Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមបើកមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាផ្លូវការនៅក្រុងហូជីមិញ

បានផុស

នៅ

ប្រទេសវៀតណាម​កាលពីថ្ងៃពុធ បាន​បើកជាផ្លូវការនូវ​ «មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម» ​​នៅ​ក្រុងហូជីមិញ (VIFC-HCMC) ​ក្នុងសង្កាត់ Saigon Ward ​។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើក​ដំណើរការជាផ្លូវការនៃ​មជ្ឈមណ្ឌលនេះ គឺជា​ជំពូកថ្មីក្នុងការធ្វើសមាហរណកម្មហិរញ្ញវត្ថុអន្តរជាតិ​របស់​វៀតណាម​ និងជាការបោះជំហានដ៏សំខាន់​សម្រាប់​ប្រទេស​ ជាពិសេស​ទីក្រុងហូជីមិញផ្ទាល់ ក្នុងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុទំនើប និងមានតម្លាភាព ដែលមានសមត្ថភាពភ្ជាប់លំហូរមូលធនសកលជាមួយនឹងសេដ្ឋកិច្ចពិតប្រាកដ។

ថ្លែងក្នុងពិធីបើកដំណើរការ លោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញ ឈិញ ​បាន​បញ្ជាក់ថា​ ចំពេលដែលពិភពលោកផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ​ការប្រកួតប្រជែងជាយុទ្ធសាស្ត្រឱ្យ​កាន់តែខ្លាំងឡើង និងការផ្លាស់ប្តូរលំហូរមូលធនអន្តរជាតិឆ្ពោះទៅរកមជ្ឈមណ្ឌល​កំពុងរីកចម្រើន ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅ​វៀតណាម គឺជារឿងជៀសមិនរួច និងជាការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ។

លោក​បាន​លើកឡើថា VIFC-HCMC មិនត្រឹមតែជាកន្លែងដែលមូលធនប្រមូលផ្តុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែជា «ហេដ្ឋារចនាសម្ព័ន្ធទន់» នៃសេដ្ឋកិច្ចរបស់ប្រទេស។​

មជ្ឈមណ្ឌល​ដដែល ដើរតួនាទីយ៉ាងសំខាន់ក្នុងការបែងចែកធនធាន ការផ្តល់ឧបករណ៍ហិរញ្ញវត្ថុទំនើបៗ ពង្រឹងភាពប្រកួតប្រជែងជាតិ និងជួយ​វៀតណាមផ្លាស់ប្តូរពី «​អ្នក​ទទួលដើមទុន» ទៅជា «អ្នកបង្កើតទីផ្សារ» ដ៏សកម្ម។

ដោយឡែក​លោក ង្វៀន វ៉ាន់ ឌឿក (Nguyen Van Duoc) ប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ បានបញ្ជាក់ថា មជ្ឈមណ្ឌលនេះមិនមែនជាគម្រោងឯករាជ្យទេ ប៉ុន្តែជាបេសកកម្មយុទ្ធសាស្ត្ររយៈពេលវែង ដែលស្របនឹងមហិច្ឆតារបស់ទីក្រុង ក្នុងការលើកកម្ពស់​ក្រុង​នៅលើផែនទីហិរញ្ញវត្ថុ​ទាំង​តំបន់ និងពិភពលោក។

គួរគូសបញ្ជាក់ថា VIFC-HCMC ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ីបើកចំហ ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចពិតប្រាកដ​ ដោយបម្រើដោយផ្ទាល់នូវតម្រូវការមូលធនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ភស្តុភារកម្ម ការផ្លាស់ប្តូរបៃតង នវានុវត្តន៍ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងទីក្រុងហូជីមិញ និងទូទាំងប្រទេស។ VIFC-HCMC ក៏​មានបំណងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេ​ក្នុងតំបន់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម