Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសណាខ្លះនៅអាស៊ី ដែលស្ត្រី «ត្រូវតែ» ចូលបម្រើកងទ័ព ដោយខានមិនបាន?

បានផុស

នៅ

នៅពេលនិយាយអំពី «ច្បាប់កាតព្វកិច្ចយោធា» មនុស្សភាគច្រើនតែងតែគិតថា វាជាភារកិច្ចផ្តាច់មុខសម្រាប់តែបុរស។ ប៉ុន្តែនៅក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដែលពិភពលោក កំពុងជួបប្រទះវិបត្តិឱនភាពប្រជាសាស្ត្រ (ការធ្លាក់ចុះនៃអត្រាកំណើត) និងការកើនឡើងនៃជម្លោះប្រដាប់អាវុធ ប្រទេសមួយចំនួននៅតំបន់អាស៊ី បាននិងកំពុងផ្លាស់ប្តូរទស្សនៈនេះ ដោយតម្រូវឱ្យស្ត្រីចូលរួម ក្នុងជួរកងទ័ព ដោយខានមិនបានដូចបុរសដែរ។

ទាហាន​មីយ៉ាន់ម៉ា (រូបថត៖ TNH)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើប្រទេសណាខ្លះនៅអាស៊ី ដែលមានច្បាប់បង្ខំឱ្យស្ត្រីចូលធ្វើទាហាន? ហើយតើមានមូលហេតុអ្វីនៅពីក្រោយច្បាប់ទាំងនេះ?

១. កូរ៉េខាងជើង៖ ប្រទេស ដែលមានរយៈពេលកាតព្វកិច្ចយោធាវែងបំផុត សម្រាប់ស្ត្រី

នៅក្នុងតំបន់អាស៊ីខាងកើត កូរ៉េខាងជើង គឺជាប្រទេសលេចធ្លោជាងគេបំផុត ដែលបានអនុវត្តច្បាប់កាតព្វកិច្ចយោធាលើស្ត្រីយ៉ាងតឹងរ៉ឹងបំផុត។ ចាប់តាំងពីឆ្នាំ២០១៥ មក របបទីក្រុងព្យុងយ៉ាង បានប្រកាសដាក់ចេញនូវច្បាប់បង្ខំឱ្យស្ត្រីទាំងអស់ ដែលមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ (បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ) ត្រូវតែចូលបម្រើការ ក្នុងជួរកងទ័ព។

យោងតាមរបាយការណ៍សកលស្តីពីប្រព័ន្ធយោធា ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ Qazinform ស្ត្រីកូរ៉េខាងជើង ត្រូវបំពេញកាតព្វកិច្ចយោធារហូតដល់ទៅ ៥ឆ្នាំ ខណៈបុរសត្រូវបម្រើការរហូតដល់ ១០ឆ្នាំ។ មូលហេតុចម្បង ដែលនាំឱ្យកូរ៉េខាងជើងបង្ខំឱ្យស្ត្រីចូលធ្វើទាហាន គឺដោយសារតែប្រទេសនេះ ប្រឈមនឹងវិបត្តិស្រេក​ឃ្លាន និងកង្វះខាតកម្លាំងទាហានបុរសយ៉ាងធ្ងន់ធ្ងរ ដើម្បីរក្សាចំនួនកងទ័ពដ៏មហិមារបស់ខ្លួន។

២. មីយ៉ាន់ម៉ា៖ ការដាក់បញ្ចូលស្ត្រី ទៅក្នុងច្បាប់យោធាថ្មីៗនេះ

ងាកមកមើលតំបន់អាស៊ានវិញ មីយ៉ាន់ម៉ា (ភូមា) បានក្លាយជាប្រទេសចុងក្រោយគេបង្អស់ ដែលបានចាប់ផ្តើមអនុវត្តវិធានការនេះ។ បន្ទាប់ពីការធ្វើរដ្ឋប្រហារឆ្នាំ២០២១ ស្ថានភាពសន្តិសុខនៅក្នុងប្រទេស បានធ្លាក់ចុះយ៉ាងគំហុក។ នៅដើមឆ្នាំ២០២៤ របបសឹកមីយ៉ាន់ម៉ា បានប្រកាសអនុវត្តច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០១០ ឡើងវិញ ដែលច្បាប់នេះចែងថា មិនត្រឹមតែបុរសទេ ប៉ុន្តែស្ត្រីនៅលីវដែលមានអាយុចាប់ពី ១៨ ដល់ ២៧ឆ្នាំ ក៏ស្ថិតក្នុងលក្ខខណ្ឌត្រូវចូលបម្រើទ័ពផងដែរ។

បើតាមការស៊ើបអង្កេត និងរាយការណ៍ដោយសារព័ត៌មាន RFA អាជ្ញាធរយោធាមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រមូលបញ្ជីឈ្មោះស្ត្រី ដែលគ្រប់អាយុនៅតាមតំបន់មួយចំនួនដូចជា ទីក្រុង Yangon និងរដ្ឋ Mon សំដៅយកទៅហ្វឹកហ្វឺនយោធា។ យោងតាមប្រភពដដែល ជំហាននៃការកេណ្ឌស្ត្រីចូលបម្រើទ័ពនេះ ឆ្លុះបញ្ចាំងពីភាពទាល់ច្រករបស់របបសឹក ក្នុងការបំពេញកម្លាំងទ័ពឡើងវិញ បន្ទាប់ពីទាហានបុរសជាច្រើនបានពលី រងរបួស ឬរត់ចោលជួរនៅក្នុងសង្គ្រាមស៊ីវិល។

ទាហាន​មីយ៉ាន់ម៉ា (រូបថត៖ TNH)

ចុះរដ្ឋ​ផ្សេងទៀត នៅអាស៊ីវិញ?

ខណៈពេលដែលមានតែ កូរ៉េខាងជើង និង មីយ៉ាន់ម៉ា ប៉ុណ្ណោះដែលអនុវត្តច្បាប់ «បង្ខំ» ជាផ្លូវការលើស្ត្រី នាពេលបច្ចុប្បន្ន ប្រទេសធំៗមួយចំនួនទៀត ក្នុងតំបន់អាស៊ី ក៏កំពុងស្ថិត ក្នុងដំណាក់កាលជជែកដេញដោលគ្នាយ៉ាងក្តៅគគុកផងដែរ៖

កូរ៉េខាងត្បូង៖ បច្ចុប្បន្ន ច្បាប់កូរ៉េខាងត្បូង បង្ខំតែបុរសប៉ុណ្ណោះឱ្យធ្វើទាហានរយៈពេល ១៨ ទៅ ២១ខែ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអត្ថបទវិភាគរបស់ស្ថាប័នព័ត៌មានស្ត្រី The Fuller Project ដោយសារតែអត្រាកំណើតធ្លាក់ចុះទាបបំផុតក្នុងលោក ធ្វើឱ្យចំនួនកងទ័ពកូរ៉េខាងត្បូងថយចុះយ៉ាងខ្លាំង ដូចនេះ អ្នកនយោបាយ និងអ្នកជំនាញការពារជាតិជាច្រើន បានស្នើឱ្យមានការកែទម្រង់ច្បាប់ ដើម្បីកេណ្ឌស្ត្រីចូលបម្រើទ័ពដូចបុរសដែរ នាពេលអនាគត។

តៃវ៉ាន់៖ ស្រដៀងគ្នានឹងកូរ៉េខាងត្បូងដែរ កម្តៅនយោបាយរវាងកោះតៃវ៉ាន់ និងចិនដីគោក បានធ្វើឱ្យមានការជជែកដេញដោលថាតើគួរយកគំរូតាមប្រទេសអ៊ីស្រាអែល ដោយតម្រូវឱ្យស្ត្រីចូលរួមក្នុងកាតព្វកិច្ចយោធាដែរឬទេ ដើម្បីពង្រឹងកម្លាំងការពារជាតិសរុប។

សម្រាប់ប្រទេសកម្ពុជាវិញ ច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលត្រូវបានអនុម័ត គឺតម្រូវតែលើពលរដ្ឋជា «បុរស» តែប៉ុណ្ណោះ ចំណែកឯស្ត្រីវិញ គឺត្រូវបានអនុញ្ញាតឱ្យចូលរួមដោយឈរលើគោលការណ៍ «ស្ម័គ្រចិត្ត»។

សរុប​មក​ ការដាក់បញ្ចូលស្ត្រីទៅក្នុងច្បាប់កាតព្វកិច្ចយោធានៅអាស៊ី មិនមែនធ្វើឡើង ដើម្បីតែភាពស្មើគ្នារវាងបុរសនិងស្ត្រី (Gender Equality) នោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្ររស់រានមានជីវិតរបស់ជាតិ ក្នុងការដោះស្រាយវិបត្តិ បំពេញ​កម្លាំងទ័ព និងទប់ទល់​នឹង​ការគំរាមកំហែងផ្នែកសន្តិសុខ ដែលមិនអាចជៀសវាងបាន៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម