Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឲ្យមន្ទីរព័ត៌មានខេត្តកំពង់ធំ ខិតខំរក្សា និង ពង្រឹងបណ្ដាញព័ត៌មាននៅតាមបណ្តាភូមិ ឃុំ និង ស្រុក/ក្រុង ដើម្បីជំរុញប្រសិទ្ធភាព នៃការឆ្លើយតប និង គ្រប់គ្រងព័ត៌មានឲ្យកាន់តែប្រសើរ សម្រាប់ជាប្រយោជន៍សាធារណៈ ពិសេសផ្តល់សុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋដើម្បីធានាស្ថិរភាព សណ្តាប់ធ្នាប់សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និង សាធារណមតិ និង ការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងប្រតិភូក្រសួង និង មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផលិត និង ផ្សព្វផ្សាយព័ត៌មានបានរហ័ស និង ទាន់សភាពការណ៍ ដើម្បីគ្រប់គ្រងសាធារណមតិនាពេលកន្លងមក។ ការពង្រឹងបណ្តាញព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាក់ថ្នាក់ក្នុងខេត្ត ជាកិច្ចការដ៏ចាំបាច់ហើយត្រូវធ្វើឡើងតាមរយៈចងក្រងបង្កើតជាគ្រុបបណ្តាញទំនាក់ទំនងការងារព័ត៌មាន ក្នុងនោះមានបណ្តាញសង្គមហ្វេសបុក ម៉េសិនជ័រ(Messenger) និង តេឡេក្រាម ជាដើម ដែលជាមធ្យោបាយទំនាក់ទំនងព័ត៌មានជំរុញប្រសិទ្ធភាពការងារគ្រប់គ្រងព័ត៌មាន និង សាធារណមតិ។

ទន្ទឹមនឹងនេះ លោកអ្នកនាំពាក្យ បានណែនាំ និង ជំរុញឲ្យមន្ទីរព័ត៌មានខេត្ត ផ្តោតលើការផលិតមាតិកាបែបអប់រំផ្សព្វផ្សាយខ្លីៗ ឲ្យបានច្រើន ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីអាទិភាពវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាស្ថិរភាពសង្គម និង ការពារសន្តិសុខជាតិកម្ពុជា។

លោកក៏បានផ្តល់អនុសាសន៍ជាក់លាក់ទាក់ទងនឹងទម្រង់ និង ប្រធានបទជាមួយខ្លឹមសារដែលក្រុមការងារព័ត៌មាន និង សាធារណមតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

លោកបានសង្កត់ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ការចូលចិត្តប្រើបណ្តាញសង្គម ពិសេសក្នុងទម្រង់ reel ក្នុង facebook ឬ tiktok challenge ទទួលបានប្រជាប្រិយភាពច្រើនពីសំណាក់ពលរដ្ឋក្នុងការទទួល និង ចែករំលែកព័ត៌មាន ដូច្នេះ ក្រុមការងារ នៃមន្ទីរព័ត៌មាន ត្រូវខិតខំស្វែងយល់ពីបច្ចេកទេសថ្មីៗ ដើម្បីផលិតមាតិកាប្រភេទទាំងនេះ និង ត្រូវបន្តគិតគូររៀបចំផែនការផលិតវីដេអូខ្លីៗ ជាមួយសារអប់រំអក្ខរកម្មព័ត៌មាន ដែលអាចជួយពង្រឹងខែលការពារឌីជីថលដល់ប្រជាពលរដ្ឋឲ្យចេះវិភាគ ពិចារណា និង មិនធ្លាក់ក្នុងឧបាយកល នៃការចែកចាយព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយក្រុមខិលខូច ក្នុងគោលបំណងបំពុលសង្គម និង បំផ្លាញស្ថិរភាពជាតិ។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់បន្ថែមថា ការចេះសម្របខ្លួនបានលឿនលើបច្ចេកទេសផលិត និង ផ្សព្វផ្សាយឲ្យស្របការវិវត្ត នៃបច្ចេកវិទ្យា និង តម្រូវការព័ត៌មានក្នុងសង្គមឌីជីថល ពិសេសដើម្បីជំរុញមាតិកាព័ត៌មានពិត មានភាពទាក់ទាញ ស្របតាមការចូលចិត្តទទួលព័ត៌មាននាពេលបច្ចុប្បន្ន វាជាការពង្រឹងសមត្ថភាពជំនាញទាន់សម័យកាល និង បង្កើនលទ្ធភាពក្នុងការបញ្ជ្រាបព័ត៌មានពិត មានគុណភាព ក៏ដូចជាសារអប់រំផ្សេងៗ សំដៅការពារសន្តិសុខព័ត៌មានជាតិ បន្សាបឥទ្ធិពល នៃព័ត៌មានក្លែងក្លាយ និង រក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និង ស្ថិរភាពនៅក្នុងសង្គមឌីជីថល។ ដូចគ្នានេះដែរ ការចាក់បញ្ចូលខ្លឹមសារ ដើម្បីលើកកម្ពស់ការយល់ដឹងអក្ខរកម្មព័ត៌មាន និង ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់បណ្តាញសង្គមមានសារៈសំខាន់បែបយុទ្ធសាស្ត្រ ក្នុងការជំរុញកម្លាំងចលករវិជ្ជមានក្នុងការអភិវឌ្ឍសង្គមជាតិ ពិសេសចូលទៅដល់ស្រទាប់យុវជនបានប្រសើរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃព័ត៌មានមិនពិតនៅក្នុងសហគមន៍។ ជាងនេះទៀត កិច្ចខិតខំនេះរួមចំណែកក្នុងការបង្កើតភាពធន់ក្នុងយុគសម័យឌីជីថល សំដៅធានាថាប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពពេញលេញ ក្នុងការស្វែងយល់ ត្រិះរិះពិចារណា និង បដិសេធរាល់ខ្លឹមសារបំពុល បំផ្លើស បំភ្លៃ ដែលមានចេតនាបំភាន់ និង បង្កចលាចលក្នុងសង្គម។

នាឱកាសនោះដែរ លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកទឹកចិត្តឲ្យមន្ត្រី នៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់លើការងារសាធារណមតិ និង អនុវត្តយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយជំហានទី ២ ឲ្យទទួលបានជោគជ័យ។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រុមការងារមន្ទីរ នឹងខិតខំផលិតមាតិកា និង វីដេអូខ្លីៗ ឲ្យកាន់តែទាក់ទាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះ ក្រុមការងារសម្របសម្រួលព័ត៌មាន និង សាធារណមតិ នឹងបន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរជាមួយថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព ពិសេសការរក្សា និង ពង្រឹងបណ្តាញព័ត៌មានជាមួយអាជ្ញាធរក្នុងក្រុង-ស្រុក ឃុំ និង រហូតដល់ភូមិ ដើម្បីគ្រប់គ្រងព័ត៌មាន និង សាធារណមតិទាន់ពេលវេលាជូនប្រជាពលរដ្ឋ និង លើកកម្ពស់ការទទួលព័ត៌មានពិត ដើម្បីសុវត្ថិភាពព័ត៌មានក្នុងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម