Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញវាយនភណ្ឌវៀតណាម​កើនឡើង ប៉ុន្តែការបញ្ជាទិញធ្លាក់ចុះ

បានផុស

នៅ

​ការនាំចេញ​វាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម​បាន​កើនឡើង ប៉ុន្តែឧស្សាហកម្ម​នេះ​កំពុងប្រឈម​មុខនឹងហានិភ័យ​ផ្សេងៗ​ ​ដោយ​ការបញ្ជាទិញនៅត្រីមាសទី២ ​រំពឹងថានឹង​ធ្លាក់ចុះយ៉ាងខ្លាំងចន្លោះ ២០-២៥%។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យពី​សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (Vitas) បាន​បង្ហាញថា ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាម បាន​កើនដល់ ​១៤,៥៣ ប៊ីលាន​ដុល្លារ នៅរយៈពេល ៤ ខែដើមឆ្នាំ ដោយ​កើនឡើង ៤,៣% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន។ ​​​​សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេសម្រាប់វៀតណាម​។

តួលេខ​នេះបង្ហាញថា ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់បានរក្សាសន្ទុះកំណើន ទោះបីជាមានការប្រែប្រួលជាបន្តបន្ទាប់នៅក្នុងសេដ្ឋកិច្ចពិភពលោកក៏ដោយ។ ​ប៉ុន្តែ តាមពិតទៅ វិស័យនេះក៏​កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផងដែរ។

លោក Nguyễn Hùng Quý អគ្គនាយកក្រុមហ៊ុនវាយនភណ្ឌ Vinatex Textile and Garment Southern Corporation Limited Liability Company បាន​ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ​ការធ្លាក់ចុះនៃតម្រូវការសកលបានបណ្តាលឱ្យការបញ្ជាទិញថ្មីៗ​មានតិច ខណៈ​អ្នកទិញមួយចំនួនថែមទាំងបានកាត់បន្ថយ ឬលុបចោលការបញ្ជាទិញទៀតផង។

លោក​បាន​​បន្ត​ថា បរិមាណ​ការ​បញ្ជា​ទិញ​ក្នុង​ត្រីមាស​ទី​២ ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី ២០ ទៅ ២៥%​ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លើស​ពី​នេះ ខ្សែ​​ច្រវ៉ាក់​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដែល​នាំ​ចូល​ពី​​ចិន​ បាន​ប្រឈម​នឹង​ការ​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត។ ជា​លទ្ធផល រោងចក្រ​ផលិត​ត្រូវ​បង្កើន​ការ​ប្តូរ​វេន​ថែម​ម៉ោង ​ដើម្បី​បំពេញ​តាម​កាលវិភាគ​ដឹក​ជញ្ជូន​ដែល​កាន់​តែ​តឹងតែង។

ប្រធាន Vitas លោក Vũ Đức Giang បាន​ថ្លែងថា ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម ត្រូវតែប្រឹងប្រែង​រក្សាការបញ្ជាទិញដែលមានស្រាប់ ដើម្បីសម្រេចបានគោលដៅនាំចេញចំនួន ៥០ ​ប៊ីលានដុល្លារនៅឆ្នាំនេះ។

ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ឧស្សាហកម្មនេះត្រូវធ្វើការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទីផ្សារ ផលិតផល និងបច្ចេកវិទ្យារបស់ខ្លួន។ លោកក៏បាននិយាយផងដែរថា ការពង្រីកទីផ្សារនាំចេញ​ និងការស្វែងរកអតិថិជនបន្ថែមទៀត គួរតែជាយុទ្ធសាស្ត្ររយៈពេលវែងដ៏សំខាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម