Connect with us

ព័ត៌មានអន្ដរជាតិ

តើពិភពលោកត្រូវត្រៀមខ្លួនបែបណា បើសង្គ្រាមនៅអ៊ីរ៉ង់អូសបន្លាយពេលយូរ?

បានផុស

នៅ

បន្ទាប់ពីបើកប្រតិបត្តិការ Epic Fury វាយប្រហារអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ទី២៨ខែកុម្ភៈឆ្នាំ២០២៦ ដោយមានការចូលដៃជាមួយអ៊ីស្រាអែលផងនោះ សង្គ្រាមនៅមជ្ឈិមបូព៌ាក៏រីកធំ និងរាលដាលពេញតំបន់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា ប្រតិបត្តិការនេះអាចចាយពេល ៤-៥សប្តាហ៍ ដ្បិតអ្នកវិភាគមួយចំនួនមើលឃើញថា វាមិនងាយនឹងចប់ទេ ព្រោះមានភាគីច្រើនឡើងៗលូកដៃចូលមកពាក់ព័ន្ធ ហើយអ្វីដែលគេបារម្ភបំផុតនៅពេលនេះគឺ វាកំពុងមានហានិភ័យផ្ទុះសង្គ្រាមលោកលើកទី៣ ឬឈានដល់សង្គ្រាមនុយក្លេអ៊ែរ។

ប្រសិនបើសង្គ្រាមដ៏ប្រល័យបែបនេះផ្ទុះឡើងមែន វានឹងប៉ះពាល់ជាសកល លើគ្រប់ផ្នែកនិងវិស័យតែម្តង។ ដូច្នេះតើពិភពលោកត្រូវត្រៀមខ្លួនបែបណា បើសង្គ្រាមនៅអ៊ីរ៉ង់អូសបន្លាយពេលយូរ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

🛑វិបត្តិថាមពល និងតម្លៃប្រេង

អ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងជិត ២០% នៃតម្រូវការពិភពលោក។ ដូច្នេះប្រទេសនានាត្រូវបង្កើន «ស្តុកប្រេងយុទ្ធសាស្ត្រ» និងពន្លឿនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងពីមជ្ឈិមបូព៌ា ហើយតម្លៃទំនិញគ្រប់មុខនឹងឡើងថ្លៃ ដោយសារថ្លៃដឹកជញ្ជូនកើនឡើង។

លោក Daniel Yergin អ្នកជំនាញផ្នែកថាមពល និងជាអ្នកនិពន្ធសៀវភៅ «The New Map» បានព្រមានថា ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបិទឬរងការវាយប្រហារ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ក្នុងវិបត្តិអតិផរណាធ្ងន់ធ្ងរបំផុត។

🛑 ការគំរាមកំហែងពីសង្គ្រាមប្រូកស៊ី និងភេរវកម្ម

ដូចដែលលោក ត្រាំ និងមន្ត្រីអ៊ីស្រាអែលលើកឡើងអ៊ីចឹង, អ៊ីរ៉ង់គឺមានបណ្តាញកងទ័ពប្រូកស៊ីច្រើន។ ដូច្នេះ ប្រទេសនានាត្រូវពង្រឹងសន្តិសុខផ្ទៃក្នុង ដើម្បីការពារការវាយប្រហារសងសឹកពីសំណាក់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ទៅលើស្ថានទូត ឬមូលដ្ឋានទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅជុំវិញពិភពលោក។

ពាក់ព័ន្ធរឿងនេះ លោក Charles Lister អ្នកវិភាគប្រចាំអង្គការវិទ្យាស្ថានមជ្ឈិមបូព៌ាមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក យល់ឃើញថា ទោះអាមេរិកកម្ទេចកងទ័ពអាកាសនិងជើងទឹកអ៊ីរ៉ង់បានក៏ដោយ ប៉ុន្តែ «សង្គ្រាមមិនសមមាត្រ» (Asymmetric warfare) តាមរយៈក្រុម ហេសបូឡា ឬសកម្មភាពភេរវកម្មនៅក្រៅប្រទេស គឺជាអ្វីដែលពិបាកគ្រប់គ្រងបំផុត។

🛑 វិបត្តិជនភៀសខ្លួននិងមនុស្សធម៌

សង្គ្រាមអូសបន្លាយនឹងធ្វើឲ្យប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ភៀសខ្លួនចេញទៅប្រទេសជិតខាង និងឆ្ពោះទៅអឺរ៉ុប។ ដូចនេះ អង្គការអន្តរជាតិនិងប្រទេសនៅភូមិផងរបងជាមួយ ត្រូវរៀបចំជម្រក និងជំនួយស្បៀងអាហារ ដើម្បីបង្ការវិបត្តិមនុស្សធម៌ដ៏ធំ ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គមក្នុងតំបន់។

🛑 ការបែកបាក់ប៉ូលអំណាចពិភពលោក

ពិតណាស់ សង្គ្រាមនេះនឹងបែងចែកពិភពលោកជាពីរច្បាស់ៗ៖ ម្ខាងគាំទ្រអាមេរិក/អ៊ីស្រាអែល និងម្ខាងទៀតគាំទ្ររុស្ស៊ី ចិន និងកូរ៉េខាងជើង ដែលអាចនឹងជួយអ៊ីរ៉ង់ដោយប្រយោល ឬផ្ទាល់។

ដូច្នេះ ប្រទេសតូចៗត្រូវប្រកាន់យកគោលនយោបាយការបរទេសដ៏ឆ្លាតវៃ ដើម្បីចៀសវាងការធ្លាក់ចូលក្នុងជម្លោះមហាអំណាច និងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម