ព័ត៌មានជាតិ
ក្រសួងព័ត៌មាន និងអង្គការដៃគូ រៀបចំគោលការណ៍ណែនាំពីការរាយការណ៍ព័ត៌មាន ដើម្បីការពារសិទ្ធិកុមារ ស្ត្រី និងជនងាយរងគ្រោះ
ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំមួយជាមួយតំណាងអង្គការអន្តរជាតិជាដៃគូ ដើម្បីពិភាក្សាលើក្របខណ្ឌនៃកិច្ចសហការរៀបចំ “គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន” សំដៅធានាការលើកកម្ពស់និងការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។

នេះជាគំនិតផ្ដួចផ្ដើមមួយទៀត ក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ជាពិសេសការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ក្នុងក្របខណ្ឌច្បាប់ និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដែលក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គោលដៅចម្បងគឺការបង្កើតនូវវិធានជាក់លាក់ និងយន្តការសហការរវាងក្រសួង និងក្រុមបណ្តាញអង្គការ ដើម្បីធានាថាការរាយការណ៍ព័ត៌មានក្នុងសម័យឌីជីថល មិនបង្កផលប៉ះពាល់ដល់សិទ្ធិបុគ្គល និងគុណតម្លៃសង្គមឡើយ។

កិច្ចប្រជុំខាងលើ ដឹកនាំដោយ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងតំណាងអង្គការអន្តរជាតិដៃគូមកពីអង្គការ Plan International Cambodia, អង្គការ Save the Children Cambodia, អង្គការ World Vision International, អង្គការ UNICEF Cambodia និង អង្គការ Care ។ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើការបង្កើតក្របខណ្ឌនៃកិច្ចសហការ និងយន្តការជាក់លាក់សម្រាប់គាំទ្រដល់ដំណើរការនៃការរៀបចំគោលការណ៍ណែនាំ។
អ្នកនាំពាក្យ ចាត់ទុកថា ការរៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាននេះ ជាការបន្តកិច្ចខិតខំប្រឹងប្រែងនៅក្នុងក្របខណ្ឌនៃបេសកកម្មក្នុងអាណត្តិទី៧របស់ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងនោះរាប់បញ្ចូលទាំងការបន្តលើកកម្ពស់ភាពជាដៃគូជាមួយគ្រប់តួអង្គទាំងអស់នៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សំដៅអភិវឌ្ឍ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មានក៏បានឆ្លៀតឱកាសនោះអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវចូលរួមគោរពក្រមសីលធម៌ កុំផ្សព្វផ្សាយនូវព័ត៌មានណា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ហើយតាមរយៈការរាយការណ៍ព័ត៌មាន ត្រូវចូលរួមសកម្មក្នុងការការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ ការរៀបចំគោលការណ៍ណែនាំបន្ថែមនេះ នឹងជួយដល់អ្នកសារព័ត៌មានក្នុងការអនុវត្តការងារប្រចាំថ្ងៃ ធានាការផ្សាយព័ត៌មានដោយសុក្រិត ត្រឹមត្រូវ ជាមួយការទទួលខុសត្រូវ ពិសេសពេលរាយការណ៍អំពីកុមារ ស្ត្រី និងជនងាយរងគ្រោះ។
លោក ទេព អស្នារិទ្ធ វាយតម្លៃថា ការសហការរវាងក្រសួងព័ត៌មាន និងក្រុមបណ្តាញអង្គការមិនមែនរដ្ឋាភិបាល នេះ ជាការបោះជំហានថ្មីមួយទៀត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ បន្ថែមពីនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសការធានានូវការការពារសិទ្ធិបុគ្គល និងសន្តិសុខព័ត៌មាននៅកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


