់កម្សាន្តនានាក្នុងតំបន់ចំនួន២០ ក្នុងពេលដំណាលគ្នា។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលានៅស្រុក Unnyul កាលពីថ្ងៃព្រហស្បតិ៍ លោកគីម បានចាត់ទុកគម្រោងទាំងនេះថាជា «ការតស៊ូដ៏មហិមា» ដើម្បីធ្វើទំនើបកម្មតំបន់ជនបទដែលមិនទាន់មានការអភិវឌ្ឍ និងកាត់បន្ថយគម្លាតសេដ្ឋកិច្ចជាមួយរដ្ឋធានីព្យុងយ៉ាង។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ការបញ្ចប់គម្រោងទាំងនេះនឹងមានន័យថា ជិតមួយភាគបីនៃទីក្រុង និងស្រុកនានានៅទូទាំងប្រទេស នឹងត្រូវផ្លាស់ប្តូរមុខមាត់ថ្មីក្រោមគោលនយោបាយអភិវឌ្ឍន៍តំបន់ «២០x១០» របស់រដ្ឋាភិបាល។

ការប្រកាសនេះ បានធ្វើឡើង​ខណៈដែលកូរ៉េខាងជើងកំពុងរៀបចំធ្វើមហាសន្និបាតលើកទី៩ នៃបក្សពលករកូរ៉េ ដែលត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅដើមខែកុម្ភៈខាងមុខ។ មហាសន្និបាត ដែលធ្វើឡើងរៀងរាល់៥​ឆ្នាំម្តង គឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ហើយត្រូវបានគេរំពឹងថានឹងកំណត់ផែនទីបង្ហាញគម្រោង​ជាតិ​សម្រាប់រយៈពេលកន្លះទសវត្សរ៍បន្ទាប់។ ទោះបីជាកាលបរិច្ឆេទជាក់លាក់នៃព្រឹត្តិការណ៍នេះមិនទាន់ត្រូវបានបញ្ចេញ​ឲ្យ​ដឹងក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សបានបោះឆ្នោតជ្រើសរើសប្រតិភូរួចរាល់ហើយសម្រាប់អង្គប្រជុំនេះ។ អ្នកជំនាញយល់ថា មហាសន្និបាតនេះក៏អាចនឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងមនោគមវិជ្ជាដឹកនាំរបស់លោកគីម និងគូសបញ្ជាក់ពីជំហររបស់របបនេះលើទំនាក់ទំនងអន្តរជាតិ និងវិស័យការពារជាតិផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម